ដោយ:ប.ជ័យ / បន្ទាយមានជ័យ :នាយសេនាធិការនិងជាមេបញ្ជាការរងយោធភូមិភាគទី៥ បានអះអាងថា លោកអនុញ្ញាតឲ្យកងកម្លាំងការពារព្រំដែនដើរល្បាតព្រំដែនកម្ពុជា ថៃរាល់ថ្ងៃ ព្រោះកុំឲ្យបទពិសោធន៍មិនល្អដែលភាគីម្ខាងទៀត យកទំនាស់ផ្ទៃក្នុងរបស់ខ្លួនឯណានោះ (ដូចកាលពីឆ្នាំ២០០៨ ?) ហើយមកធ្វើឲ្យខូចខាតបរិស្ថាន ស្ថានភាពដើមព្រំដែន ដែលប្រាសចាកពីអនុស្សរណៈយោគយល់គ្នាកម្ពុជា ថៃឆ្នាំ២០០០ ។
លោកឧត្តមសេនីយ៍ទោ សេង ធារិន មេបញ្ជាការរងនិងជានាយសេនាធិការយោធភូមិភាគទី៥ថ្លែងដូច្នេះ ក្នុងពិធីបិទវគ្គហ្វឹកហ្វឺនពង្រឹងយោធាបាញ់គ្រាប់ពិតនៃតំបន់ប្រតិបត្តិការសឹករងខេត្តបន្ទាយមានជ័យនៅថ្ងៃទី១៨ខែធ្នូនេះ។
លោកឧត្តមសេនីយ៍ទោបានបន្តថាកាលពីថ្ងៃទី៩ខែវិច្ឆិកានេះមានបាតុភាពមិនប្រក្រតីដែលកម្លាំងម្ខាង( ដែលទំនងសំដៅកម្លាំងថៃ) បានលួចចូលដោះមីននៅចន្លោះបង្គោលព្រំដែនលេខ៣២និង៣៣ នៅភូមិសាមគ្គីឃុំគោករមៀតស្រុកថ្មពួក ។តែរឿងហ្នឹងបានដោះស្រាយ រៀបរយហើយ ។រើចេញហើយ ។ដោយចៀសវាងបន្ទោសកងកម្លាំងការពារព្រំដែនទាំងយោធានិងនគរបាលដែលឈរជើងទទួលខុសត្រូវ លោកថា កងកម្លាំង មិនត្រូវឲ្យមានបទពិសោធន៍បែបហ្នឹងកើតឡើងទៀតទេ ។ព្រោះថា តែគេដោះមីនរួច គេឆ្ការព្រៃ រួចគេភ្ជួរ ហើយដាំដំឡូង ។បន្ទាប់មកដេញមិនចេញ គេថាដីគេ ។ហើយយើង(កងកម្លាំង) នឹងមានឈ្មោះក្នុងប្រវត្តិសាស្ត្រដែលធ្វើឲ្យបាត់ដីព្រំដែន នៅចំណុចនោះ ។ដូច្នេះ ត្រូវទប់ទល់នឹងឧបាយកលបែបនេះ ។
បន្ថែមលើនោះ លោកក៏បានបញ្ជាឲ្យកងកម្លាំងការពារព្រំដែនបន្តតាមដាននូវបាតុភាពនៅបង្គោលព្រំដែនលេខ២៧( លើភ្នំដងរែក(នៅភូមិថ្មរមៀលឃុំបន្ទាយឆ្មារស្រុកថ្មពួក) និងនោព្រំដែននាភូមិចម្ការគរ( ភូមិចម្ការគឃុំ/ស្រុកស្វាយចេក ) ឲ្យបានម៉ត់ចត តើគេឈប់ធ្វើអីឬនៅ? ។
លោកបានអនុញ្ញាតថា ពីនេះទៅ កងកម្លាំងការពារព្រំដែនក្នុងភូមិសាស្ត្រភូមិភាគនេះ អាចដើរល្បាតព្រំដែនរាល់ថ្ងៃបាន ៕សរន