Home ព័ត៌មានជាតិ នយោបាយ សេចក្តីថ្លែងក...

សេចក្តីថ្លែងការណ៍​រួម របស់​វេទិកា​និពន្ធ​នាយក​សារព័ត៌មាន​កម្ពុ​ជា លើក​ទី ១៧

ដោយៈ ទេព មង្គល / ភ្នំពេញៈ នៅ​ព្រឹក​ថ្ងៃ​សៅរ៍ ទី​១៩ ខែធ្នូ ឆ្នាំ​២០២០ នេះ វេទិកា​និពន្ធ​នាយក​សារព័ត៌មាន​កម្ពុ​ជា (​វ​.​ន​.​អ​.​ក​) បានចេញ​សេចក្តីថ្លែងការណ៍​រួមមួយ ដោយបាន​ចាត់ទុកថា វិបត្តិ​កូ​វីដ​-១៩ គឺជា​វិញ្ញាសា​ដ៏​សំខាន់​មួយ សម្រាប់​វិស័យ​សារព័ត៌មាន នៅ​ទូទាំង​ពិភពលោក ក៏ដូចជា នៅក្នុង​ប្រទេស​កម្ពុជា ដែល​យើង​ត្រូវ​ដក​ពិសោធន៍ និង​ត្រូវ​ត្រៀមខ្លួន សម្រាប់​ប្រឈមមុខ នៅពេលដែល​វិបត្តិ​បែបនេះ កើតមាន​នៅពេល​ក្រោយ​។​

​ក្នុងន័យនេះ និពន្ធ​នាយក​សារព័ត៌មាន ទាំងអស់ ដែល​បាន​ចូលរួម ក្នុង​វេទិកា​និពន្ធ​នាយក​សារព័ត៌មាន​កម្ពុ​ជា លើក​ទី​១៧ ដែលមាន​ចំនួន ៥៦ នាក់ មកពី ៣១ ស្ថាប័ន បាន​ពិភាក្សា និង​អនុម័ត​សេចក្តីថ្លែងការណ៍​រួម ដែលមាន​ខ្លឹមសារ​ដូចខាងក្រោម​៖

១- វ​.​ន​.​អ​.​ក​. សូម​កោតសរសើរ ដោយស្មោះ ចំពោះ​អ្នកសារព័ត៌មាន ស្ថាប័ន និង​សមាគម​សារព័ត៌មាន គ្រប់រូប ដែល​បាន​ពុះពារ​គ្រប់​ឧបសគ្គ ក្នុងការ​បំពេញការងា​រ​របស់ខ្លួន បាន​យ៉ាង​ល្អ ក្នុងដំណាក់កាល​កូ​វីដ​-១៩ ដោយ​មិន​ខ្លាច​ការនឿយហត់ និង​ត្រូវ​លះបង់​សុវត្ថិភាព ផ្ទាល់ខ្លួន​ក៏ដោយ​។​

២- វ​.​ន​.​អ​.​ក​. យល់ឃើញថា ចាប់ពីពេលនេះ​តទៅ អ្នកសារព័ត៌មាន ក៏ដូចជា​ម្ចាស់​ស្ថាប័ន​សារព័ត៌មាន​នីមួយៗ ត្រូវ​ត្រៀមខ្លួន ឲ្យ​បានល្អ​ថែម​មួយកម្រិត​ទៀត ដើម្បី​ប្រឈមមុខ ជាមួយ​ហានិភ័យ ដែល​អាច​កើតមាន ជាយថាហេតុ ជាពិសេស​ជំងឺឆ្លង​សកល កាច​សាហាវ ណាមួយ​ផ្សេងទៀត នាពេលខាងមុខ​។​

៣- វ​.​ន​.​អ​.​ក​. យល់ឃើញថា ទោះជា​ស្ថិតក្នុង​កាលៈទេសៈ ដ៏​លំបាក​យ៉ាងណាក៏ដោយ ក៏​សារព័ត៌មាន នៅតែ​អាច​ដំណើរការ បាន​ដោយ​មិន​រាំងស្ទះ​ឡើយ សូម្បីតែ​ក្នុង​កាលៈទេសៈ ដែល​អ្នកសារព័ត៌មាន មិនអាច​ចេញពីផ្ទះ ឬ​ពី​ការិយាល័យ​បាន​។ ដើម្បី​បំពេញការងារ​ពី​ផ្ទះ ឬ​ការិយាល័យ​បាន អ្នកសារព័ត៌មាន ត្រូវមាន​ឧបករណ៍​ចាំបាច់ សម្រាប់​ធ្វើការ ទៅតាម​ប្រភេទ សារព័ត៌មាន ដែល​ខ្លួន​បម្រើការ ដូចជា កាសែត​, វិទ្យុ​, ទូរទស្សន៍ ឬ​អន​ឡាញ​។​

