ដោយ: ម៉េងឆៃ/ ភ្នំពេញ: កាលពីថ្ងៃទី១៤ ខែធ្នូ ជាថ្ងៃខួបលើកទី២៨ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរ ក្នុងបញ្ជីបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ ដើម្បីអបអរសាទរដល់ថ្ងៃខួបដ៏មានអត្ថន័យនេះ កាលពីថ្ងៃទី១៤ ខែធ្នូ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានប្រកាសពីការប្តេជ្ញាចិត្តមុតមាំរបស់កម្ពុជាក្នុងការបន្ត អភិរក្សបេតិកភណ្ឌរមណីយដ្ឋានអង្គរ។សម្តេចតេជោហ៊ុនសែនអះអាងថាបច្ចុប្បន្នអង្គរវត្តបានក្លាយជាគោលដៅទេសចរណ៍លេខ១នៅលើពិភពលោក។រមណីយដ្ឋានអង្គរជាសម្បត្តិបេតិកភណ្ឌដ៏មានតម្លៃរបស់ប្រជាជនកម្ពុជានិងពិភពលោកទាំងមូល ដូច្នេះកូនខ្មែរគ្រប់រូប ត្រូវតែបំពេញកាតព្វកិច្ចរបស់ខ្លួនថែរក្សា ការពារ សម្បត្តិបេតិកភណ្ឌវប្បធម៌មួយនេះឲ្យបានល្អ និងគង់វង្ស។
កាលពីថ្ងៃទី១៥ ខែធ្នូ សម្តេចតេជោនាយករដ្ឋមន្ត្រីកម្ពុជាបានប្រកាសថ្លែងសារពិសេស ទៅកាន់ជនរួមជាតិ ពាក់ព័ន្ធនឹងស្ថានភាពជំងឺកូវីដ១៩ និងដំណើរការនៃការបញ្ជាទិញវ៉ាក់សាំងកូវីដ។ សម្តេចតេជោ បានប្រកាសពីជោគជ័យ ក្នុងការគ្រប់គ្រងបាននូវព្រឹត្តការណ៍សហគមន៍២៨វិច្ឆិកា តែមិនទាន់បិទបញ្ចប់នៅឡើយទេ។ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសពីការត្រៀមថវិកា ចន្លោះពី ១០០ ទៅ ២០០លានដុល្លារ ដើម្បីបញ្ជទិញវ៉ាក់សាំងប្រឆាំងជំងឺកូវីត១៩ ដោយប្រើប្រាស់យន្តការកូវ៉ាក់ ( COVAX ) ផងដែរ។
ក្នុងពេលថ្លែងសារទៅកាន់ជនរួមជាតិ កាលពីថ្ងៃទី១៥ ខែធ្នូ សម្តេចតេជោ ហ៊ុន សែន ក៏បានប្រកាសបន្តដំណើរការផ្តល់សាច់ប្រាក់ដល់គ្រួសារក្រីក្រ ក្នុងអំឡុងពេលប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ នៅជុំទី៤ រយៈពេល ៣ខែតទៅទៀត ចាប់ពីខែមករា ឆ្នាំ២០២១។ កម្មវិធីផ្តល់សាច់ប្រាក់ ដែលចាប់ផ្តើមពីខែមិថុនា ឆ្នាំ២០២០ មកដល់ពេលនេះ រាជរដ្ឋាភិបាល បានចំណាយ ប្រមាណ ១៦៥ លានដុល្លារហើយ។
ក្នុងពេលថ្លែងសារទៅកាន់ជនរួមជាតិ កាលពីថ្ងៃទី១៥ ខែធ្នូ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន ក៏បានប្រកាស សម្រេចឲ្យសិស្សថ្នាក់ទី១២ជាប់បាក់ឌុបទាំងអស់គ្នាដោយមិនចាំបាច់ប្រឡង។សម្តេចក៏បានប្រកាសអនុញ្ញាតឲ្យសិស្សថ្នាក់ទី៩ដែលទើបប្រឡងឌីប្លូមរួចកាលពីថ្ងៃទី៣០វិច្ឆិកាក៏ជាប់ដោយស្ថាពរដូចសិស្សបាក់ឌុបដែរ។នេះដោយសារតែបញ្ហាកូវីដ១៩ ដែលបន្តអូសបន្លាយ ពិសេសព្រឹត្តិការណ៍សហគមន៍ ថ្ងៃ២៨វិច្ឆិកា ដែលមិនទាន់បិទបញ្ចប់នៅឡើយ។
ស្ថាប័នរដ្ឋសភា និងក្រសួងមហាផ្ទៃ បានចាប់ផ្ដើមការបំពេញការងារជាប្រក្រតីភាពឡើងវិញហើយ បន្ទាប់ពីបានផ្អាក និងស្ថិតក្រោមបន្ទាត់ប្រុងប្រយ័ត្នអស់រយៈពេលជាច្រើនថ្ងៃ ដោយសារពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា។ កាលពីថ្ងៃទី១៥ ខែធ្នូ ក្រសួងសុខាភិបាលបានប្រកាសរកឃើញករណីវិជ្ជមានជំងឺកូវីដ១៩ថ្មី ចំនួន ៣នាក់ទៀត ក្នុងនោះ ម្នាក់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា។ យ៉ាងណាក៏ដោយ ក៏មានអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍ ៣នាក់ដែរ បានជាសះស្បើយ កាលពីថ្ងៃទី១៥ ខែធ្នូ។
កាលពីថ្ងៃទី១៦ ខែធ្នូ ក្រសួងធនធានទឹក និងឧតុនិយម បានប្រកាសថា ចាប់ពីថ្ងៃទី១៦ ខែធ្នូ រហូតដល់ថ្ងៃទី២២ ខែធ្នូ ខាងមុខ ប្រទេសកម្ពុជា ទទួលរងអាកាសធាតុចុះត្រជាក់ ដែលមានសីតុណ្ហភាព ចន្លោះពី ១៧ ឬថ្ងៃ១៨ អង្សាសេ។ ឆ្លើយតបនឹងស្ថានភាពអាកាសធាតុចុះត្រជាក់នេះ ក្រសួងធនធានទឹក ក៏បានអំពាវនាវដល់សាធារណជន ពិសេសកងទ័ពរស់នៅ និងឈរជើងនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន ត្រូវយកចិត្តទុកដាក់ ថែរក្សាសុខភាពអំឡុងពេលចុះត្រជាក់នេះ។
ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា កាលពីព្រឹកថ្ងៃទី១៧ ខែធ្នូ បានយាងជាព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត ក្នុងព្រះរាជពិធីសម្ពោធអគារពុទ្ធិកវិទ្យាល័យជម្ពូវ័នសែនជ័យ និងសមិទ្ធផលនានា នៅវត្តជម្ពូវ័ន។ វត្តជម្ពូវ័ន ស្ថិតនៅតាមផ្លូវជាតិលេខ៤ ក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
កាលពីថ្ងៃទី១៥ ខែធ្នូ សម្តេចតេជោ ហ៊ុន សែន បានផ្ញើសារលិខិត អបអរសាទរលោក ចូ បៃដិន ជាប្រធានាធិបតីជាប់ឆ្នោតថ្មីរបស់សហរដ្ឋអាមេរិក។ ក្នុងសារលិខិត សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា តាងនាមឱ្យរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា សម្តេចមានកិត្តិយសដ៏ធំធេង និងសេចក្ដីសោមនស្សរីករាយឥតឧបមា សូមសម្ដែងនូវអំណរសាទរជូនចំពោះឯកឧត្តម ដែលបានជាប់ឆ្នោតជាប្រវត្តិសាស្ត្រ ជាប្រធានាធិបតីសហរដ្ឋអាមេរិកទី ៤៦។ តាមសម្តេចតេជោ បទពិសោធជាច្រើន រួមនឹងភាពជាអ្នកដឹកនាំដ៏វៀងវៃរបស់ឯកឧត្តម គឺជាកត្តាសត្យានុម័ត ក្នុងការទទួលបាននូវទំនុកចិត្តពីប្រជាជនអាមេរិក។ សម្តេចមានជំនឿយ៉ាងមុតមាំថា «ក្រោមការដឹកនាំរបស់ឯកឧត្តម សហរដ្ឋអាមេរិក នឹងបន្តរីកចម្រើនទៅមុខ និងរួមចំណែកនាំឱ្យពិភពលោក មានសេរីភាព និងវិបុលភាពកាន់តែល្អប្រសើរថែមទៀត»។
សម្ដេច តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃ ព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិត ទៅកាន់វេទិកានិពន្ធនាយកសារព័ត៌មានកម្ពុជា ដែលរៀបចំឡើងដោយក្លិបអ្នកកាសែតកម្ពុជា នៅថ្ងៃទី១៩ ខែធ្នូនេះ។ សម្តេច បានស្នើអោយអ្នកសារព័ត៌មានទាំងអស់ ចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ តាមរយៈការផ្សព្វផ្សាយព័ត៌មានអប់រំ និងវិធានការសុវត្ថិភាពរបស់ក្រសួងសុខាភិបាល ជូនប្រជាពលរដ្ឋឲ្យបានយល់ដឹងច្បាស់ ដើម្បីរួមគ្នាប្រឆាំង ទប់ស្កាត់ និងលុបបំបាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ដែលកំពុងឆ្លងចូលសហគមន៍កម្ពុជា។
នៅពេលអង់គ្លេស ចេញពីសហភាពអឺរ៉ុបជាផ្លូវការហើយនោះ ប្រទេសមួយនេះ នឹងមិនអនុវត្តការដកប្រព័ន្ធអនុគ្រោះពន្ធ «អ្វីៗគ្រប់មុខទំនិញលើកលែងតែសព្វាវុធ EBA» ពីកម្ពុជាឡើយ។ នេះបើតាមការបញ្ជាក់ពីលោកស្រី Tina Redshaw ឯកអគ្គរាជទូតអង់គ្លេស ប្រចាំកម្ពុជា ក្នុងជំនួបជាមួយឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា លោក ប្រាក់ សុខុន។
កាលពីព្រឹកថ្ងៃទី១៩ ខែធ្នូ ក្រសួងសុខាភិបាល បានប្រកាសថា មានអ្នកជំងឺកូវីដ១៩ ចំនួន ៤នាក់ទៀត បានជាសះស្បើយ។ ក្នុងនោះ មាន ២នាក់ ជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា។ រីឯអ្នកជាសះស្បើយ ២នាក់ទៀត ជាអ្នកធ្វើដំណើរមកពីប្រទេសជប៉ុន និងម៉ាលី។ កាលពីថ្ងៃទី១៨ ខែធ្នូ មិនមានអ្នកឆ្លងថ្មីទេ។
គិតពីថ្ងៃទី២៨វិច្ឆិកា មកដល់ថ្ងៃទី១៩ ខែធ្នូនេះ ព្រឹត្តិការណ៍ឆ្លងសហគមន៍២៨វិច្ឆិកា មានអ្នកឆ្លងសរុប ៤១នាក់។ ក្នុងនោះ ក៏មានអ្នកជាសះស្បើយ កើនឡើងដល់ ៣០នាក់ហើយ គិតត្រឹមថ្ងៃទី១៩ ខែធ្នូនេះ។
ដោយឡែក នៅទូទាំងប្រទេស គិតត្រឹមម៉ោង ៧ព្រឹក ថ្ងៃទី១៩ ខែធ្នូ ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៣៦២នាក់។ ក្នុងនោះ ៣៤៥នាក់ ត្រូវបានព្យាបាលជាសះស្បើយ និង ១៧នាក់ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ៕សរន