ប្រែសម្រួលៈវាសនា៖ អតីតប្រធានាធិបតីប៊ុយរុនឌី លោកព្យែរ ប៊ុយយ៉ូយ៉ា បានស្លាប់ដោយជំងឺកូវីដ១៩នៅក្រុងប៉ារីសក្នុងអាយុ៧១ឆ្នាំ នេះបើតាមការបញ្ជាក់របស់សាច់ញាតិលោកកាលពីថ្ងៃសុក្រ។ការស្លាប់នេះកើតឡើងប៉ុន្មានសប្តាហ៍ក្រោយលោកបានលាឈប់ពីតំណាងពិសេសរបស់អង្គការសហភាពអាហ្វ្រិកប្រចាំនៅម៉ាលីនិង តំបន់សាហែល។
លោកព្យែរ ប៊ុយយ៉ូយ៉ា
លោក ប៊ុយយ៉ូយ៉ា បានចូលដេកពេទ្យនៅទីក្រុងបាម៉ាកូរបស់ម៉ាលី កាលពីថ្ងៃពុធនិងត្រូវបានជម្លៀសមកដល់ក្រុងប៉ារីស ប្រទេសបារាំងកាលពីថ្ងៃល្ងាចព្រហស្បតិ៍។ ប្រភពព័ត៌មានបាននិយាយថាលោកបានស្លាប់នៅលើឡានពេទ្យក្នុងក្រុងប៉ារីសកាលពីយប់ថ្ងៃព្រហស្បតិ៍។
លោកប៊ុយយ៉ូយ៉ាត្រូវបានកាត់ទោសកំបាំងមុខអោយជាប់គុកមួយជីវិតចំពោះបទចោទប្រព្រឹត្តឃាតកម្មលើអ្នកស្នងតំណែងពីលោកនៅឆ្នាំ១៩៩៣និងកាលពីខែវិច្ឆិកាបានលាឈប់ពីតំណាងពិសេសរបស់អង្គការសហភាពអាហ្វ្រិក។
ជាជនជាតិភាគតិច ទុតស៊ី និងមកពីគ្រួសារខ្សត់ខ្សោយមួយ លោកប៊ុយយ៉ូយ៉ា បានចាប់ផ្តើមការងារក្នុងជួរយោធា មុនពេលឡើងកាន់អំណាចក្នុងរដ្ឋប្រហារមួយនាឆ្នាំ១៩៨៧។ក្នុងអំឡុងពេលកាន់អំណាចក្នុងអាណត្តិដំបូង លោកបានខិតខំធ្វើការឆ្ពោះទៅរកប្រព័ន្ធលទ្ធិប្រជាធិបតេយ្យខ្លាំងឡើងនៅក្នុងប្រទេសតូចមួយក្នុងចំណោមប្រជាជាតិតូចៗបំផុតនៅអាហ្វ្រិក។លោកបានលាឈប់នៅឆ្នាំ១៩៩៣ក្នុងការបោះឆ្នោតតាមបែបប្រជាធិបតេយ្យលើកដំបូងរបស់ប្រទេស ហើយគូប្រជែងមកពីក្រុមជនជាតិ ហ៊ូទូ បានឡើងកាន់តំណែងជំនួស។
តែពួកទាហានមកពីក្រុមជនជាតិទុតស៊ី បានសម្លាប់ប្រធានាធិបតី អ៊ិនដាដាយេ ក្រោយលោកចូលកាន់តំណែងបាន៤ខែ។ឃាតកម្មនេះបានរុញប៊ុយរុនឌីអោយធ្លាក់ចូលក្នុងសង្គ្រាមស៊ីវិលរាប់ឆ្នាំ រវាងក្រុមជនជាតិភាគច្រើនហ៊ូទូ និងពួកភាគតិចទុតស៊ី។
ប៊ុយយ៉ូយ៉ា បានចូលកាន់តំណែងប្រធានាធិបតីជាថ្មីក្រោយរដ្ឋប្រហារមួយ និងបានស្ថិតក្នុងមុខតំណែងនេះពីឆ្នាំ១៩៩៦ដក់២០០៣។
នៅឆ្នាំ២០០០ លោកចានចុះកិច្ចព្រមព្រៀងក្រុងអារូសា ក្នុងបំណងបញ្ចប់សង្គ្រាមស៊ីវិលដែលបានសម្លាប់មនុស្សប្រមាណ៣០០.០០០នាក់រវាងឆ្នាំ១៩៩៣និង២០០៦។លោកបានចុះចេញពីតំណែងនៅឆ្នាំ២០០៣ ស្របតាមលក្ខខណ្ឌក្នុងកិច្ចព្រមព្រៀង៕