ដោយៈសរិទ្ធ/ភ្នំពេញៈ មនុស្សប្រុសស្រី៣នាក់បានរងរបួស ពេលដែលជិះម៉ូតូឌុបគ្នាបញ្ច្រាសទិសចរាចរណ៍ដេញតាមចោរឆក់ខ្សែកនៅតាមផ្លូវបេតុងខាងក្រោយសាលារៀនណតឡាញ ក្នុងសង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ ក៍ជ្រុលទៅម៉ូតូកង់បី ដែលកំពុងធ្វើដំណើរតាមផ្លូវលេខ២១៧ ក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ចំពីមុខពេញទំហឹងកាលពីវេលាម៉ោង១១ និង០៥នាទីយប់ ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ ។
តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថា មុនកើតហេតុ មានម៉ូតូ២គ្រឿង ដែល១គ្រឿងមិនចាំម៉ាកជិះដោយបុរសម្នាក់ធ្វើដំណើរចេញពីផ្លូវបេតុងខាងក្រោយសាលារៀនណតឡាញ ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន ឆ្លងកាត់ផ្លូវព្រះមុនីរ៉េតមកបញ្ច្រាសទិសចរាចរណ៍។ ក្នុងនោះក៏មានម៉ូតូ១គ្រឿងទៀតម៉ាកហុងដាឌ្រីម ស៊េរីឆ្នាំ២០១៧ ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ 1GI-1646 ជិះឌុបគ្នា៣នាក់ (ប្រុស១ ស្រី២ ) ដេញតាមពីក្រោយមិនប្រយ័ត្នក៏ជ្រុលទៅបុកម៉ូតូកង់បីដែលកំពុងធ្វើដំណើរស្របផ្លូវ និងដឹកភ្ញៀវចំពីមុខពេញទំហឹង បណ្ដាលឲ្យភាគីខាងម៉ូតូហុងដាឌ្រីមជិះឌុបគ្នា៣នាក់រងរបួសធ្ងន់២នាក់និង ស្រាលម្នាក់ ។
បន្ទាប់មកប្រជាពលរដ្ឋក៏សួរទៅកាន់ជនរងគ្រោះដែលរងរបួសស្រាលបានប្រាប់ថា ពួកគេត្រូវចោរឆក់ខ្សែកបានសម្រេច ទើបនាំគ្នាដេញតាមចាប់ក៏ជ្រុលទៅបុកឡំប្រឺតាយ៉ាងដូច្នេះ។ ចំណែកជនសង្ស័យដែលឆក់ខ្សែកជនរងគ្រោះបានសម្រេចនោះ ក៏បានជិះម៉ូតូគេចខ្លួនដោយសុវត្ថិភាព ។
ក្រោយកើតហេតុ ជនរងគ្រោះប្រុសស្រីទាំង៣នាក់នេះ ត្រូវរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យឯកជនភ្លាមៗ ។ ចំណែកឡំប្រឺតានិងម៉ូតូជនរងគ្រោះដែលរងការខូចខាត ត្រូវបានសមត្ថកិច្ចមូលដ្ឋាននិងជំនាញធ្វើការវាស់វែងយកទៅរក្សាទុករង់ចាំដោះស្រាយគ្នាតាមក្រោយ ៕