ប្រែសម្រួល : កញ្ញាដាលីស ៖ ទិន្នន័យផ្លូវការបានបង្ហាញថា ឥណ្ឌាមានករណីកូវីដ១៩ កើនឡើងដល់ចំនួន១០ លាននាក់ហើយនៅថ្ងៃសៅរ៍នេះ ដែលជាអត្រាខ្ពស់បំផុតទី ២ នៅលើពិភពលោកបើទោះបីជាអត្រាឆ្លងថ្មីៗហាក់ធ្លាក់ចុះខ្លាំងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះក៏ដោយ។
ក្រសួងសុខាភិបាលបានឱ្យដឹងថា ករណីឆ្លងសរុបមានចំនួន១០លាននាក់ ក្រោយកើនឡើងករណីថ្មីជាង ២៥.០០០ ក្នុងរយៈពេល ២៤ ម៉ោង ខណៈអ្នកជាសះស្បើយមានចំនួន ៩,៦លាននាក់និងអ្នកស្លាប់មានចំនួន ១៤៥.១៣៦ នាក់។
កាលពីខែកញ្ញា ប្រទេសដែលមានប្រជាជន ១,៣ ពាន់លាននាក់នេះបានកត់ត្រាករណីឆ្លងថ្មីៗជារៀងរាល់ថ្ងៃជិត ១០០.០០០នាក់ហើយគ្រានោះមើលទៅទំនងជានឹងវ៉ាដាច់សហរដ្ឋអាម៉េរិកក្នុងនាមជាប្រទេសរងគ្រោះខ្លាំងជាងគេ។
ប៉ុន្តែជំងឺរាតត្បាតបានកើនឡើងយ៉ាងគំហ៊ុកនៅសហរដ្ឋអាម៉េរិក និងសន្ទុះឆ្លងនៅឥណ្ឌាបានថយចុះវិញទោះបីជាប្រទេសនេះសម្បូរទៅដោយទីក្រុងដែលមានមនុស្សរស់នៅច្រើនបំផុតនៅលើពិភពលោកក៏ដោយ។
សហរដ្ឋអាម៉េរិក ដែលមានចំនួនប្រជាជនមួយភាគបួននៃចំនួនប្រជាជនឥណ្ឌា មានករណីឆ្លងថ្មីចំនួន ២០០.០០០ ក្នុងមួយថ្ងៃនៅរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ ដែលខ្ពស់ជាងឥណ្ឌា ១០ ដង។
អត្រាមរណភាពនៅឥណ្ឌាក៏ទាបគួរឱ្យកត់សម្គាល់ផងដែរ ពោលគឺតិចជាងអាម៉េរិកពាក់កណ្តាល។ ប្រេស៊ីលក៏បានរាយការណ៍ផងដែរនូវអ្នកស្លាប់ជាង ១៨៥.០០០ នាក់៕
ឥណ្ឌាកត់ត្រាករណីកូវីដ១៩ ដល់ខ្ទង់១០លាននាក់ហើយ