ដោយ៖ ម៉េងឆៃ/ ភ្នំពេញ: កាលពីព្រឹកព្រលឹមថ្ងៃទី១៩ ខែធ្នូ ក្រសួងសុខាភិបាល បានប្រកាសថា មានអ្នកជំងឺកូវីដ១៩ ចំនួន ៤នាក់ទៀត បានជាសះស្បើយ។ ក្នុងនោះ មាន ២នាក់ ជាអ្នកពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា។ រីឯអ្នកជាសះស្បើយ ២នាក់ទៀត ជាអ្នកធ្វើដំណើរមកពីប្រទេសជប៉ុន និងម៉ាលី។ កាលពីថ្ងៃទី១៨ ខែធ្នូ មិនមានអ្នកឆ្លងថ្មីទេ។
កម្ពុជាមិនមានអ្នកឆ្លងជំងឺកូវីដ១៩ថ្មី គឺចាប់តាំងពីថ្ងៃទី១៥ ខែធ្នូ។ ផ្ទុយទៅវិញ កម្ពុជាយើង មានអ្នកជាសះស្បើយជាបន្តបន្ទាប់។ ក្នុងនោះ គិតពីថ្ងៃទី២៨វិច្ឆិកា មកដល់ថ្ងៃទី១៩ ខែធ្នូនេះ ព្រឹត្តិការណ៍ឆ្លងសហគមន៍២៨វិច្ឆិកា មានអ្នកឆ្លងសរុប ៤១នាក់។ ក្នុងនោះ ក៏មានអ្នកជាសះស្បើយ កើនឡើងដល់ ៣០នាក់ហើយ គិតត្រឹមថ្ងៃទី១៩ ខែធ្នូនេះ។
ដោយឡែក នៅទូទាំងប្រទេស គិតត្រឹមម៉ោង ៧ព្រឹក ថ្ងៃទី១៩ ខែធ្នូ ក្រសួងសុខាភិបាល រកឃើញអ្នកឆ្លងជំងឺកូវីដ១៩ សរុបចំនួន ៣៦២នាក់។ ក្នុងនោះ ៣៤៥នាក់ ត្រូវបានព្យាបាលជាសះស្បើយ និង ១៧នាក់ កំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យ។
ព្រឹត្តិការណ៍ឆ្លងសហគមន៍ថ្ងៃទី២៨ ខែវិច្ឆិកា មានអ្នកប៉ះពាល់ ដែលបានធ្វើតេស្ត រកមេរោគកូវីដ១៩ សរុបចំនួនជាង ១៨០០០នាក់ នៅភ្នំពេញ និងនៅតាមបណ្តាខេត្តជាច្រើនទៀត។ ក៏ប៉ុន្តែការធ្វើតេស្ត ៣លើក និងការធ្វើចត្តាឡីស័ក ទ្រង់ទ្រាយធំ លើកទី១ បានបិទបញ្ចប់ កាលពីថ្ងៃទី១២-១៣ ខែធ្នូ ។ ចំណែកការធ្វើតេស្ត និងការធ្វើចត្តាឡីស័ក ក្រុមទី២ ក៏បានបញ្ចប់កាលពីថ្ងៃទី១៨ ខែធ្នូ ដោយក្រសួងសុខាភិបាល ប្រកាសថា មានអ្នកធ្វើតេស្ត សរុបប្រមាណ ៣៥០០នាក់ ហើយលទ្ធផល ដែលបានវិភាគដោយវិទ្យាស្ថានប៉ាស្ទ័រកម្ពុជា ជិត ៣០០០ សំណាក កាលពីថ្ងៃទី១៨ ខែធ្នូ គឺមានលទ្ធផលអវិជ្ជមានវីរុសកូវីដ១៩ ទាំងអស់។ នៅសល់សំណាក ៥៣០សំណាកទៀត ត្រូវធ្វើវិភាគបន្ត នៅថ្ងៃទី១៩ ខែធ្នូនេះ។
បើមើលពីស្ថានភាពជំងឺកូវីដ១៩ ពិសេសក្នុងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ដែលរាជរដ្ឋាភិបាល គ្រប់គ្រងបានហើយ ចាប់តាំងពីថ្ងៃទី១៥ ខែធ្នូ ហើយបើទោះបីជាមិនទាន់បញ្ចប់ទាំងស្រុងពិតមែន តែក៏មិនមានឆ្លងរាលដាលតទៅទៀតឡើយ។
