ដោយៈ ដកស្រង់ពីវចនានុក្រម សម្តេចសង្ឃរាជ ជួន ណាត
សន្មត
(សន់-ន្ម៉ត់)
កិរិយាសព្ទ
( សំ. បា. សម្មត ) ប្ដេជ្ញា; សន្យា; អនុម័ត; យល់ព្រមជាមួយ, ព្រមតាម; តាំង, តាំងឲ្យជា…; កំណត់, កំណត់ជា…; ទុកដាក់ជា…, ទុកដាក់ឲ្យជា…; បញ្ញត្តឲ្យដឹង
សន្មតគ្នា, ប្ដេជ្ញាគ្នា, សន្យាគ្នា ។ សន្មតគត់ដាគ្នា ប្តេជ្ញាគ្នាឬសន្យាគ្នាយ៉ាងម៉ឺងម៉ាត់ ។
សន្មតនាម តាំងឈ្មោះ, ឲ្យឈ្មោះ ។ សន្មតមនុស្សម្នាក់ឲ្យជាយក្ស ទុកដាក់មនុស្សម្នាក់ឲ្យធ្វើជាយក្ស ។ ល ។ ប្រើជា គុ. ក៏បាន : ពាក្យសន្មត ។
ជំនាងផ្ទះ
នាមសព្ទ
ទេវតាដែលថែរក្សាផ្ទះ,វត្ថុសក្ដិសិទ្ធិដែលនៅអាស្រ័យក្នុងផ្ទះ ( តាមប្រពៃណីខ្មែរ, នៅវេលាសង់ផ្ទះថ្មី, មុននឹងដាក់មេដំបូល, គេតែងយកសំពត់ជាតីឬព្រៃពណ៌ក្រហមប្រមាណជាកន្លះម៉ែត្រ មានគូរយន្តទៅដាក់ភ្ជាប់ចំកណ្ដាលមេដំបូល-គេរៀបទ្រនឹបជាងមានបង្អែម, ចម្អាប, ទៀន, ធូប, ភ្ញីផ្កាជាដើម តាមសមគួរ ធ្វើពិធីសែនព្រេនបួងសួងរំលឹកដល់ទេវតា ១ អង្គគឺព្រះពិស្ណុការ ដែលពួកជាងពីបុរាណតែងប្រកាន់ជឿថាជាគ្រូធំបំផុតរបស់ពួកជាងទាំងអស់ – សូមអញ្ជើញព្រះពិស្ណុការនោះមកជាអធិបតីក្នុងការសង់ផ្ទះថ្មី កុំឲ្យមានឧបស័គ្គគ្រោះថ្នាក់ផ្សេងៗ ព្រមទាំងសូមឲ្យជួយថែរក្សាម្ចាស់ផ្ទះឲ្យបានសុខចម្រើន … គេជឿថាវត្ថុសក្ដិសិទ្ធិនោះមកសណ្ឋិតនៅក្នុងផ្ទះ នៅវេលាដែលគេធ្វើផ្ទះ រួចហើយ, ដូច្នេះទើបគេសន្មតកំណត់ហៅ ទេវតានោះថា ជំនាងផ្ទះ )
អុជទៀនធូបបូជារំលឹកនឹកដល់ជំនាងផ្ទះសុំឲ្យជួយថែរក្សាកូនចៅឲ្យបានសុខសប្បាយ, ជំនាងផ្ទះមកពន្យល់សប្តិ … ( ហៅក្លាយជា ជនាងផ្ទះ ក៏មាន ) ។
ចេតិយ
(ចេដី ឬ ចែដី)
នាមសព្ទ
(បា.; សំ. ចៃត្យ) ទីដែលគេគោរពបូជា គឺទីណាមួយ ទោះមានដើមឈើធំជាប្រធានជាទីសម្គាល់ក្ដី, មានថ្មធំៗ ជាទីចំណាំក្ដី ។ល។ ដែលអ្នកផងគេសន្មត គេជឿថាជាទីស័ក្ដិសិទ្ធិ គេតែងធ្វើសក្ការបូជាគោរព ក៏ហៅថា ចេតិយទាំងអស់; តែក្នុងប្រទេសយើងសព្វថ្ងៃនេះ ចំពោះតែគារវវត្ថុ ដែលគេកដោយឥដ្ឋជាដើម សម្រាប់តម្កល់ព្រះសារីរិកធាតុនៃព្រះសម្មាសម្ពុទ្ធជាដើម នោះទើបហៅថា ចេតិយ (ខ្មែរហៅ ចៃដី ក៏មាន, ហៅក្លាយជា ចាយដី ក៏មាន); គួរសរសេរ ចេតិយ ឬ ចៃដី ។
ធនបត្រ
(ធៈ នៈ ប័ត)
នាមសព្ទ
( សំ. ធន ” ទ្រព្យ ” + បត្រ ” សន្លឹក, ស្លឹក; ក្រដាស” ) ពាក្យសន្មតហៅក្រដាសដែលប្រើចាយជាជំនួសប្រាក់ តាមបញ្ញត្តិរបស់រាជការគ្រប់ប្រទេសក្នុងសម័យសព្វថ្ងៃនេះ ( ក្រដាសប្រាក់ ) ។ ( គួរប្រើពាក្យនេះតាមសម័យនិយម ) ។
លំនៅ
នាមសព្ទ
ទីឬកន្លែងដែលនៅឬសម្រាប់នៅ
ផ្ទះជាលំនៅរបស់មនុស្ស, ព្រៃជាលំនៅរបស់សត្វ (គួរកុំប្រើថា ទីលំនៅ ព្រោះ លំនៅ ជានាមសព្ទប្រាប់សេចក្ដីថា ទី-សម្រាប់នៅ ស្រេចទៅហើយ បើថែមពាក្យ ទី មកទៀតនាំឲ្យផ្ទួន ឲ្យធ្ងន់, បើត្រូវការប្រើពាក្យ ទី ត្រូវថា ទីនៅ ឬ ទីជាលំនៅ ក៏គឺ លំនៅ ហ្នឹងឯង) ។