ប្រែសម្រួល : កញ្ញាដាលីស/សេអ៊ូល ៖ ទីភ្នាក់ងារសារព័ត៌មានយ៉ុនហាប់បាននិយាយថា កូរ៉េខាងត្បូងបានបញ្ជាឱ្យមន្ទីរពេទ្យរក្សាទុកគ្រែសម្រាប់អ្នកជំងឺកូវីដ១៩ធ្ងន់ធ្ងររ៉ាំរ៉ៃខណៈរលកទីបីនៃជំងឺរាតត្បាតបានធ្វើឱ្យមានការព្រួយបារម្ភអំពីកង្វះគ្រែនៅក្នុងប្រទេសមួយ ដែលបានរក្សាចំនួនស្លាប់នៅកម្រិតទាបមកទល់ឥឡូវ។
ទីភ្នាក់ងារគ្រប់គ្រងនិងបង្ការជំងឺកូរ៉េ (KDCA) បានរាយការណ៍ថាមានការឆ្លងវីរុសកូរ៉ូណាថ្មីចំនួន១.០៥៣ នាក់ ដែលជាកំណត់ត្រា ឆ្លងខ្ទង់ ១.០០០ នាក់នៅ៤ ថ្ងៃជាប់ៗគ្នា។
កូរ៉េខាងត្បូងបានកត់ត្រាករណីស្លាប់ដោយកូវីដចំនួន ៦៥៩ នាក់ក្នុងចំណោមអ្នកឆ្លងចំនួន ៤៨.៥៧០ នាក់ ដែលជាអត្រាមរណភាពទាបបំផុតមួយដោយសារតែការតាមដានទំនាក់ទំនងនិងការធ្វើតេស្តិ៍យ៉ាងខ្លាំងក្លាក្នុងឆ្នាំនេះ ដែលកាត់បន្ថយបន្ទុកសម្ពាធធ្ងន់ធ្ងរនៅតាមមន្ទីរពេទ្យ ដោយអនុញ្ញាតឱ្យពួកគេផ្តោតលើអ្នកជំងឺធ្ងន់ធ្ងរ។
កិច្ចខិតខំប្រឹងប្រែងកាត់បន្ថយការឆ្លងខ្លាំងក្លាបែបនេះហើយបានធ្វើឱ្យកូរ៉េខាងត្បូងក្លាយជាប្រទេសជោគជ័យជាសកល ខណៈពេលដែលប្រទេសជាច្រើនបានឃើញការឆ្លងរាលដាលខ្លាំងដែលបណ្តាលឱ្យមានការបិទទ្វារប្រទេសនៅពាសពេញពិភពលោក។
ប៉ុន្តែការកើនឡើងករណីឆ្លងថ្មីនាពេលថ្មីៗនេះ ដែលផ្តើមចេញពីចង្កោមតូចៗ បានបណ្តាលឱ្យមានការខ្វះខាតគ្រែមន្ទីរពេទ្យ។
យ៉ុនហាប់បានរាយការណ៍ដោយផ្អែកលើមន្ទីរពេទ្យនិងរដ្ឋបាលតំបន់នានានៅថ្ងៃសៅរ៍ទី ១៩ ខែធ្នូនេះយ៉ាងដូច្នេះថាទីស្នាក់ការកណ្តាលគ្រប់គ្រងគ្រោះមហន្តរាយរបស់ក្រសួងសុខាភិបាលបានបញ្ជាឱ្យមន្ទីរពេទ្យទូទៅនិងមន្ទីរពេទ្យសាកលវិទ្យាល័យជាតិធានារក្សាទុកគ្រែឱ្យបាន ១ ភាគរយសម្រាប់អ្នកជំងឺកូវីដ១៩ធ្ងន់ធ្ងរ។
បច្ចុប្បន្នតំបន់ជុំវិញទីក្រុងសេអ៊ូល ដែលមានប្រជាជនរស់នៅ២៦លាននាក់ នៅសល់គ្រែសម្រាប់អ្នកជំងឺធ្ងន់ធ្ងរតែ ១៣ គ្រែប៉ុណ្ណោះ៕
កូរ៉េខាងត្បូងកំពុងប្រឈមកង្វះគ្រែសម្រាប់អ្នកជំងឺ និងបានសង់កុងតេនឺដាក់គ្រែពេទ្យបណ្តោះអាសន្ន