ឆ្លងកាត់ការធ្វើតេស្ត និងធ្វើចត្តាឡីស័ក ដែលបានបិទបញ្ចប់ ក្នុងទ្រង់ទ្រាយធំ ចំនួន ២លើក គឺនៅថ្ងៃទី១២-១៣ ខែធ្នូ និងនៅថ្ងៃទី១៨ ខែធ្នូនេះ ច្បាស់ណាស់ថា ព្រឹត្តិការណ៍ឆ្លងសហគមន៍២៨វិច្ឆិកា គឺស្ទើរតែបញ្ចប់ការឆ្លងរាលដាលទាំងស្រុងហើយ។
ការបន្តទទួលបានជោគជ័យលើសមរភូមិកូវីដ១៩ នៅកម្ពុជា រាប់ទាំងព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា នៅលើកនេះ គឺយ៉ាងហោចណាស់ ៦លើកធំៗហើយ ដែលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានយកឈ្នះជាបន្តបន្ទាប់ លើសមរភូមិ ប្រឆាំងកូវីដ១៩។
លើកទី១-ក្រោយកម្ពុជា រកឃើញអ្នកកើតជំងឺកូវីដ១៩ ដំបូង កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ លើបុរសជនជាតិចិន មកពីទីក្រុងវ៉ូហាន ដែលជាកន្លែងផ្ទុះជំងឺកូវីដ១៩ ដំបូងគេ រួចមក គឺនៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២០ សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា រួមទាំងកូនប្រុសច្បងរបស់សម្តេច គឺលោក ហ៊ុន ម៉ាណែត ធ្វើដំណើរតាមយន្តហោះ ទៅកាន់ទីក្រុងប៉េកាំង ប្រទេសចិន ដើម្បីជួបមេដឹកនាំចិន ពិសេសជួបលោកប្រធានាធិបតីចិន ស៊ី ជីងភីង។
ក្នុងដំណើរទស្សនកិច្ចរបស់សម្តេចតេជោ ហ៊ុន សែន ទៅកាន់ប្រទេសចិន ដែលកាលណោះ ចិនកំពុងរីករាលដាលជំងឺកូវីដ១៩ យ៉ាងខ្លាំងនោះ គឺសម្តេចតេជោ ហ៊ុន សែន ជាមេដឹកនាំបរទេស ដំបូងគេ ដែលបានទៅជាន់ទឹកដីចិន តាំងពីមានការប្រកាសវិធានការអាសន្ន ទប់ទល់នឹងការផ្ទុះឡើងនៃវីរុសកូរ៉ូណា នៅក្នុងប្រទេសចិន ដែលបានចាប់ផ្ដើមផ្ទុះឡើងដំបូង នៅក្នុងចុងខែធ្នូ ឆ្នាំ២០១៩ នៅទីក្រុងវូហាន នៃខេត្តហូប៉ី។
លើកទី២-គេនៅចាំបានថា សម្តេចតេជោ នាយករដ្ឋមន្ត្រី ហ៊ុន សែន បានយកឈ្នះលើសង្គ្រាមប្រឆាំងកូវីដជាថ្មីទៀត ដោយប្រើបេះដូងមនុស្សធម៌ និងសប្បុរសធម៌ តាមរយៈការជួយសង្គ្រោះដល់អ្នកទេសចរចម្រុះជាតិសាសន៍ជាង ២០០០នាក់ នៅលើនាវាទេសចរណ៍របស់សហរដ្ឋអាមេរិក ឈ្មោះ វ៉េសស្ទើដាំ (Westerdam)។ គឺនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ កម្ពុជា បានអនុញ្ញាតឲ្យនាវាទេសចរណ៍នេះ ចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ខណៈប្រទេសចំនួន៦ រួមមាន៖ ប្រទេស ជប៉ុន កូរ៉េខាងត្បូង ហ្វីលីពីន តៃវ៉ាន់ និងហ្គាម (Guam) បានបដិសេធ មិនឱ្យកប៉ាល់នេះ ចូលចត ដោយបារម្ភខ្លាចឆ្លងជំងឺCOVID-19។
មិនត្រឹមតែអនុញ្ញាតឲ្យនាវាទេសចរណ៍អាមេរិក វ៉េសស្ទើដាំ ចូលចតនៅកំពង់ផែប៉ុណ្ណោះទេ គឺសម្តេចតេជោ ហ៊ុន សែន បានអញ្ជើញទៅទទួលស្វាគមន៍ដោយផ្ទាល់ និងចាប់ដៃ ព្រមទាំងជូនបាច់ផ្កា ដល់ក្រុមអ្នកទេសចរចម្រុះជាតិសាសន៍ នៅពេលចុះពីនាវាទេសចរណ៍ ដើម្បីបន្តដំណើរកម្សាន្តនៅកម្ពុជា និងឡើងយន្តហោះ វិលត្រឡប់ ទៅកាន់ប្រទេសកំណើតវិញ ថែមទៀតផង។
ជ័យជម្នះលើកទី៣ របស់កម្ពុជា លើសង្គ្រាមកូវីដ គឺអំឡុងដើមខែមីនា ឆ្នាំ២០២០ មានខ្មែរឥស្លាមជាច្រើននាក់ បានឆ្លងជំងឺកូវីដ១៩ បន្ទាប់ពីខ្មែរឥស្លាមជាច្រើននាក់ នៅកម្ពុជាទាំងនោះ បានទៅចូលរួមក្នុងពិធីសាសនា នៅជិតទីក្រុងកូឡាឡាំពួរ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០។ ក្នុងពិធីនោះ មានអ្នកចូលរួមឆ្លងវីរុសកូវីដ១៩ យ៉ាងច្រើន។ ក៏ប៉ុន្តែកាលណោះ រាជរដ្ឋាភិបាលកម្ពុជា បានចាត់វិធានការភ្លាមៗ ស្រាវជ្រាវរកអ្នកឆ្លងជំងឺកូវីដ១៩ និងយកអ្នកពាក់ព័ន្ធ ដែលជាបងប្អូនខ្មែរឥស្លាម យកទៅសម្រាកព្យាបាល និងធ្វើចត្តាឡីស័ក។ កម្ពុជា ក៏មិនមានឆ្លងរាលដាលនៅក្នុងសហគមន៍ឡើយ អំឡុងខែមីនានោះ។
លើកទី៤-ផុតពីករណីខ្មែរឥស្លាមឆ្លងជំងឺកូវីដ១៩ នៅក្នុងអំឡុងពេលចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ នៅខែមេសា ទោះបីជារាជរដ្ឋាភិបាល បិទប្រទេស បិទការធ្វើដំណើរពីរាជធានីខេត្ត និងលប់ចោល មិនឲ្យឈប់សម្រាកពេលបុណ្យចូលឆ្នាំ ក៏ប៉ុន្តែក៏កើតមានករណីបងប្អូនខ្មែរយើង ដែលជាពលករ ធ្វើការនៅប្រទេសថៃ បានសម្រុកវិលត្រឡប់ មកលេងស្រុកកំណើតវិញ ក្នុងពេលចូលឆ្នាំ។
