ដោយៈ ប.ខុន / ភ្នំពេញៈ រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្នើដល់គ្រប់អភិបាលខេត្ត ធ្វើការតែងតាំង នាយខណ្ឌរដ្ឋបាលព្រៃឈើ និងនាយខណ្ឌរដ្ឋបាលជលផល ជាអនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីជាការលើកទឹកចិត្ត។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជម្រាបជូនដល់អភិបាលខេត្តទាំងអស់ តាមរយៈលិខិតលេខ ១០៤៦៩ កសក ចុះថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២០ ស្តីពីកម្មវត្ថុ ករណីលើកទឹកចិត្ត ក្នុងការតែងតាំង នាយខណ្ឌរដ្ឋបាលព្រៃឈើ និងនាយខណ្ឌរដ្ឋបាលជលផល ជាអនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ។
នៅក្នុងលិខិត ដែលចុះហត្ថលេខា ដោយលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានសរសេរថាៈ ” ខ្ញុំ (វេង សាខុន) សូមបញ្ជាក់ជូន ឯកឧត្តម លោកជំទាវ អភិបាល នៃគណៈអភិបាលខេត្ត ជ្រាបថា ខ្លឹមសារលិខិត លេខ ១០២៤៩ កសក ចុះថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២០ របស់ក្រសួងកសិកម្ម រុក្ខា ប្រមាញ់ និងនេសាទ គឺក្នុងន័យលើកទឹកចិត្ត ដល់នាយខណ្ឌរដ្ឋបាលព្រៃឈើ និងនាយខណ្ឌរដ្ឋបាលជលផល ដែលមានឋានានុក្រម ស្មើនឹងអនុប្រធានមន្ទីរ ហើយនោះ ទើបក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្នើសុំឯកឧត្តម លោកជំទាវ មេត្តាពិនិត្យលទ្ធភាព ក្នុងតែងតាំងនាយខណ្ឌទាំង ២ អង្គភាព ជាអនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បន្ថែមលើមុខងារបច្ចុប្បន្ន។
សំណើខាងលើ បានធ្វើឡើង ដោយយោងតាមលិខិតលេខ ១០២៤៩ កសក ដែលចុះហត្ថលេខា ដោយលោក វេង សាខុនរដ្ឋមន្ត្រីក្រសួកសិកម្ម រុក្ខាប្រមាញ់និង នេសាទចុះថ្ងៃទី២៣ខែវិច្ឆិកាឆ្នាំ២០២០ ដែលបានជម្រាបជូនដល់អភិ បា ល ខេត្ត ទាំងអស់អំពីកម្មវត្ថុស្តីពី បាយការណ៍បូកសរុប ស្តីពីលទ្ធផលជួប ពិភាក្សាការងារ ជាមួយថ្នាក់ដឹកនាំមន្ទីរនិងជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំរដ្ឋបាលខេត្តនិង របាយការណ៍របស់លោក នុត ច័ន្ទសុខា រដ្ឋលេខាធិការប្រចាំការ ចុះថ្ងៃទី២៨ ខែ តុលាឆ្នាំ២០២០។
លោកវេង សាខុនបានសរសេរនៅក្នុងលិខិតលេខ១០២៤៩ថាក្រសួង កសិ កម្ម រុក្ខាប្រមាញ់និងនេសាទ សម្រេចស្នើសុំឯកឧត្តម លោកជំទាវ ពិនិត្យលទ្ធភាព តម្លើងនិងតែងតាំង នាយខណ្ឌរដ្ឋបាលព្រៃឈើ និង នាយខណ្ឌ រដ្ឋបាលជលផល ជាអនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដើម្បីជាការលើកទឹកចិត្ត ដោយផ្អែកលើឧបនិស្ស័យ គ្រប់គ្រាន់ ក្នុងការតែងតាំង ជាអនុប្រធានមន្ទីរ ដែលជាសិទ្ធិ សម្រេចរបស់អភិបាលខេត្ត។
ក្នុងលិខិត បានបញ្ជាក់ថាៈ នីតិវិធីតែងតាំង ត្រូវអនុវត្ត តាមខ្លឹមសារអនុក្រឹត្យលេខ ២៤០ អនក្រ.បក ចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ ស្តីពីការប្រតិភូកម្មសិទ្ធិអំណាច ទៅឱ្យគណៈអភិបាលរាជធានី ខេត្ត ក្រុង ស្រុក ក្នុងការគ្រប់គ្រង បុគ្គលិកបំពេញការងារ នៅថ្នាក់ក្រោមជាតិ និងសេចក្តីណែនាំលេខ ៧៨៨ មស.សណន ចុះថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៨ ស្តីពីគោលការណ៍ និងនីតិវិធី នៃការតែងតាំង និងបញ្ចប់មុខតំណែង គ្រប់គ្រងមន្ត្រីរាជការស៊ីវិល នៃមន្ទីរ អង្គភាព និង ការិយាល័យជំនាញនានា នៃក្រសួង ដែលបំពេញការងារ នៅថ្នាក់ក្រោមជាតិ៕/V
លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