Home ព័ត៌មានជាតិ សេដ្ឋកិច្ច ការចុះបញ្ជី​ក...

ការចុះបញ្ជី​ការពារ​ម៉ាក​សំគាល់​ភូមិសាស្ត្រ នៅ ៣២ ប្រទេស​បន្ថែម ជំរុញ​ម្រេច​កំពត មាន​ទីផ្សារ​នាំចេញ កាន់តែ​ខ្ពស់​

ដោយៈ ពៅ​និមល / ភ្នំពេញ​: ក្រោយ​កម្ពុជា ទទួលបាន​ការចុះបញ្ជី​ការពារ ម៉ាក​សំគាល់ ភូមិសាស្ត្រ នៅ​បណ្តា​ប្រទេស ចំនួន ៣២ រួចមក ពេលនេះ មាន​ក្រុមហ៊ុន នាំចេញ​ជាច្រើន បានបង្ហាញ​ការសហការ ក​ម្ម៉​ង់ និង​ចុះ​កុងត្រា ដើម្បី​នាំចេញ​ទៅ​លក់ នៅ​ទីផ្សារ​ក្រៅប្រទេស​។​

​លោក ងួន ឡាយ ប្រធាន​សមាគម​លើកស្ទួយ​ម្រេច​កំពត កាលពី​ថ្ងៃទី​១៨ ខែធ្នូ ឆ្នាំ​២០២០ កន្លងទៅ បាន​មានប្រសាសន៍ ប្រាប់​រស្មី​កម្ពុជា​ថាៈ បន្ទាប់ពី​ទទួលបាន ការទទួលបាន​ចុះ បញ្ជិកា ការពារ​ជា​លក្ខណៈ​អន្តរជាតិ​មក យើង​មាន​វិសាលភាព គ្របដណ្តប់​ខ្ពស់ ក្នុងការ ការពារ​ម្រេច​កំពត និង​ទីផ្សារ​ម្រេច​។ ប៉ុន្តែ​សម្រាប់​ចុងឆ្នាំ​២០២១ សមាគម​ទទួល​បានការ ក​ម្ម៉​ង់​ច្រើន ពី​បណ្តា​ក្រុមហ៊ុននាំចេញ ដែល​បណ្តា​ក្រុមហ៊ុន​ទាំងនោះ បាន​ចុះ​កុងត្រា​រួច ហើយ ជាមួយ​ប្រជាកសិករ សម្រាប់​នាំចេញ​។​

​លោក​បានឱ្យដឹងថាៈ ” ត្រឹម​២០២១​នេះ យើង​ទទួល​កា​រក​ម្ម៉​ង់ ហើយ​ធ្វើ​កុងត្រា​ជាមួយ កសិករ មាន​ក្រុមហ៊ុន​ច្រើន ឧទាហរណ៍​ទី​១ ក្រុមហ៊ុន អ៊ី​យូ​លេន សម្រាប់​ឆ្នាំ​២០២១ គាត់​ធ្វើ​កុងត្រា​ហើយៗ ១០ តោន ហើយ​ក្រុមហ៊ុន ឡា​ផេ​ស៊ី​ហ្សិ​ន ក៏​គាត់​ចុះ​សហការ ជាមួយ​កសិករ​ជុំវិញ ៤-១០-២០ គ្រួសារ ហើយ​ក្រុមហ៊ុន កាន់​យ៉ា ក៏​គាត់​មក​ចុះ​ផ្ទាល់ ជាមួយ​កសិករ សហការ​ជាមួយ​កសិករ ដែល​យក​ផលិតផល ទាំងអស់​របស់​កសិក​រ ដែលមាន​ជុំវិញ ១៩ ទៅ ២០ គ្រួសារ ហើយ​ក្រុមហ៊ុន ផា​រ៉ា​ដាយ កំពុង​ធ្វើ​កុងត្រា​ជុំវិញ ២០ គ្រួសារ​ដែរ ហើយ​ក្រុមហ៊ុន ហ្វា​ម​លីង គាត់​ជា​រៀងរាល់ឆ្នាំ គាត់​ជួយ​កសិករ​ក្រោម ៦០ គ្រួសារ ដូច្នេះ​យើង​សង្ឃឹមថា សម្រាប់​ឆ្នាំ​២០២១ យើង​នឹងមាន​ទីផ្សារ​ល្អ​គួបផ្សំ​ជាមួយនឹង ការចុះបញ្ជី​ការពារ នៅ​លី​ស្បោ​ន ៣២ ប្រទេស ថា​យើង​នឹងមាន​ទីផ្សារ​ល្អ តទៅទៀត ” ។​

