ដោយៈ រ៉ាម៉ន / ភ្នំពេញៈ លោក ឯក ឃុនដឿន អភិបាលខណ្ឌទួលគោក បានឱ្យដឹងថាៈ ផ្លូវលេខ២៨៥ មានប្រវែង ៤៩០ ម៉ែត្រ ទទឹង ៨ ម៉ែត្រកន្លះ តភ្ជាប់ពីផ្លូវ លេខ៥១៦ ទៅផ្លូវ លេខ៦០៨ ក្នុងសង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក ក្នុងចំណោមផ្លូវទាំង ៧ ខ្សែ ក្នុងខណ្ឌ ដែលលោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ បានសំរេចឲ្យជួសជុល កែលម្អឡើងវិញ ជាបន្ទាន់ ក្រោយទទួលរងការខូចខាត ដោយជំនន់ទឹក ភ្លៀង ដើម្បីសំរួលការធ្វើដំណើរ របស់ប្រជាពលរដ្ឋ។
ក្នុងនាមប្រជាពលរដ្ឋ ក្នុងខណ្ឌទួលគោក លោក ឯក ឃុនដឿន បានថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅ ដល់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ដែលបានអនុវត្ត តាមអនុសាសន៍ ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានណែនាំ ឲ្យមានការជួសជុល និងស្តារឡើងវិញ រាល់ហេដ្ឋារចនាសម្ព័ន្ធ ដែលខូចខាត ក្រោយជំនន់ទឹកភ្លៀង តាមបណ្តាខណ្ឌ ក្នុងរាជធានី ភ្នំពេញ។
លោក ឯក ឃុនដឿន បានឲ្យដឹងទៀតថាៈ ផ្លូវលេខ ២៨៥ ដែលត្រូវជួសជុល នាពេលនេះ គឺយើងកាយគ្រឹះចាស់ ដែលខូចចេញ ធ្វើគ្រឹះជាថ្មី មុននឹងអ៊ុតកៅស៊ូ ទៅតាមស្តង់ដារ បច្ចេកទេស។
លោកអភិបាលខណ្ឌ ក៏បានសំណូមពរដល់ប្រជាពលរដ្ឋ ដែលរស់នៅអមសងខាងផ្លូវ ដែលកំពុងតែដំណើរការ ជួសជុលនេះ ឲ្យមានការចូលរួមសហការ អ្វីដែលមានផល ប៉ះពាល់ ទៅលើផ្លូវ និងចិញ្ចើមផ្លូវ សុំបងប្អូនរំកិលចូលក្នុងឲ្យផុត ទុកលទ្ធភាពឲ្យដំណើរការ ការដ្ឋានប្រព្រឹត្តទៅដោយរលូន និងបានរួចរាល់ តាមការគ្រោងទុក។ ម្យ៉ាងទៀត កំណាត់ ផ្លូវនេះ ក៏ជាផ្លូវសំខាន់ ក្នុងការរំដោះចរាចរណ៦ ពីផ្លូវលេខ៧០ (ទំនប់ទួលគោក) និងផ្លូវ តំបន់អភិវឌ្ឍន៍បឹងកក់។
លោក ឯក ឃុនដឿន ក៏បានសុំការយោគយល់ពី សំណាក់ប្រជាពលរដ្ឋ ជាអ្នកដំណើរ ចំពោះការបិទផ្លូវ នៅទីតាំងជួសជុលផ្លូវ រយៈពេលខ្លី ដើម្បីឲ្យគ្រឿងចក្រ ងាយស្រួល ក្នុងការចល័តកៀរ ឬកាយដី ៕/V-PC