ដោយៈ ដេប៉ូ / ឧត្តមានជ័យៈ ក្នុងរយៈពេលជិត ២០ ថ្ងៃមកនេះ ដំរីខាវ៉ាន់ ដែលត្រូវបាន គេបញ្ជូន ពីប្រទេសប៉ាគីស្ថាន ឱ្យមករស់នៅក្នុង ដែនជម្រកសត្វព្រៃ ប្រទេសកម្ពុជានោះ កំពុងបានបន្សាំខ្លួនបណ្តើរៗ ហើយជាមួយនឹងទីកន្លែងថ្មី នៅក្នុងទឹកដីប្រទេសកម្ពុជា។ អ្វីដែលកាន់តែពិសេសជាងនេះទៅទៀត ដំរីឈ្មោល ដែលធ្លាប់គេចាត់ទុកថា ឯកកោបំផុត ក្នុងលោកមួយក្បាលនេះ កំពុងត្រូវបានគេឱ្យវា បង្កាត់ពូជ ជាមួយដំរីញី ចំនួន ៣ ក្បាល នៅកម្ពុជាថែមទៀត។
ពេលនេះ ដំរីឈ្មោលអភ័ព្វ និងឯកកោ ដែលមានអាយុ ៣៥ ឆ្នាំ ពេលនេះ លែងឯកកោ ទៀតហើយ បន្ទាប់ពីមានកន្លែងរស់នៅ យ៉ាងសុខស្រួល ហើយនឹង អាចដើរមានសេរីភាព វិញ តាមស្វែងរកចំណី និងបង្កាត់កូន ក្នុងដែនជម្រកសត្វព្រៃ ព្រហ្មទេព ខេត្តឧត្តមានជ័យ ក្នុងប្រទេសកម្ពុជា រយៈពេល ៣ ខែខាងមុខនេះ។
លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងបរិស្ថាន បានលើកឡើងថា ក្នុងនាមរាជរដ្ឋាភិបាល បានអរគុណដល់ អង្កការអភិរក្សដែនជំរក សត្វព្រៃកម្ពុជា បានទទួលយកដំរី ខាវ៉ាន់ មកចិញ្ចឹម ដើម្បីបង្កាត់ ជាមួយដំរីញី យកកូន។
អ្នកនាំពាក្យរូបនេះ បានលើកឡើងថាៈ ” យើងដឹងថា ដំរីស្រុក មានការលំបាក ក្នុងបង្កាត់ពូជ ពីព្រោះដំរីស្រុក មានតែប្រមាណ ៧១ ក្បាល ហើយកំពុងប្រឈម នឹងដាច់ពូជដោយសារ មិនមានការបន្តពូជ។ ពេលនេះ យើងហាក់ដូចជាមានក្តីសង្ឃឹម ដោយសារមានដំរីឈ្មោល ខាវ៉ាន់ មកប៉ាគីស្ថាន ហើយកំពុងមានកំលាំង មកបង្កាត់។ យើងបង្កាត់វា ងាយស្រួល រក្សាប្រភេទដំរី និងបន្សាំការប្រែប្រួលអាកាសធាតុ ព្រោះថា ពិភពលោក បានកំពុងតែ មានការប្រែប្រួល អាកាសធាតុ “។
លោកបានមានប្រសាសន៍ថាៈ ” រាជរដ្ឋាភិបាល បានជួយយ៉ាងសកម្ម ក្នុងការសម្រប សម្រួល ក្នុងការនាំដំរីឈ្មោល ខាវ៉ាន់ មករស់នៅក្នុងទឹកដីអាស៊ី។ ដំរីឈ្មោះ ខាវ៉ាន់ដែលជា ដំរីដ៏ឯកោបំផុត នៅលើលោក ទីបំផុតលែងឯកោទៀតហើយ ក្រោយពេលត្រូវបានបញ្ជូនពី ប្រទេសប៉ាគីស្ថាន