​ការចុះបញ្ជី​ការពារ​ជា​លក្ខណៈ​អន្តរជាតិ ម្រេច​កំពត នៅ​បណ្តា​ប្រទេស​ចំនួន ៣២ នេះ ធ្វើឡើង​ក្រោម​ច្បាប់ ទីក្រុង​ហ្សឺ​ណែវ ស្តីពី​កិច្ចព្រមព្រៀង ទីក្រុង​លី​ស្បោ​ន អំពី​ឈ្មោះ ប្រភពដើម​ទំនិញ និង​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​។ ចំពោះ​ទីផ្សារ​ម្រេច​កំពត ដែល​នាំ ចេញទៅ​ទីផ្សារ​ក្រៅ​ស្រុក ពិសេស​ខាង​ប៉ែក​អឺរ៉ុប នៅតែ​រក្សា​តម្លៃ​ដដែល ដូចជា​សម្រាប់ ម្រេចខ្មៅ តម្លៃ ១៥ ដុល្លារ ក្នុង​មួយ​គីឡូក្រាម ម្រេច​ក្រហម ២៥ ដុល្លារ និង​ម្រេចស តម្លៃ ២៨ ដុល្លារ​។​

“​ម្រេច​កំពត​” ស្ថិតនៅក្រោម​សមាគម​ជំរុញ​ម្រេច​កំពត មាន​ទីតាំងនៅ​ស្រុក​កំពង់ត្រាច ខេត្តកំពត​។ បច្ចុប្បន្ន សមាគម​មាន​សម​ជិ​ក​ជា​កសិករ​ដាំ​ម្រេច ជាង​៣០០​គ្រួសារ ដាំ​ម្រេច​លើ​ផ្ទៃដី​សរុប ២៩០ ហិកតា​។​

​ក្នុងចំណោម​ម៉ាក​សម្គាល់​ភូមិសាស្ត្រ ទំនិញ​ដទៃទៀត ក្រសួងពាណិជ្ជកម្ម បានជ្រើសរើស យក “​ម្រេច​កំពត​” ជា​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​ទី​១ យកមក​ចុះបញ្ជី នៅ​ក្រសួង ពាណិជ្ជកម្ម កាលពីដើម​ខែមេសា ឆ្នាំ​២០១០ ក្នុង​គោលបំណង កសាង​កេរ្តិ៍ឈ្មោះ ការធ្វើ​ពិពិធ​កម្ម​ទីផ្សារ និង​ទប់ស្កាត់​ការ​ក្លែងបន្លំ ទំនិញ​សម្គាល់ ភូមិសាស្ត្រ “​ម្រេច​កំពត​” នៅក្នុង​តំបន់ និង​អន្តរជាតិ ហើយ​ក្រសួងពាណិជ្ជកម្ម ក៏បាន​ធ្វើការ​ចុះបញ្ជី​ការពារ​ម៉ាក សម្គាល់​ភូមិសាស្ត្រ​ទំនិញ “​ម្រេច​កំពត​” នៅ​ប្រទេស ថៃ វៀតណាម​និង​នៅ​សហភាព អឺរ៉ុប​ផងដែរ​៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular