ដោយៈ សរិទ្ធ / ស្វាយរៀងៈ រថយន្តមួយគ្រឿង បើកជែងជ្រុល ទៅបុកម៉ូតូសណ្តោងរ៉ឺម៉ក ដែលបើកបញ្ច្រាសទិសគ្នា បណ្តាលឲ្យ បុរសជាងផ្សារដែកម្នាក់ រងរបួសធ្ងន់ កាលពីល្ងាច ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចចន្លោះគីឡូម៉ែត្រលេខ ១១១-១១២ ក្នុងភូមិព្រែកទប់ ឃុំស្វាយជ្រំ ស្រុកស្វាយជ្រំ ។
បុរសរងគ្រោះ មានឈ្មោះ ហោ ភ័ត អាយុ៣០ឆ្នាំ មុខរបរ ជាជាងផ្សារដែករស់នៅភូមិឫស្សី ជួរខាងត្បូង ឃុំក្រោលគោ ស្រុកស្វាយជ្រំ។ ចំណែកអ្នកបើក រថយន្តបង្កហេតុមិនត្រូវបាន ស្គាល់ឈ្មោះនោះទេ ក្រោយឃើញសភាពការណ៍មិនស្រួល បានគេចខ្លួនបាត់ភ្លាមៗ។
អ្នកភូមិ បានឱ្យដឹងថាៈ មុនកើតហេតុ មានបុរសម្នាក់ បានបើកម៉ូតូសណ្តោងរ៉ឺម៉ក ម៉ាកយ៉ាម៉ាហា សាលូត គ្មានស្លាកលេខ លើដងផ្លូវ ត្រង់ចន្លោះគីឡូម៉ែត្រ ១១១-១១២ ។ ខណៈនោះ ស្រាប់តែមានរថយន្តមួយគ្រឿង បើកវ៉ាជែង ក្នុងស្ថានភាពគ្រោះថ្នាក់ បញ្ច្រាសទិសគ្នា មកបុកម៉ូតូសណ្តោងរ៉ឺម៉ក យ៉ាងពេញទំហឹង បង្កការភ្ញាក់ផ្អើលតែម្ដង។
ក្រោយកើតហេតុ អ្នករងរបួស ត្រូវបានសមត្ថកិច្ច ដឹកយកទៅសង្គ្រោះ នៅមន្ទីរពេទ្យ ខេត្តស្វាយរៀង និងវាស់វែងអូសម៉ូតូ ទៅរក្សាទុក នៅអធិការដ្ឋាននគរបាល ស្រុកស្វាយជ្រំ ដើម្បីរង់ចាំដោះស្រាយ ពេលក្រោយ ក្នុងខណៈពេល រថយន្តបង្កហេតុ បានគេចបាត់៕/V-PC