Home ព័ត៌មានជាតិ សេដ្ឋកិច្ច ត្រី​សម្រាប់ធ...

ត្រី​សម្រាប់ធ្វើ​ប្រហុក​ផ្អក ត្រូវ​ច្រើន​ឡើងវិញ នៅថ្ងៃនេះ

ដោយៈ ប​.​ខុន/ភ្នំពេញៈ ត្រី​សម្រាប់ធ្វើ​ប្រហុក​ផ្អក ដែល​អ្នកធ្វើអាជីវកម្ម នេសាទ​តាម​គន្លង ដាយ​ត្រី ជួល​ពីរ​ដ្ឋ នៅក្នុង​ដង​ទន្លេសាប រាជធានី​ភ្នំពេញ មាន​បរិមាណ​កើនឡើង​ជាថ្មី នៅ​ថ្ងៃទី​១៩ ខែធ្នូ ដោយ​ត្រី​ដែល​ចាប់បាន ល្អ​ជាង​មុន ដូចជា​ត្រី​រាល ត្រី​ខ្នង​វែង និង​ត្រី​ស្លឹក ឫស្សី​ជាដើម​។​

​លោក ងិន ឌី នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល រាជធានី​ភ្នំពេញ បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង នៅ​ថ្ងៃទី​១៩ ខែធ្នូ​នេះ​ថាៈ បរិមាណ​ត្រី ដែល​អ្នកនេសាទ ចាប់បាន​នៅតាម​គន្លង​ដាយ ថ្ងៃនេះ មាន​ចំនួន​កើនឡើង​វិញ ដោយ​ក្នុង​រយៈពេល​ពី ៣០ ទៅ ៤០ នាទី លើក​ម្តង បាន​ត្រី​ពី ៨០ ទៅ ១៥០ គីឡូក្រាម​។ គ្រប់​គន្លង​ដាយ ចាប់បាន​ត្រី កើនឡើង​ដូចគ្នា នៅថ្ងៃនេះ​។​

​នាយ​ខណ្ឌ​រដ្ឋបាល​ជល​ផល ខាងលើ បាន​និយាយ​ឱ្យដឹងទៀតថាៈ កាលពី​ថ្ងៃទី​១៨ ខែធ្នូ នៅ​គ្រប់​គន្លង​ដាយ មិនមាន​ចាប់បាន​ត្រី សម្រាប់ធ្វើ​ប្រហុក​ច្រើន​នោះទេ សម្រាប់​នៅ រាជធានី​ភ្នំពេញ តែ​នៅ​កំពង់ឆ្នាំង អ្នកនេសាទ ដោយ​ដាក់មង ចាប់ផ្តើមបាន​ត្រី​ច្រើន ដែលជា​ត្រី​ចេញ ពី​បឹង​ទន្លេសាប​។​

​លោក ម៉ូត ហូ​សាន់ អ្នកធ្វើអាជីវកម្ម​នេសាទ តាម​គន្លង​ដាយ ជួល​ពីរ​ដ្ឋ បាន​និយាយ​ឱ្យដឹង នៅ​ថ្ងៃទី​១៩ ខែធ្នូ​ថាៈ ត្រី​ចាប់ផ្តើម​ត្រូវ​ឡើងវិញ នៅថ្ងៃនេះ ដោយ​លើក ម្តង បាន​ប្រមាណ​ជា ១០០ គីឡូក្រាម រយៈពេល​កន្លះ​ម៉ោង ត្រី​ដែល​ចាប់បាន​ប្លែក​មុខ និង​ទ្រើសៗ ជាង​ត្រី​ចាប់ បាន​កាលពី ពីរ បី ថ្ងៃមុន មាន​ត្រី​រាល ត្រី​ខ្នង​វែង និង​ត្រី​ស្លឹក​ឫស្សី ដូចជា​ត្រី​មកពី​បឹង ទន្លេសាប​។​

​រដ្ឋបាល​ជលផល នៃ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ កាលពី​ថ្ងៃទី​១៥ ខែធ្នូ ឆ្នាំ​២០២០ បាន​ជូនដំណឹង​ដល់ សាធារណជន​ថា ក្នុង​រដូវវស្សា ឆ្នាំ ២០២០-២០២១ នេះ បន្ទាប់ពី​បាន​សង្កេត តាមដាន​លើ​កម្ពស់​ទឹក ដែល​ហូរ​ចេញពី បឹង​ទន្លេសាប​រួច ឃើញថា គន្លង​ដាយ នៅតាម​ដង​ទន្លេសាប ក្នុងភូមិ​សាស្ត្រ​រាជ ធានី​ភ្នំពេញ និង​ខេត្តកណ្តាល អាច​នេសាទ​ត្រី​បាន​ច្រើន នៅក្នុង​ខែបុស្ស​នេះ គឺ​ចាប់​ពីថ្ងៃ ៦​កើត ដល់​ថ្ងៃ ១២​កើត ត្រូវ​នឹង​ថ្ងៃទី​២០ រហូតដល់​ថ្ងៃទី​២៦ ខែធ្នូ ប្រសិន បើ​មេឃ​ស្រឡះ​ល្អ គ្មាន​ភ្លៀង​កក់ខែ ឬ​ទទួលរង​ឥទ្ធិពល​ព្យុះ​។​

​ក្នុង​សេចក្តីជូនដំណឹង ដែល​ចុះហត្ថលេខា ដោយ​លោក អេង ជា​សាន ប្រតិភូ​រាជរដ្ឋាភិបាល ទទួលបន្ទុក​ជា ប្រធាន​រដ្ឋបាល​ជលផល បាន​ស្នើសុំ​អញ្ជើញ​បងប្អូន ប្រជាពលរដ្ឋ​ដែល មានបំណង​ធ្វើ​ប្រហុក​ផ្អក ត្រីឆ្អើរ ។​ល​។ សម្រាប់​ទុក​បរិភោគ ប្រចាំឆ្នាំ​មេត្តា​អញ្ជើញ មក​ទិញ​ត្រី ក្នុង​ខែបុស្ស​នេះ ឱ្យបាន​រួសរាន់ តាម​ពេលវេលា និង​ទីកន្លែង​ដូច​បាន​ជម្រាបជូន ខាងលើ​៕/V-PC​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular