Home ព័ត៌មានអន្តរជាតិ រដ្ឋមន្ត្រីកា...

រដ្ឋមន្ត្រីការបរទេស​ចិន​ថា​អាម៉េរិក​គួរ​ជំនួស​ទណ្ឌកម្ម​ជាមួយ​ការសន្ទនា​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស​/​ប៉េកាំង (​រ៉​យ​ទ័រ​, ប្លូម​បឺក​) ៖ សមាជិក​ក្រុមប្រឹក្សា​រដ្ឋ​និង​ជា​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ចិន លោក​វ៉ាង យី​បាន​និយាយ​កាលពី​ថ្ងៃ​សុក្រ​ទី​១៨​ធ្នូ​ថា​សហរដ្ឋ​អាម៉េរិក​គួរតែ​ជ្រើសរើស​​ការសន្ទនា​និង​ការពិគ្រោះ​យោបល់​ជាមួយ​ចិន​ជំនួស​ឱ្យ​ការបន្ត​ដាក់ទណ្ឌកម្ម​ជា​ឯកតោភាគី “​ដែល​មិន​អាច​ទទួលយកបាន​” ចំពោះ​ក្រុមហ៊ុន​ចិន​។​

​លោក​បាន​ជំរុញ​ឱ្យ​សហរដ្ឋអាមេរិក​បញ្ឈប់ “​ការបារម្ភ​ហួសហេតុ​ជ្រុល​ពេក​អំពី​សន្តិសុខ​ជាតិ​” និង “​ការគាបសង្កត់​ក្រុមហ៊ុន​ចិន​ទាំង​បំពាន​”​។​

​លោក​បាន​និយាយ​នៅក្នុង​សុន្ទរកថា​ពិសេស​មួយ​ទៅ​កាន់​អង្គការ​សង្គម​អាស៊ី ដែល​ផ្តោត​សំខាន់​លើ​ស្ថានភាព​នៃ​ទំនាក់ទំនង​ចិន​-​អាម៉េរិក យ៉ាង​ដូច្នេះ​ថា​”​យើង​ត្រូវ​ជំនួស​ទណ្ឌកម្ម​ជាមួយ​ការសន្ទនា​​និង​ការពិគ្រោះ​យោបល់​”​។​

​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បានបញ្ជាក់​កាលពី​ថ្ងៃ​សុក្រ​ថា ខ្លួន​បាន​បន្ថែម​ក្រុមហ៊ុន​ចិន​រាប់សិប​រួមមាន​ក្រុមហ៊ុន​ផលិត​បន្ទះ​ឈីប​ធំ​បំផុត​របស់​ប្រទេស SMIC ទៅក្នុង​បញ្ជីខ្មៅ​នៃ​ពាណិជ្ជកម្ម​ដែលជា​​ការចាត់វិធានការ​ថ្មី​បំផុត​នៅក្នុង​កិច្ច​ប្រឹងប្រែង​របស់​ប្រធានាធិបតី​ដូណាល់ ត្រាំ ក្នុង​ការពង្រឹង​កេរ្តិ៍ដំណែល​របស់គាត់​ដែល​តឹងតែង​ចំពោះ​ចិន​។​

​លោក​វ៉ាង​បាន​បន្ថែមថា រដ្ឋាភិបាល​ក្រុង​ប៉េកាំ​ង​បាន​កត់សម្គាល់​នូវ​អាទិភាព​គោល​នយោបាយ​ចំនួន​៤ របស់​ប្រធានាធិបតី​ជាប់ឆ្នោត​អាម៉េរិក​លោកចូ បៃ​ដិន ដែល​គ្រោង​នឹង​ចូល​កាន់តំណែង​នៅ​ថ្ងៃទី ២០ ខែ​មករា​ហើយ​ជឿ​យ៉ាងហោចណាស់ ៣ ចំណុច​ក្នុងចំណោម​នោះ គឺ ការឆ្លើយតប​ទៅនឹង​ជំងឺ​កូវី​ដ​១៩ ការស្តារ​សេដ្ឋកិច្ច និង​បម្រែបម្រួល​អាកាសធាតុ​នឹង​ផ្តល់​ឱកាស​សម្រាប់​កិច្ចសហប្រតិបត្តិការ​​រវាង​ប្រទេស​ទាំង​ពីរ​។​

​លោក​វ៉ាង​បាន​និយាយថា “​យើង​សង្ឃឹមថា​យើង​នឹង​ពង្រីក​កិច្ចសហប្រតិបត្តិការ​និង​គ្រប់គ្រង​ការខ្វែងគំនិត​គ្នា​តាមរយៈ​ការសន្ទនា​គ្នា​។​វា​ជា​ការសំខាន់​ណាស់​ដែល​គោលនយោបាយ​របស់​សហ​រដ្ឋ​​អាម៉េរិក​ចំពោះ​ចិន​ត្រឡប់​ទៅរក​វត្ថុបំណង​និង​និរន្តរភាព​ឱ្យបាន​ឆាប់​តាម​ដែល​អាច​ធ្វើបាន​”៕

រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ចិន លោក​វ៉ាង យី

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular