ប្រែសម្រួលៈវាសនា/ប៉េកាំង៖មន្ត្រីចិនជាន់ខ្ពស់ម្នាក់បាននិយាយកាលពីថ្ងៃសៅរ៍នេះថា ចិននឹងចាប់ផ្តើមចាក់វ៉ាក់សាំងក្នុងពេលឆាប់ៗសំរាប់បុគ្គលិកកម្មករនៅក្នុងវិស័យសុខាភិបាល គមនាគមន៍និងត្រួតពិនិត្យព្រំដែន។
អនុរដ្ឋមន្ត្រីនៃគណៈកម្មាធិការសុខភាពជាតិ លោកហ្សេង យីស៊ីន បានផ្តល់ភាពជាក់លាក់តិចតួចអំពីការចាក់វ៉ាក់សាំងនេះ តែបាននិយាយថារដ្ឋាភិបាលផ្តល់អាទិភាពដល់ជនទាំងឡាយណាដែលមានការប្រឈមនឹងវីរុសនេះខ្ពស់។
កម្មករនៅខាងឡូជីស្ទិក និងនៅតាមផ្សារលក់អាហារសមុទ្រនិងសាច់ស្រស់ក៏ស្ថិតចំណោមអ្នកប្រឈមខ្ពស់និងត្រូវទទួលវ៉ាក់សាំងមុនគេដូចមនុស្សចាស់និងអ្នកមានបញ្ហាសុខភាពខ្លះផងដែរ ។
ចិននិយាយថាខ្លួនបានគ្រប់គ្រងការឆ្លងរាលដាលជំងឺកូវីដ១៩នេះនៅក្នុងស្រុកបានភាគច្រើន និងបានប្រកាសការឆ្លងក្នុងស្រុកតែ៣ករណីកាលពីថ្ងៃសៅរ៍ ដោយ២នាក់នៅក្នុងរដ្ឋធានីប៉េកាំង និងម្នាក់នៅខេត្ត លីអាវនិញ។
វ៉ាក់សាំងផលិតដោយក្រុមហ៊ុនចិនមួយចំនួនកំពុងរង់ចាំការអនុម័តប្រើនៅក្នុងប្រទេសឥណ្ឌូនេស៊ី តួកគី និងប្រេស៊ីលនៅពេលបណ្តាក្រុមហ៊ុនផលិតកំពុងសាកល្បងវ៉ាក់សាំងនេះនៅក្នុងប្រទេសជាងដប់ រួមមានរុស្ស៊ី អេហ្ស៊ីប និងម៉ិកស៊ិច។បារ៉ែន បានក្លាយជាប្រទេសទី២នៅក្នុងលោក ដែលអនុម័តប្រើវ៉ាក់សាំងកូវីដ១៩របស់ចិន រួមជាមួយ អារ៉ាប់រួមអេមីរា់ត៕
លោកហ្សេង យីស៊ីន អនុរដ្ឋមន្ត្រីគណៈកម្មាធិការសុខភាពជាតិ និយាយក្នុងអំឡុងសន្និសីទសារព័ត៌មានស្តីពីវ៉ាក់សាំងកូវីដ១៩