ដោយៈ ដេប៉ូ/សៀមរាបៈ សហគមន៍អេកូទេសចរណ៍ បឹងឈូក បន្ទាយស្រី ឬក៏គេច្រើន ហៅថា សហគមន៍អេកូចំការឈូក មានទីតាំងស្ថិតនៅ ភូមិបន្ទាយស្រី ឃុំខ្នារសណ្ដាយ ស្រុកបន្ទាយស្រី និងមានចម្ងាយប្រហែល ៣៧ គីឡូម៉ែត្រ ពីរង្វង់មូលនាគព័ន្ធ ។
តំបន់អេកូទេសចរណ៍ បឹងឈូកនេះ មានសក្តានុពលទេសចរណ៍ បែបធម្មជាតិ ដោយតំបន់ ទេសចរណ៍ ធម្មជាតិនេះ ស្ថិតនៅជិតប្រាសាទបន្ទាយស្រីផង ដូច្នេះ សហគមន៍ទេសចរណ៍ បឹងឈូកនេះ តែងតែមានភ្ញៀវទេសចរ ទៅទស្សនា ទទួលទានអាហារថ្ងៃត្រង់ឬទៅលំហែ កាយ នៅទីនោះមិនដាច់ ជាពិសេស នៅថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃបុណ្យជាតិផ្សេងៗ ជាដើម។
សម្រាប់ចំណុចសំខាន់ៗ ក៏ដូចជា ភាពទាក់ទាញ នៃរមណីយដ្ឋានសហគមន៍អេកូ ទេសចរណ៍ បឹងឈូក បន្ទាយស្រី ដែលអាចធ្វើឱ្យភ្ញៀវទេសចរ មានចំណាប់ អារម្មណ៏នោះ មានដូចជា ម្ហូប ស្ទូច ត្រី ជិះទូក, ជិះទូកកាយ៉ាក, ទស្សនាទេសភាពព្រៃភ្នំ, មើលសត្វបក្សា បក្សី ឬ សត្វស្លាប និងចំណុចផ្សេងៗទៀត។
នៅអំឡុងពេលចុះទស្សនកិច្ច ស្រុកបន្ទាយស្រី កាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ដោយបាន ពិនិត្យ លើការគ្រប់គ្រង រៀបចំ និងទុកដាក់សំរាម របស់ប្រជាពលរដ្ឋ នៅក្នុងឃុំព្រះដាក និងតំបន់អេកូទេសចរណ៍ បឹងឈូក លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ ក្រសួងបរិស្ថាន បានវាយតម្លៃខ្ពស់ និងកោតសរសើរ ចំពោះរដ្ឋបាល ស្រុកបន្ទាយស្រី បងប្អូនប្រជាពលរដ្ឋ នៃស្រុកបន្ទាយស្រីទាំងអស់ ដែលបានគិតគូរ និងចូលរួមអនុវត្ត អនាម័យបរិស្ថាន បានយ៉ាងល្អប្រសើរ ធ្វើឱ្យភូមិ ដ្ឋាន និងសហគមន៍ មានសោភ័ណភាពស្អាតមានផា សុកភាព សម្រាប់ការរស់នៅ និងជាទីទាក់ទាញភ្ញៀវទេសចរ។
លោករដ្ឋលេខាធិការ បានថ្លែងថាៈ ក្រសួងបរិស្ថាន បានផ្តល់ការគាំទ្រ ទាំងបច្ចេកទេស សម្ភារៈ និងថវិកា ដល់រដ្ឋបាលស្រុក ដើម្បីអនុវត្តវិធានការ អនាម័យបរិស្ថានក្នុងនោះ មានទាំងការផ្តល់ ឡដុតសំរាម និងរថយន្តដឹកសំរាមផងដែរ។ លោក នេត្រ ភក្ត្រាបានមាន ប្រសាសន៍ថាៈ “រដ្ឋបាលស្រុកបន្ទាយស្រី និងបងប្អូន ប្រជាពលរដ្ឋ បានអនុវត្តបានយ៉ាងល្អ ក្នុងការគ្រប់គ្រងសំណល់ សំរាម ដែលបានបង្កើតឡើង និងបានថែទាំតុបតែងផ្ទះសម្បែង របស់ខ្លួន បានយ៉ាងស្អាត ដោយការដាំដើមឈើ និងផ្កាលម្អនានា ដ៏ស្រស់បំព្រង”។
លោកបានមានប្រសាសន៍ថាៈ ស្រុកបន្ទាយស្រី បានផ្តល់នូវគំរូល្អមួយ សម្រាប់ការអនុវត្ត ការគ្រប់គ្រងសំណល់រឹង ទីប្រជុំជននៅកម្ពុជា ហើយក្រសួងបរិស្ថាន សូមលើកទឹកចិត្ត ឱ្យមានការបង្កើត គំនិតច្នៃប្រឌិត ថ្មីៗបន្ថែមទៀត ដើម្បីធ្វើឱ្យស្រុកបន្ទាយស្រីកាន់តែមាន សោភ័ណភាព ស្អាតបន្ថែមទៀត ដើម្បីកាន់តែ ទាក់ទាញ ភ្ញៀវទេសចរមកទស្សនា ប្រាសាទបន្ទាយស្រី ដ៏ល្បីល្បាញ។ ក្រសួងបរិស្ថាន បានផ្ទេរភារកិច្ចនៃការគ្រប់គ្រង សំណល់ មករដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីគ្រប់គ្រង ក្នុងនោះការគ្រប់គ្រងសំណល់រឹង សំរាម គឺជាកិច្ចការមួយ ដ៏មានសារៈសំខាន់បំផុត។
ទាក់ទងនឹងបញ្ហានេះ លោក នេត្រ ភក្ត្រា បានថ្លែងថា ក្រសួងបរិស្ថាន បានបន្តផ្តល់ បច្ចេកទេស ដល់រដ្ឋបាលថ្នាក់ក្រោមជាតិ ដើម្បីជួយពង្រឹងស្ថាប័ន និងបង្កើនសមត្ថភាពមន្ត្រី និងពង្រឹងការចូលរួម របស់សហគមន៍ ក្នុងការសម្អាត អនាម័យបរិស្ថាន។
លោកក៏បានឱ្យដឹងដែរថាៈ កាលពីថ្ងៃទី១០ ខែធ្នូ កន្លងទៅ ក្រសួងមហាផ្ទៃ និងក្រសួង បរិស្ថាន បានចេញប្រកាសអន្តរក្រសួង ស្តីពីការបង្កើតក្រុមការងារ ដើម្បីពិនិត្យ និងដាក់ បញ្ចូលវិធានការ អនាម័យ និងបរិស្ថាន នៅក្នុងលក្ខណៈសម្បត្តិ នៃគោលនយោបាយ ភូ មិឃុំ មានសុវត្ថិភាព និងជឿជាក់ថា តាមរយៈវិធានការ ដែលនឹងបញ្ចូល ក្នុងគោល នយោបាយនេះ នឹងធ្វើឱ្យភូមិ ឃុំរបស់ ប្រជាពលរដ្ឋ មិនត្រឹមតែមានសុខសុវត្ថិភាព តែនឹងបង្កើនគុណភាពជីវិត ដោយមានបរិស្ថាន រស់នៅស្អាត មានខ្យល់ដកដង្ហើមបរិសុទ្ធ និងរស់នៅ ប្រកបដោយ ផាសុកភាព៕/V-PC