ឱ្យមករស់នៅក្នុង ដែនជម្រកសត្វព្រៃ នៃប្រទេសកម្ពុជា ចាប់តាំងពី ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២០ មក។ រហូតមកទល់ពេលនេះ ដំរីខាវ៉ាន់ បានផ្តើមជីវិតថ្មី និងក្តីសង្ឃឹមថ្មីរបស់ខ្លួន នៅក្នុងជម្រកថ្មី ដែលប្រទេសកម្ពុជា បានផ្តល់ជូនរយៈពេលជិត ២០ ថ្ងៃហើយ ហើយដំរីខាវ៉ាន់ ក៏បានបន្ស៊ាំខ្លួន បានយ៉ាងល្អនឹងបរិស្ថានថ្មី ហើយជាងនេះ គឺការធ្វើទំនាក់ទំនងជាប្រចាំ ជាមួយដំរីញី ទាំង ៣ ក្បាល “។
លោកបានបញ្ជាក់ថាៈ ” កម្ពុជាបានផ្តល់ជម្រកថ្មី ផ្តល់ជីវិតថ្មី និងផ្តល់ក្តីសង្ឃឹមថ្មី ដល់ដំរី ដ៏ឯកោមួយនេះ។ ដំរីខាវ៉ាន់ ជាដំរីឈ្មោល មានអាយុ ៣៥ ឆ្នាំ ត្រូវបានក្រុមអភិរក្សសត្វព្រៃ ជួយសង្គ្រោះ ពីសួនសត្វមួយ នៃប្រទេសប៉ាគីស្ថាន តាមរយៈការតស៊ូ ផ្នែកច្បាប់ហើយ ចុងក្រោយ តុលាកំពូលរបស់ប៉ាគីស្ថាន បានសម្រេចឱ្យដំរី ខាវ៉ាន់ ត្រូវមានសេរីភាព និងបញ្ជូនមករស់នៅ ក្នុងព្រៃធម្មជាតិ នៃដែនជម្រកសត្វព្រៃ របស់ប្រទេសកម្ពុជា ” ។
លោករដ្ឋលេខាធិការ បានបន្ថែមឱ្យដឹងថាៈ ” ផ្ទះថ្មីរបស់ដំរីខាវ៉ាន់ នៅក្នុងប្រទេសកម្ពុជា គឺស្ថិតនៅក្នុងដែនជម្រកសត្វព្រៃ គូលេន ព្រហ្មទេព ក្នុងភូមិសាស្ត្រ ខេត្តឧត្តរមានជ័យ ដែលជាតំបន់ការពារធម្មជាតិមួយ ក្នុងចំណោមតំបន់ ការពារធម្មជាតិ និងរបៀងអភិរក្ស ជីវៈចម្រុះ ទាំង ៦៨ កន្លែងរបស់ប្រទេសកម្ពុជា។ កម្ពុជា ដែលត្រូវបានទទួលស្គាល់ ដោយពិភពលោកថា សម្បូណ៌ដោយជីវចម្រុះជាច្រើន ក្នុងនោះ ប្រភេទសត្វកម្រជិត ផុតពូជបំផុត ជិតផុតពូជ និងប្រភេទសត្វ ដែល ទទួលការគំរាមកំហែង គឺមានវត្តមាន នៅក្នុងប្រទេសកម្ពុជា” ។
លោកបានបញ្ជាក់ថាៈ ដំរីខាវ៉ាន់ គឺជាប្រភេទដំរីអាស៊ី ដែលជាប្រភេទរងការគំរាមកំហែង ហើយកម្ពុជា មានប្រភេទដំរីអាស៊ីនេះ ចន្លោះពី ៤០០ ទៅ ៦០០ ក្បាល ដែលកំពុងតែរស់នៅ ក្នុងព្រៃនៃតំបន់ការពារធម្មជាតិ របស់កម្ពុជា ក្នុងខេត្តរតនគិរី និងមណ្ឌលគិរី និងនៅក្នុង តំបន់ជួរភ្នំក្រវ៉ាញ។ កម្ពុជាមានដំរីស្រុកប្រមាណជាង ៧០ ក្បាលផងដែរ។
លោកឧញ៉ា សុខ ហុង ប្រធានអង្កការអភិរក្សដែនជម្រកសត្វព្រៃកម្ពុជា បានឱ្យដឹងថាៈ ខាវ៉ាន់ ត្រូវបានយកមកពី ប្រទេសប៉ាហ្គីស្ថាន កាលពីថ្ងៃទី៣០ វិច្ឆិកា កន្លងមកហើយបាន យកមកដាក់ ឲ្យរស់នៅដែនជំរកសត្វព្រៃ គូលែនព្រហ្មទេព ស្ថិតនៅក្នុងភូមិអូរតាម៉េង ឃុំអន្លង់វែង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ ដើម្បី បង្កាត់ពូជ ជាមួយដំរីក្នុងស្រុក។
លោកបានបន្តថាៈ ដំរីនេះ មានប្រវត្តិអភ័ព្វ ភាពអភ័យណាស់ ដោយសារខាវ៉ាន់ បានកើត នៅប្រទេសស្រីលង្ការ ប៉ុន្តែត្រូវបានលក់ ទៅប្រទេសប៉ាគីស្ថាន តាំងពីមានអាយុ ១ ឆ្នាំមកម្ល៉េះ។ លោកបានបញ្ជាក់ថាៈ ” រឿងខាវ៉ាន់ ទម្រាំមកដល់កម្ពុជា គឺមានប្រវត្តិវែង ឆ្ងាយណាស់ ដោយក្នុងនោះ វារស់នៅក្នុងសួនសត្វ មានដៃគូមួយក្បាល តែដៃគូរបស់វា បានងាប់ចោល នៅឆ្នាំ២០១២ ធ្វើឱ្យ ខាវ៉ាន់ ឯកកោ ដោយពេលខ្លះ វាយកក្បាលជល់នឹង ជញ្ជាំងថ្មី ទាំងជើង ជាប់ច្រវ៉ាក់។ អ៊ីចឹងយើងទម្រាំយកវា មកបានចំណាយពេលជាង ៥ ឆ្នាំ រហូតដល់មានការតតាំងក្តី តាមផ្នែកតុលាការថែមទៀត ” ។
ជាមួយគ្នានោះដែរ លោកឧញ៉ា ក៏បានឱ្យដឹងថាៈ លោកនឹងអភិរក្សសត្វ នៅ ដែនជម្រកសត្វ គូលេន ព្រហ្មទេព ដែលនៅពេលខាងមុខ នឹងក្លាយជាកន្លែង ទេសចរណ៍ ដែលសំបូរទៅ ដោយសត្វចម្រុះ។ លោកបានបញ្ជាក់ថាៈ លោកមានគំនិតយកសត្វដំរី ទាំងប៉ុន្មាន មករស់នៅដែនជម្រកសត្វព្រៃ គូលេន ព្រហ្មទេព ទាំងអស់ ដើម្បីឲ្យពួកវា រស់នៅជា លក្ខណៈធម្មជាតិ។
យ៉ាងណាក្តី បើតាមអ្នកនាំពាក្យ ក្រសួងបរិស្ថាន បានឱ្យដឹងដែរថា តាមការប៉ាន់ស្មាន ផែនការសកម្មភាពរយៈពេល ១០ ឆ្នាំ ដើម្បីអភិរក្សសត្វដំរីព្រៃអាស៊ីនេះ ត្រូវការថវិកាចំនួន ៤០,៥ លានដុល្លារសហរដ្ឋអាមេរិក ដែលជាគម្រោងថវិកា រំពឹងថា នឹងបានមកពីប្រភព រួមបញ្ចូលគ្នា ទាំងកញ្ចប់ថវិការាជរដ្ឋាភិបាល អង្គការមិនមែនរដ្ឋាភិបាល និងដៃគូអភិវឌ្ឍន៍ នានា៕/V-PC