ប្រែសម្រួល : កញ្ញាដាលីស/វ៉ាស៊ីនតោន ៖ សហរដ្ឋអាម៉េរិកបានបន្ថែមក្រុមហ៊ុនចិនជាច្រើនរួមទាំងក្រុមហ៊ុនផលិតបន្ទះឈីបកំពូល SMIC និងក្រុមហ៊ុនផលិតដ្រូនចិន SZ DJI Technology Co Ltd ទៅក្នុងបញ្ជីខ្មៅពាណិជ្ជកម្មកាលពីថ្ងៃសុក្រទី១៨ធ្នូ ខណៈរដ្ឋបាលរបស់ប្រធានាធិបតីដូណាល់ ត្រាំបានបង្កើនភាពតានតឹងជាមួយចិននៅក្នុងសប្តាហ៍ចុងក្រោយរបស់គាត់នៅក្នុងមុខតំណែង។
ទីភ្នាក់ងារសារព័ត៌មានរ៉យទ័របានរាយការណ៍ដំបូងគេអំពីការបន្ថែមឈ្មោះក្រុមហ៊ុន SMIC និងក្រុមហ៊ុនផ្សេងទៀតទៅក្នុងបញ្ជីខ្មៅកាលពីព្រឹកថ្ងៃសុក្រ។ ចំណាត់ការនេះត្រូវគេមើលឃើញថាជាសកម្មភាពចុងក្រោយនៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់លោកប្រធានាធិបតីត្រាំមកពីគណបក្សសាធារណរដ្ឋដើម្បីធ្វើឱ្យគេឃើញច្បាស់ថាគាត់តឹងតែងទៅលើចិនដើម្បីជាផ្នែកមួយនៃការប្រយុទ្ធតស៊ូរយៈពេលវែងរវាងទីក្រុងវ៉ាស៊ីនតោននិងប៉េកាំងជុំវិញបញ្ហាពាណិជ្ជកម្មនិងបញ្ហាសេដ្ឋកិច្ចជាច្រើនទៀត។
ក្រសួងពាណិជ្ជកម្មអាម៉េរិកបាននិយាយថា សកម្មភាពប្រឆាំងនឹងក្រុមហ៊ុន SMICគឺផ្តើមចេញពីកិច្ចប្រឹងប្រែងរបស់ក្រុងប៉េកាំងដើម្បីប្រើប្រាស់បច្ចេកវិជ្ជាស៊ីវិលសម្រាប់គោលបំណងយោធានិងភស្តុតាងនៃសកម្មភាពនានារវាងក្រុមហ៊ុន SMIC និងក្រុមហ៊ុនឧស្សាហកម្មយោធាចិនពាក់ព័ន្ធជាច្រើន។
លោករដ្ឋមន្ត្រីពាណិជ្ជកម្ម វីលបួ រ៉ូស បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថាក្រសួងពាណិជ្ជកម្មនឹងមិនអនុញ្ញាតឱ្យបច្ចេកវិជ្ជាទំនើបរបស់សហរដ្ឋអាម៉េរិកជួយកសាងយោធារបស់សត្រូវដែលឆ្លាតវាងវៃខ្លាំងឡើងនោះទេ។
ក្រសួងក៏បាននិយាយផងដែរថាខ្លួនកំពុងបន្ថែមក្រុមហ៊ុនដ្រូនធំជាងគេបំផុតរបស់ពិភពលោក DJI ទៅក្នុងបញ្ជីខ្មៅរួមជាមួយក្រុមហ៊ុន AGCU Scientech ក្រុមហ៊ុនឧបករណ៍និងសម្ភារៈវិទ្យាសាស្ត្រជាតិចិន និងក្រុមហ៊ុនគួងជីគ្រុប សម្រាប់ការរំលោភលើសិទ្ធិមនុស្សទ្រង់ទ្រាយធំ។
រដ្ឋមន្ត្រីក្រសួងការបរទេសអាម៉េរិកលោក ម៉ៃ ផមផេវ បានបន្ថែមនៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយថា “សហរដ្ឋអាម៉េរិកនឹងប្រើប្រាស់រាល់វិធានការឆ្លើយតបដែលអាចរកបានរួមទាំងសកម្មភាពនានាដើម្បីរារាំងក្រុមហ៊ុននិងស្ថាប័នចិនពីការកេងប្រវ័ញ្ចទំនិញនិងបច្ចេកវិជ្ជារបស់សហរដ្ឋអាម៉េរិកក្នុងគោលបំណងព្យាបាទ”៕
ក្រុមហ៊ុនផលិតដ្រូនចិន SZ DJI Technology Co Ltd ឥឡូវជាប់ក្នុងបញ្ជីខ្មៅរបស់អាម៉េរិកហើយ