៤- វ​.​ន​.​អ​.​ក​. យល់ឃើញថា ចាប់ពីពេលនេះ​តទៅ អ្នកសារព័ត៌មាន និង​ម្ចាស់​ស្ថាប័ន​សារព័ត៌មាន នីមួយៗ គួរ​ចាប់ផ្តើម​ជជែក​ពិភាក្សាគ្នា ដើម្បី​ពិនិត្យមើល ឡើងវិញ នូវ​ធនធានមនុស្ស និង​ធនធាន​សម្ភារ​ចាំបាច់​នានា ដើម្បី​ធានាថា ស្ថាប័ន​របស់ខ្លួន នៅតែ​អាច​ដំណើរការបាន ទោះបីជា​ស្ថិតក្នុង​ស្ថានភាព​បិទ​ប្រទេស (Lockdown ) ក៏ដោយ​។​

៥- វ​.​ន​.​អ​.​ក​. យល់ឃើញថា អ្នកសារព័ត៌មាន ត្រូវមាន​ចំណេះដឹង​គ្រប់គ្រាន់ ផ្នែក​បច្ចេកវិទ្យា ឌីជីថល ដើម្បី​អភិវឌ្ឍ​ខ្លួន ឱ្យទាន់​យុគសម័យ បដិវត្តន៍​ឧស្សាហកម្ម ៤.០ និង​ដើម្បី​ត្រៀមលក្ខណៈ ធ្វើការ​ងារ​ដោយ​ខ្លួនឯង ពី​ការិយាល័យ ឬ​ពី​ផ្ទះ ក្នុង​កាលៈទេសៈ​ដែលមាន​ជំងឺឆ្លង កាច​សាហាវ​ផង​។ ដើម្បី​ទទួលបាន ចំណេះដឹង​ទាំងនេះ អ្នកសារព័ត៌មាន ត្រូវខិតខំ​ដោយ​ខ្លួនឯង និង​ត្រូវការ​ការគាំទ្រ ពី​ម្ចាស់​ស្ថាប័ន​។​

៦- វ​.​ន​.​អ​.​ក​. សូម​អំពាវនាវ​ដល់ ម្ចាស់​ស្ថាប័ន​សារព័ត៌មាន ទាំងអស់ ពិនិត្យមើល​ឡើងវិញ អំពី​ការបណ្តុះបណ្តាល ធនធានមនុស្ស របស់​អង្គភាព​សាមី និង​បំពាក់​គ្រឿង​ឧបករណ៍ សម្ភារ​ចាំបាច់ សម្រាប់​អ្នកសារព័ត៌មាន ដើម្បីឱ្យ​ពួកគេ អាចបំពេញ​ការងារ ពី​ចម្ងាយ បាន​ប្រកបដោយ​ប្រសិទ្ធភាព​។​

៧- វ​.​ន​.​អ​.​ក​. យល់ឃើញថា សារព័ត៌មាន​ប្រពៃណី គួរតែ​ប្រែក្លាយ​ស្ថាប័ន​របស់ខ្លួន ឲ្យ​ទៅជា​ពហុ​សារព័ត៌មាន ដោយ​ផ្អែកលើ​ប្រព័ន្ធ​ឌីជីថល និង​បណ្ដាញ​សង្គម ពោលគឺ​មិនអាច​ពឹង​តែ​លើ ប្រព័ន្ធ​ផ្សព្វផ្សាយ​ប្រពៃណី តែមួយ​មុខ ដូច​មុន​បានឡើយ​។​

៨- វ​.​ន​.​អ​.​ក​. យល់ឃើញថា ក្នុង​កាលៈទេសៈ​ដែល​ប្រទេសជាតិ ជួប​វិបត្តិ​ជំងឺឆ្លង​សកល​កាច​សាហាវ សារព័ត៌មាន រឹត​តែមាន​តួនាទី​សំខាន់ កាន់តែខ្លាំង​ឡើង ក្នុងការ​ផ្តល់ព័ត៌មាន ដល់​ប្រជាពលរដ្ឋ អំពី​ការវិវត្ត នៃ​ជំងឺ វិធី​ការពារ​ខ្លួន និង​សារ​អប់រំ​ផ្សេងៗ​ទៀត ដែល​ក្រសួងសុខាភិបាល រាជរដ្ឋាភិបាល និង​អង្គការ​សុខភាព ពិភពលោក ដាក់ចេញ សំដៅ​ទប់ស្កាត់ ការ​រាលដាល​ជំងឺឆ្លង​នេះ​។​

៩- វ​.​ន​.​អ​.​ក​. យល់ឃើញថា នៅក្នុង​កាលៈទេសៈ ដែល​ប្រទេសជាតិ មាន​វិបត្តិ​ជំងឺឆ្លង​សកល​កាច​សាហាវ សារព័ត៌មាន ក៏មាន​តួនាទី​សំខាន់ មួយទៀត ក្នុងការ​បង្ហាញផ្លូវ ដល់​ពលរដ្ឋ អំពី​មុខរបរ និង​ការងារ ដែល​ពួកគេ​អាចធ្វើ​បាន ដើម្បី​ដោះស្រាយ​ជីវភាព ពេល​បាត់បង់​ការងារ​ស្នូល ដែល​ខ្លួន​ធ្លាប់ធ្វើ ឬ​បាត់បង់​ចំណូល ដែល​ធ្លាប់មាន​។​

១០- វ​.​ន​.​អ​.​ក​. យល់ឃើញថា ទោះជា​ស្ថិតក្នុង ស្ថានភាព​លំបាក យ៉ាងណាក៏ដោយ ក៏​អ្នកសារព័ត៌មាន ត្រូវ​ប្រកាន់ខ្ជាប់ ក្រមសីលធម៌​វិជ្ជាជីវៈ ដោយ​មិន​បន្ធូរដៃ​ឡើយ ពីព្រោះ​វា​ជាត​ម្លៃ និង​ជា​ជំនឿ​របស់​មហាជន ដែល​មិនអាច​បោះបង់​បាន ក្នុង​គ្រប់​កាលៈទេសៈ​។​

១១- វ​.​ន​.​អ​.​ក​. យល់ឃើញថា ការចូលរួម​បន្សាប​ព័ត៌មាន​ក្លែងក្លាយ តាមរយៈ​ការ​ផ្តល់ព័ត៌មាន​ពិត ដល់​ប្រជាពលរដ្ឋ ឲ្យ​បាន​លឿន​រហ័ស គឺជា​តួនាទី មិនអាច​ខ្វះ​បាន របស់​ស្ថាប័ន​ព័ត៌មាន​អាជីព ក្នុង​គ្រប់​កាលៈទេសៈ ជាពិសេស​ក្នុង​គ្រា ដែលមាន​វិបត្តិ​ជំងឺឆ្លង សកល​កាច​សាហាវ ឬ​ពេល​មាន​ហានិភ័យ ផ្សេងៗ​ទៀត ដែល​ងាយ​ធ្វើឱ្យ​ពលរដ្ឋ ទទួលរង​គ្រោះ​។​

១២- វ​.​ន​.​អ​.​ក​. យល់ឃើញថា ក្លិប​អ្នកកាសែត​កម្ពុជា ក៏ដូចជា សមាគម​សារព័ត៌មាន ផ្សេងៗ​ទៀត មាន​តួនាទី​សំខាន់ ក្នុងការ​ចូលរួមចំណែក បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ ដល់​អ្នកសារព័ត៌មាន​។​

១៣- វ​.​ន​.​អ​.​ក​. សូម​អំពាវនាវ​ដល់ ក្រុមហ៊ុន​ផ្តល់​សេវា​អ៊ីនធឺណិត បង្កើន​ការទទួលខុសត្រូវ ចំពោះ​ការផ្តល់សេវា​អ៊ី​ន​ធឺ​ណែ​ត ដែលមាន​គុណភាព​ល្អ លឿន ទូលំទូលាយ និង​មានតម្លៃ​សមរម្យ មិន​រអាក់រអួល ដើម្បី​ធានាថា ការងារ​របស់​អ្នកសារព័ត៌មាន មិន​ត្រូវបាន​រាំងស្ទះ ដោយសារតែ​បញ្ហា​អ៊ីនធឺណិត​។​

១៤- វ​.​ន​.​អ​.​ក​. សូម​អំពាវនាវ​ដល់ អាជ្ញាធរ​រដ្ឋ​គ្រប់លំដាប់​ថ្នាក់ ផ្តល់​កិច្ចសហការ​ល្អ ដល់​អ្នកសារព័ត៌មាន ដោយ​គោរព​ឱ្យបាន​ខ្ជាប់ខ្ជួន សេរីភាព​សារព័ត៌មាន ទោះ​ក្នុងស្ថានភាព​ណាក៏ដោយ ដើម្បី​អនុញ្ញាតឱ្យ​អ្នកសារព័ត៌មាន អាចបំពេញ​ការងារ​បា​ន ដោយ​ងាយស្រួល និង​ទទួលបាន​ព័ត៌មាន​ច្បាស់លាស់ និង​ទាន់ពេលវេលា ដើម្បី​ផ្សព្វផ្សាយ​។​

១៥- វ​.​ន​.​អ​.​ក​. សូម​ថ្លែងអំណរគុណ យ៉ាង​ជ្រាលជ្រៅ ចំពោះ​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា ដែល​បានចេញ​សារ អបអរសាទរ ដល់​វេទិកា​និពន្ធ​នាយក​សារព័ត៌មាន​កម្ពុ​ជា ជា​រៀងរាល់ឆ្នាំ​។ វ​.​ន​.​អ​.​ក​. សូម​គាំទ្រ​ពេញទំហឹង ចំពោះ​ការប្តេជ្ញាចិត្ត​យ៉ាង​មុតមាំ របស់​រាជរដ្ឋាភិបាល ក្នុងការ​គាំពារ និង​លើកស្ទួយ​សេរីភាព សារព័ត៌​មាននៅ​កម្ពុជា​៕/V

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular