ដោយៈសុផល / ភ្នំពេញៈ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន កាលរសៀល ថ្ងៃទី១៨ ធ្នូ ម្សិលមិញ បានទទួលជួបពិភាក្សាការងារ និងជម្រាបលាពីសំណាក់លោក Michael Tan ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋ សិង្ហបុរី ប្រចាំកម្ពុជា ក្នុងនោះលោកឯកអគ្គរដ្ឋទូត បានអះអាងថាៈ ” គម្រោងអភិវឌ្ឍន៍ មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ នឹងជួយជំរុញឱ្យមាន ការបណ្តាក់ទុនវិនិយោគផ្ទាល់ នៅកម្ពុជា ពីបណ្តាក្រុមហ៊ុនធំៗ របស់សិង្ហបុរី ” ។
ក្នុងឱកាសជជែកការងារ នៅទីស្តីការក្រសួងសាធារណការ និងដឹកជញ្ជូននេះ លោកទេសរដ្ឋមន្ត្រី បានស្វាគមន៍ និងថ្លែងអំណរគុណ ចំពោះលោកឯកអគ្គរដ្ឋទូត ដែលបានសហការ យ៉ាងពេញទំហឹង កន្លងមក ជាពិសេសការជំរុញឱ្យមាន ការបើកចរចា រវាងកម្ពុជា និងសិង្ហបុរី ដោយមានការចូលរួម ពីតំណាងរបស់ក្រសួង-ស្ថាប័នរដ្ឋ និងឯកជន ដើម្បីពិនិត្យ និងពិភាក្សា ទៅលើកិច្ចព្រមព្រៀង ក្របខណ្ឌនៃ គម្រោងអភិវឌ្ឍន៍ មជ្ឈមណ្ឌលភស្តុភារកម្មភ្នំពេញ។
លោក ស៊ុន ចាន់ថុល ជួបពិភាក្សាការងារ ជាមួយលោក Michael Tan ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋ សិង្ហបុរី ចប់អាណត្តិ
លោកទេសរដ្ឋមន្ត្រី បានមានប្រសាសន៍ថាៈ កិច្ចព្រមព្រៀងក្របខណ្ឌ បានចរចាដល់ដំណាក់កាល ចុងក្រោយហើយ ដោយនៅសេសសល់ បញ្ហាតូចៗមួយចំនួនទេ ដែលត្រូវដោះស្រាយ មុននឹងអាចចាប់ផ្តើម ការសិក្សាសមិទ្ធិលទ្ធភាព នៃមជ្ឈមណ្ឌល ភស្តុភារកម្មនេះ។
លោកឯកអគ្គរដ្ឋទូត បានសម្តែងនូវ ការពេញចិត្តយ៉ាងខ្លាំង ចំពោះកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងក្រសួង និងស្ថានទូតសិង្ហបុរី និងជម្រាបជូន លោកទេសរដ្ឋមន្ត្រី អំពីការធ្វើមាតុភូមិនិវត្តន៍ របស់លោក ក្នុងពេលដ៏ឆាប់ៗ ខាងមុខនេះ ដោយសារត្រូវចប់អាណត្តិ នៅកម្ពុជា។
លោកឯកអគ្គរដ្ឋទូត ក៏បានលើកឡើងថាៈ « គម្រោងអភិវឌ្ឍន៍ មជ្ឈមណ្ឌលភស្តុភារកម្ម ភ្នំពេញនេះ មានសារៈសំខាន់ណាស់ ពីព្រោះវាជួយជំរុញឱ្យមាន ការបណ្តាក់ទុនវិនិយោគផ្ទាល់ នៅកម្ពុជា ពីបណ្តាក្រុមហ៊ុនធំៗ របស់សិង្ហបុរី ដែលជាលទ្ធផល នឹងបង្កើតនូវការងារ និងជំរុញនូវកំណើនសេដ្ឋកិច្ចកម្ពុជា»៕/V