ប្រែសម្រួល : កញ្ញាដាលីស/បាល់ទាត់ ៖ ការប្រកួតបាល់ទាត់លីកកំពូលតំបន់អឺរ៉ុបចុងសប្តាហ៍នេះបានវិលត្រឡប់មកទៀតហើយ។ ការប្រកួតមានច្រើនគូចាប់ពីថ្ងៃសៅរ៍រហូតដល់ថ្ងៃចន្ទឯណោះ។ ដោយឡែកជំនួបនៅថ្ងៃសៅរ៍នៅអង់គ្លេស មានរហូត៤គូ ហើយយើងនឹងលើកយក៣គូមកវិភាគ ព្រមទាំងលីកកំពូលអាល្លឺម៉ង់១គូផងដែរ គឺរវាង Leverkusen និង Bayern Munich។
– EPL : [12] Crystal Palace vs Liverpool [1] ៖ ត្បិតមានបញ្ហារបួសកីឡាករសំខាន់ៗជាច្រើនរូប ក៏ហង្សក្រហម Liverpool នៅតែជាក្រុមល្អដាច់គេនៅក្នុងលីកកំពូលអង់គ្លេស។ នៅប្រកួតចុងក្រោយបង្អស់ពួកគេបានសបញ្ជាក់ឱ្យឃើញច្បាស់ថាក្រុមការពារតំណែងជើងឯកមិនមែនលេងលំៗនោះទេ ដោយគ្របដណ្តប់ការប្រកួតទាំងស្រុង ក្នុងពេលផ្តួលគូប្រជែងកៀកបំផុតរបស់ខ្លួន Tottenham ក្នុងលទ្ធផល ២-១។
គិតមកទល់ពេលនេះ ហង្សក្រហមឈរលើកំពូលតារាងដាច់៣ពិន្ទុ។ លើសពីនេះ ក្រុមលេខ២ Tottenham មានកិច្ចការលំបាកខ្លាំង ដោយត្រូវទទួលភ្ញៀវលេខ ៤ Leicester នៅថ្ងៃអាទិត្យ ហើយក្រុមលេខ៣ Southampton ត្រូវស្វាគមន៍ភ្ញៀវ Man City នៅថ្ងៃសៅរ៍។ នេះជាឱកាសល្អរបស់ក្រុមរបស់លោកជួហ្គិន ក្លប់ ដើម្បីពង្រីកការនាំមុខ ៦ ពិន្ទុដាច់ ក្នុងករណីក្រុមគូប្រជែងចាញ់។
ចំណែកក្រុម Crystal Palace ដឹកនាំដោយលោករ៉យ ហុតសុន តាំងពីបើករដូវកាលមកឈ្នះតែ ៣ ដងគត់ ហើយឈ្នះក្រុមទើបឡើងថ្មីទាំង៣ទៀត។ ហើយអ្វីដែលគួរឱ្យបារម្ភគឺពួកគេមានកំណត់ត្រាអន់ណាស់ពេលជួបជាមួយហង្សក្រហមក្នុងប៉ុន្មានឆ្នាំមកនេះ។ ហេតុដូច្នះ ពួកគេថ្ងៃនេះមិនរំពឹងអ្វីក្រៅតែពីទប់កុំឱ្យចាញ់ហង្សក្រហមតែប៉ុណ្ណោះ។
– EPL : [3] Southampton vs Manchester City [9] ៖ Southampton រដូវកាលនេះលេងល្អមែនទែន ដោយឈរនៅលេខ៣ក្នុងតារាងពិន្ទុ EPL។ មានតែ Liverpool និង Chelsea ប៉ុណ្ណោះដែលស៊ុតចូលទីច្រើនជាង Southampton ហើយដោយហេតុថា Spurs ត្រូវពាក់ស្នែងជល់នឹង Leicester នៅថ្ងៃអាទិត្យ នេះជាឱកាសដែលកូនក្រុមរបស់លោក រ៉ាល់ ហាសិនហ៊ុល ត្រូវយកឈ្នះលើ Man City ឡើងមកលេខ២។
ពួកគេក៏មិនងាយរំពឹងឈ្នះលើក្រុមមេឃខៀវ Man City ងាយៗដែរ ត្បិតមេឃខៀវលេងមិនសូវល្អនៅរដូវកាលនេះក្តី។ កូនក្រុមរបស់លោកប៉េប ហ្គាឌីអូឡា ដែលជាអតីតជើងឯក Premier League ឆ្នាំនេះហាក់ត្រដាបត្រដួសខ្លាំងណាស់ រហូតមកទល់ពេលនេះហើយនៅតែមិនអាចហក់ចូលចំណាត់ថ្នាក់កំពូលទាំង ៦ បានទៀត។ នេះសបញ្ជាក់ថា ពួកគេកំពុងមានបញ្ហាទម្រង់លេងមែនទែនហើយ។
តែទោះយ៉ាងណា គុណភាពនិងបទពិសោធន៍របស់កីឡាករ City នីមួយៗនៅតែល្អជាងក្រុម Southampton។ ហើយពួកគេក៏មានប្រវត្តិល្អខ្លាំងផងដែរពេលប៉ះ Southampton ។ ប៉ុន្តែដោយសារក្រុមម្ចាស់ផ្ទះឥឡូវឡើងជើងខ្លាំងមិនដូចពីមុន ពួកគេរំពឹងធ្វើព្យុះភ្លៀង និងអាចសង្ឃឹមឈ្នះលើ City ឬយ៉ាងហោចក៏ស្មើដែរ។
– EPL : [5] Everton vs Arsenal [15] ៖ បន្ទាប់ពីធ្លាក់ចុះទម្រង់លេងប៉ុន្មានប្រកួតមុននេះ ឥឡូវក្រុមស្ករគ្រាប់ Everton កំពុងចាប់ផ្តើមរកឃើញទម្រង់លេងល្អរបស់ខ្លួនមកវិញហើយ ដោយផ្តួលសុទ្ធតែក្រុមខ្លាំង គឺ Chelsea និង Leicester ដូច្នេះវាជាកម្លាំងជំរុញដ៏ខ្លាំងក្លាមួយ នៅពេលពួកគេទទួលក្រុមកាំភ្លើងធំគ្រាប់ជ័រ Arsenal ។
ក្រុមស្ករគ្រាប់សព្វថ្ងៃឈរនៅលេខ៥ចាញ់លេខ២ Spurs តែ២ពិន្ទុប៉ុណ្ណោះ។ នៅថ្ងៃសៅរ៍នេះ ក្រុមលេខ២ Tottenham ប៉ះលេខ៤ Leicester និងក្រុមលេខ៣ Southampton ប៉ះ Man City ដូច្នេះនេះជាឱកាសល្អបំផុតដែលកូនក្រុមរបស់លោកកាឡូស អាន់សេឡូទី អាចឡើងមកលេខ២ ប្រសិនបើគូប្រជែងកំពូលតារាងភ្លាត់ស្នៀតស្មើឬចាញ់។ អ្វីដែលពួកគេត្រូវធ្វើគឺចាត់ការក្រុមកាំភ្លើងធំ Arsenal ឱ្យបាន។
កូនក្រុមរបស់លោក មីឃែល អាតិតា ឈរនៅចំណាត់ថ្នាក់លេខ១៥ និងមិនទាន់ឈ្នះសោះនៅ ៩ ប្រកួតចុងក្រោយនៃការប្រកួត១៣លើក្នុង EPL។ ក្នុងចំណោម៩ប្រកួតដែលមិនដែលឈ្នះនោះ គឺមានបរាជ័យរហូតដល់៧លើកទៅហើយ។
ដោយហេតុថា Everton កំពុងឡើងជើង ហើយក្រុមកាំភ្លើងធំកំពុងធ្លាក់ចុះទម្រង់លេងខ្លាំងមែនទែន យើងរំពឹងក្រុមស្ករគ្រាប់នឹងលុតក្រុមកាំភ្លើងធំយ៉ាងតិច២គ្រាប់ឡើងទៅ។
– Bundesliga : [1] Leverkusen vs Bayern Munich [2] ៖ ថ្ងៃសៅរ៍នេះ កីឡដ្ឋាន Bay Arena នឹងបើកទ្វារស្វាគមន៍ក្រុមកំពូលតារាងទាំងពីររបស់អាល្លឺម៉ង់។ Leverkusen នឹងពាក់ស្នែងជល់ជាមួយក្រុមម្ចាស់តំណែងជើងឯក Bayern Munich ដើម្បីរក្សាតំណែងលេខ១របស់ខ្លួន។ ជាក្រុមតែមួយគត់ដែលមិនស្គាល់ពាក្យថាចាញ់នៅអាល្លឺម៉ង់ ក្រុម Leverkusen ចូលមកប្រកួតនេះគឺពោរពេញដោយទំនុកចិត្ត ក្រោយផ្តួល Koln ផុយៗ ៤-០។
Bayern Munich បានប្រកួតចាញ់១លើកក្នុងចំណោម ១២ លើកនៅរដូវកាលនេះ។ បរាជ័យមួយនេះគឺកើតឡើងនៅក្រៅទឹកដី។ ប៉ុន្តែក្រុម Bayern លេងល្អខ្លាំងណាស់នៅរដូវកាលនេះ។ ពួកគេមកទឹកដី Bay Arena ថ្ងៃសៅរ៍នេះ ក្រោយឈ្នះ ២-១ លើ Wolfsburg។ Bayern Munich មកទឹកដីរបស់ Leverkusen ចុងក្រោយបង្អស់គឺឈ្នះ ៤-២ ហើយជួបម្ចាស់ផ្ទះ ៧ លើកចុងក្រោយចាញ់តែម្តងគត់។
ដោយហេតុថា Leverkusen មិនដែលចាញ់សោះនៅរដូវកាលនេះ ហើយ Bayern ក៏មិនអន់នោះដែរ ដូច្នេះយើងរំពឹងម្ចាស់ផ្ទះស្មើឬឈ្នះ។
តារាងការប្រកួតលីកអឺរ៉ុបចុងសប្តាហ៍ ៖