ដោយៈសុផល/ភ្នំពេញ៖ចាត់ទុកថាជាដំណឹងល្អនិងសាទរមួយគឺចាប់ពីឆ្នាំ២០២១តទៅអេស៊ីលីដាទាន់ចិត្ត នឹងអភិវឌ្ឍទៅជា អេស៊ីលីដាម៉ូបាល ដែលនឹងផ្ដល់ការប្រើប្រាស់ដោយឥតគិតថ្លៃសេវា។ ការអភិវឌ្ឍថ្មី នេះត្រូវបានធ្វើឡើងយ៉ាងល្អ ប្រកបដោយភាពច្នៃប្រឌិត ងាយស្រួលក្នុងការប្រើប្រាស់ និងមានសុវត្ថិភាពខ្ពស់ដើម្បីចូលរួមគាំទ្ររាល់ដំណើរការអាជីវកម្មរបស់អតិថិជនឲ្យកាន់តែរីកចម្រើនទ្វេដង ។
លោក ស្រី សុខ សោភា នាយិកាប្រតិបត្តិទីផ្សារធនាគារ អេស៊ីលីដា មានប្រសាសន៍ឱ្យដឹងថា៖ App អេស៊ីលីដាទាន់ចិត្ត បានបង្កើតឡើង៤ឆ្នាំមកហើយ ហើយវាក៏ជា App ឌីជីថល ដែលបានបង្កើតឡើងដំបូងគេបំផុតរបស់ធនាគារ អេស៊ីលីដា បម្រើជូនអតិថិជនក្នុងវិស័យហិរញ្ញវត្ថុ។ ការអភិវឌ្ឍអេស៊ីលីដាទាន់ចិត្ត ទៅជា អេស៊ីលីដាម៉ូបាល មានរូបរាងថ្មីនៅឆ្នាំក្រោយនេះគឺជាការឆ្លើយតបទៅនឹងភាពរីកចម្រើននៃបច្ចេកវិទ្យារបស់ពិភពលោកនិងវឌ្ឍនភាពរបស់ធនាគារក្នុងវិស័យឌីជីថលក៏ដូចជាតម្រូវការរបស់អ្នកប្រើប្រាស់ ។
លោកស្រីបានឲ្យដឹងទៀតថាធនាគារអេស៊ីលីដាបានរៀបចំហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាជាមួយជម្រើសយ៉ាងសម្បូរបែបសម្រាប់បម្រើប្រតិបតិ្តការធនាគារតាមរយៈម៉ាស៊ីនដក-ដាក់ប្រាក់ជាង ៧០០គ្រឿង នៅតាមបណ្តាទីតាំង ៣៤០ ដោយស្វ័យប្រតិបតិ្តការ ២៤ម៉ោងក្នុងមួយថ្ងៃ ៧ថ្ងៃក្នុងមួយសប្តាហ៍ (យើងខ្ញុំស្តាប់អតិថិជនដឹងពីអ្វីដែលលោកត្រូវការ ហើយយើងខ្ញុំបំពេញតម្រូវការជូនលោក) ដូច្នេះហើយបានជាធនាគារ អេស៊ីលីដា ខិតខំអភិវឌ្ឍផលិតផលរបស់ខ្លួនជាប្រចាំ ឲ្យសក្តិសមនឹងអតិថិជនដ៏ឆ្លាតវៃ ដែលអាចចាត់ចែងពេលវេលាដោយខ្លួនឯងមិនចាំបាច់មកធនាគារដោយផ្ទាល់ ។
បច្ចុប្បន្នធនាគារ អេស៊ីលីដាកំពុងធ្វើឲ្យកាន់តែទាន់សម័យនូវមុខងារបន្ថែមទៀតដើម្បីបំពេញតម្រូវការអតិថិជនឲ្យកាន់តែសម្បូរបែបក្នុងការប្រើប្រាស់សេវាកម្មជាច្រើន ដែលមាននៅក្នុងអេស៊ីលីទាន់ចិត្ត ដូចជា ស្កែនទូទាត់តាមឃ្យូអរកូដ,ផ្ទេរប្រាក់មិនអស់កម្រៃ ,សេវាបញ្ចូលទឹកប្រាក់ទូរស័ព្ទ, បង់ថ្លៃវិក្កយបត្រអគ្គិសនី និងវិក្កយបត្រផ្សេងៗ ពិនិត្យមើលសមតុល្យគណនី និងរបាយការណ៍គណនីសង្ខេប ដាក់-ដកប្រាក់បង់ប្រាក់ សំណើសុំឥណទាន និងការបើកគណនីមានកាលកំណត់ ជាដើម។
សូមបញ្ជាក់ថា គិតមកទល់ថ្ងៃទី៣០ខែវិច្ឆិកាឆ្នាំ២០២០ធនាគារអេស៊ីលីដាមានអតិថិជនប្រមាណជាង១លាន ៧សែននាក់កំពុងប្រើប្រាស់អេស៊ីលីដាទាន់ចិត្តមានម៉ាស៊ីនអេធីអឹមសម្រាប់ដកប្រាក់-ដាក់ប្រាក់នៅទូទាំងប្រទេសសរុប៧២២គ្រឿងមានម៉ាស៊ីនឆូតកាតជិត៤៣០០គ្រឿងនិងប័ណ្ណដកប្រាក់អេស៊ីលីដាមានដល់ទៅជាង១លានប័ណ្ណ ៕Ph