Home ព័ត៌មានជាតិ សន្តិសុខ ​បើករថយន្ត​ទា...

​បើករថយន្ត​ទាំង​ស្រវឹង និង​ខុស​គន្លង ទៅបុក​ម៉ូតូ ប្តី​ស្លាប់ ប្រពន្ធ របួសធ្ងន់​

​ដោយៈ ចាន់តូ / ភ្នំពេញៈ បុរស​ម្នាក់ បើករថយន្ត​ឡិច​ស៊ី​ស LX450 ក្នុង​ល្បឿន​លឿន ហើយ​បាន​បើក​ខុស​គន្លង របស់​ការដ្ឋាន​ដាក់លូ ដោយ​គេ​ដាក់​របាំង​ដែក ពុះ​ចែក​មួយ​ចំហៀង​ថ្នល់ ធ្វើជា​ផ្លូវ​ទៅមក ជ្រុល​ទៅបុក​ម៉ូតូ​ហុងដា ឌ្រី​ម បណ្តាល​ឲ្យ​ប្តី ស្លាប់ ឯ​ប្រពន្ធ រងរបួស​ធ្ងន់​។

ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​នេះ បានកើត​ឡើង នៅវេលា​ម៉ោង ៨​និង​២០​នាទី យប់ ថ្ងៃ​សុក្រ ទី​១៨ ខែធ្នូ ឆ្នាំ​២០២០ នៅលើ​កំណាត់​ផ្លូវជាតិ​លេខ​៣ មុខ​កងពលតូច​លេខ​៧០ ស្ថិតក្នុង​ភូមិ​ព្រៃ​ព្រីង​ត្បូង​២ សង្កាត់​ចោមចៅ​ទី​២ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។​

​ជនរងគ្រោះ ដែល​ស្លាប់​មានឈ្មោះ សុន ណង់ អាយុ ៣៦ ឆ្នាំ មុខរបរ ធ្វើ​សំណង់ រស់នៅ​ភូមិ​លេខ​១ ឃុំ​ស្វាយ​រលំ ស្រុក​ស្អាង ខេត្តកណ្តាល ។ ចំណែកឯ​ប្រពន្ធ​របស់គាត់ ដែល​រងរបួស​ធ្ងន់ មានឈ្មោះ យី សុខ​គី អាយុ ៣២ ឆ្នាំ មុខរបរ ធ្វើការ​រោងចក្រ នៅ​ផ្លូវជាតិ​លេខ​៣ ម្តុំ​ភូមិ​ព្រៃ​ព្រីង សង្កាត់​ចោមចៅ​ទឺ​២ ខណ្ឌ​ពោ​ធិ៏​សែន​ជ័យ​។ ចំណែក​អ្នកបើករថយន្ត​បង្ក មានឈ្មោះ ភិន សុ​ផន ភេទ​ប្រុស មុខរបរ យោធា បញ្ជាការដ្ឋាន​កងទ័ព​ជើងគោក កងឯកភាព​ខុ​ន្ទ​កាល័យ ឋានន្តរ​ស័​ក្ត វរសេនីយ៍ទោ​។​

​តាម​សាក្សី​ពី​កន្លែងកើតហេតុ បាន​ឲ្យ​ដឹងថា មុនដំបូង​គេ​ឃើញ រថយន្ត​ឡិច​ស៊ី​ស LX450 ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ ភ្នំពេញ 2I.7318 បើកបរ​ដោយ​បុរស ជា​យោធា​ម្នាក់ បើកបរ​ក្នុងស្ថានភាព​ស្រវឹងស្រា បើក​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៣ ក្នុងទិសដៅ​ពី​ខាងជើង ទៅខាង​ត្បូង ក្នុង​ល្បឿន​យ៉ាង​លឿន ចំណែកឯ​ម៉ូតូ​ហុងដា ឌ្រី​ម ស៊េរី​ឆ្នាំ​២០១៥ C125 ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ កណ្តាល​1R.7396 ធ្វើដំណើរ ២​នាក់ ប្តី​ប្រពន្ធ ពី​ទិស​ខាងត្បូង ទៅខាង​ជើង បញ្ច្រាសទិស​គ្នា​។ រីឯ​ចំណុចកើតហេតុ ដែលជា​ចំណុច​ការដ្ឋាន កំពុង​ដាក់លូ ដោយ​បើកផ្លូវ​មួយ​ចំហៀង ហើយ​ផ្លូវ​មួយ​ចំហៀង​នោះ គេ​ដាក់​រនាំង​ដែក ពុះ​ចែក​គន្លង​ផ្លូវ​ជា ២ សំរាប់​មធ្យោបាយ ធ្វើដំណើរ​គ្រប់​ប្រភេទ ។ លុះ​មកដល់​ចំណុចកើតហេតុ រថយន្ត បាន​ជ្រុល​បើក​មក​គន្លង​ម្ខាង របស់​ម៉ូតូ​ជនរងគ្រោះ បុក​ម៉ូតូ​ជនរងគ្រោះ ពេញទំហឹង​តែម្តង ទើប​បណ្តាល​ឲ្យ​ប្តី​ស្លាប់ ប្រពន្ធ​រងរបួស​ធ្ងន់ ត្រូវបាន​រថយន្ត​សាមុយ គ្លីនិក​ឯកជន ដឹក​ទៅ​សង្គ្រោះ​។​

​សមត្ថកិច្ច បានមក​ដល់ កន្លែងកើតហេតុ ហើយក៏​បាន​នាំ​អ្នកបើករថយន្ត​បង្ក ដោយមាន​ភាពស្រវឹង ទៅ​ប៉ុស្តិ៍នគរបាល រដ្ឋបាល​ចោមចៅ​ទី​២ ដើម្បី​ប្រគល់​ឲ្យ​នគរបាល​ជំនាញ ចាត់ការ​បន្ត តាម​នីតិវិធី​។ ចំណែក​រថយន្ត និង​ម៉ូតូ ត្រូវបាន​សមត្ថកិច្ច យកទៅ​រក្សាទុក នៅ​ការិយាល័យ ចរាចរណ៍​ផ្លូវគោក នៃ​ស្នងការដ្ឋាន​នគរបាល រាជធានី​ភ្នំពេញ រង់ចាំ​ដោះស្រាយ​គ្នា ទៅតាម​ផ្លូវច្បាប់​៕/V​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular