ដោយៈ មុនីរ័ត្ន / ភ្នំពេញៈ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ បានចេញសេចក្តីជូនដំណឹងមួយ នៅថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២០ នេះ ស្តីពីការកែសម្រួល ការអនុវត្តវិធានការ សុខាភិបាល និងការធ្វើចត្តាឡីស័ក ចំពោះអ្នកការទូត និងមន្ត្រីអង្គការអន្តរជាតិ ដែលកាន់ទិដ្ឋាការការទូត (Visa A)។
តាមរយៈសេចក្តីជូនដំណឹងនេះ គណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ សូមជម្រាបជូន ស្ថានតំណាងបរទេស ប្រចាំកម្ពុជា អង្គការអន្តរជាតិ និងសាធារណជន ទាំងអស់មេត្តាជ្រាបថា យោងតាមចំណារយល់ព្រម ដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ចុះថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ លើលិខិតលេខ ២៦០ សខល ចុះថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ របស់ក្រសួងសុខាភិបាល ស្តីពីការកែសម្រួល ការអនុវត្តវិធានការសុខាភិបាល និងការធ្វើចត្តាឡីស័ក រយៈពេល ១៤ ថ្ងៃ ពេញលេញ ចំពោះ អ្នកការទូត និងមន្ត្រីអង្គការអន្តរជាតិ ដែលកាន់ទិដ្ឋាការការទូត (Visa A) ត្រូវ៖
-មានវិញ្ញាបនបត្របញ្ជាក់សុខភាព (Health Certificatc) ចេញដោយអាជ្ញាធរ សុខាភិបាល ទទួលស្គាល់ ដោយប្រទេសសាមី បញ្ជាក់ថា គ្មានកូវីដ-១៩ មានសុពលភាព រយៈពេល ៧២ ម៉ោង មុនពេលចេញដំណើរ ។ នៅពេលមកដល់កម្ពុជា អ្នកទាំងនោះ ត្រូវឆ្លងកាត់ ការយកសំណាក ទៅធ្វើតេស្ត ដោយក្រុមគ្រូពេទ្យវិជ្ជាជីវៈកម្ពុជា។
-ស្ថានតំណាងបរទេស និងក្រុមការងារ អង្គការសហប្រជាជាតិ នៅកម្ពុជា ត្រូវធានាលើការត្រួតពិនិត្យ ឲ្យបានហ្មត់ចត់ ក្នុងការអនុវត្តរបស់ អ្នកទទួលបានទិដ្ឋាការ ការទូតកម្ពុជា (Visa A) ការធ្វើចត្តាឡីស័ក ១៤ ថ្ងៃ ពេញលេញ។ ក្នុងករណីមានអ្នកដំណើរណាម្នាក់ ដែលធ្វើតេស្តវិជ្ជមាន វីរុសកូវីដ-១៩ ក្រសួងសុខាភិបាល នឹង បញ្ជូនអ្នកវិជ្ជមានវីរុសកូវីដ-១៩ ទៅមន្ទីរពេទ្យ តាមការកំណត់របស់ ក្រសួងសុខាភិបាល។
-ធ្វើចត្តាឡីស័ក ១៤ ថ្ងៃ ពេញលេញ នៅនិវេសនដ្ឋាន របស់ស្ថានទូត ឬគេហដ្ឋាន ដាច់ដោយឡែក។ ក្នុងករណី អ្នកការទូត ដែលមិនស្នាក់នៅ ក្នុងនិវេសនដ្ឋាន របស់ស្ថានទូត ឬគេហដ្ឋាន ដាច់ដោយឡែក ត្រូវធ្វើចត្តាឡីស័ក ១៤ ថ្ងៃ ពេញលេញ នៅសណ្ឋាគារ Himawari និងស្ថិតនៅក្រោមការត្រួតពិនិត្យ របស់ស្ថានទូត អង្គការអន្តរជាតិសាមី និងមន្ត្រីសុខាភិបាល ដោយរាល់ការចំណាយទាំងអស់ ជាបន្ទុករបស់សាមីខ្លួនផ្ទាល់។
-ក្នុងអំឡុងពេលធ្វើចត្តាឡីស័ក រយៈពេល ១៤ ថ្ងៃ ពេញលេញ មិនអនុញ្ញាតឲ្យជួបភ្ញៀវឡើយ។
-ការធ្វើដំណើរ ពីព្រលានយន្តហោះ ទៅនិវេសនដ្ឋានរបស់ស្ថានទូត ឬគេហដ្ឋាន ដាច់ដោយឡែក ត្រូវប្រើប្រាស់ តែមធ្យោបាយដឹកជញ្ជូន របស់ស្ថានទូត ឬអង្គការអន្តរជាតិ ប៉ុណ្ណោះ៕/V