ហេតុការណ៍កាលណោះ ក៏កើតមានការព្រួយបារម្ភពីការឆ្លងរាលដាលជំងឺកូវីដ១៩ នៅតាមស្រុកភូមិយើងផងដែរ។ ប៉ុន្តែដោយសារការយកចិត្តទុកដាក់គ្រប់គ្រងត្រួតពិនិត្យក្រុមចំណូលថ្មីរាប់ម៉ឺននាក់នេះ និងធ្វើចត្តាឡីស័ក នៅតាមភូមិផង ក៏មិនមានការឆ្លងរាលដាលជំងឺកូវីដ នៅសហគមន៍ ក្នុងអំឡុងពេលបុណ្យចូលឆ្នាំឡើយ។
ដោយឡែក នៅលើកទី៥ គឺជាការប្រយុទ្ធនឹងជំងឺកូវីដ១៩ តាមរយៈព្រឹត្តិការណ៍ ថ្ងៃ៣វិច្ឆិកា។ នោះគឺរដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្ម ហុងគ្រី បានមកបំពេញទស្សនកិច្ចផ្លូវការ និងជួបមេដឹកនាំកំពូលៗរបស់កម្ពុជា កាលពីថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០។ នៅពេលវិលត្រឡប់ចេញពីកម្ពុជា ទៅដល់ប្រទេសថៃ ទើបរកឃើញថា រដ្ឋមន្ត្រីការបរទេស និងពាណិជ្ជកម្ម ហុងគ្រី ផ្ទុកជំងឺកូវីដ១៩។
ព្រឹត្តិការណ៍ថ្ងៃ៣វិច្ឆិកានេះ កម្ពុជារកឃើញអ្នកប៉ះពាល់សរុបជាង ១៧០០នាក់ មានទាំងសម្តេចតេជោ ហ៊ុន សែន និងមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ហើយបានធ្វើតេស្តរកវីរុសកូវីដ១៩ និងបានធ្វើចត្តាឡីស័ក រយៈពេល ១៤ថ្ងៃ។ ជាលទ្ធផល មានតែ ៤នាក់ប៉ុណ្ណោះ ដែលឆ្លងជំងឺកូវីដ១៩។ កម្ពុជា ក៏បានទប់ស្កាត់ទាន់ពេលវេលាបានដែរ។
លើកទី៦ នៅពេលនេះទៀត គឺព្រឹត្តិការណ៍សហគមន៍២៨វិច្ឆិកា ដែលជាការឆ្លងជំងឺកូវីដ១៩ តៗគ្នា ដែលរកឃើញដំបូងក្នុងចំណោមក្រុមគ្រួសាររបស់លោក ឆែម សាវុធ អគ្គនាយកពន្ធនាគាររបស់ក្រសួងមហាផ្ទៃ។ លើកនេះ ធ្ងន់ធ្ងរជាងព្រឹត្តិការណ៍៣វិច្ឆិកា និងធ្ងន់ជាងលើកណាៗទាំងអស់។ មនុស្សជាង ១៨០០០ នាក់ ត្រូវបានធ្វើតេស្ត និងធ្វើចត្តាឡីស័ក ដែលក្រុមទី១ បានបញ្ចប់ កាលពីថ្ងៃទី១២-១៣ ខែធ្នូ ហើយក្រុមទី២ មានអ្នកប៉ះពាល់ជាង ៣៥០០នាក់ ក៏បានធ្វើតេស្ត ៣លើក និងបញ្ចប់ការធ្វើចត្តាឡីស័ក កាលពីថ្ងៃទី១៨ ខែធ្នូ។ ជាលទ្ធផល ព្រឹត្តិការណ៍ឆ្លងសហគមន៍២៨វិច្ឆិកា គឺចាប់ពីថ្ងៃទី២៨វិច្ឆិកា មកដល់ថ្ងៃទី១៩ ខែធ្នូនេះ គឺមានមនុស្ស ៤១នាក់ បានឆ្លងជំងឺកូវីដ១៩។ តែក៏មានអ្នកជាសះស្បើយ ជាបន្តបន្ទាប់ ដែលមកដល់ថ្ងៃទី១៩ ខែធ្នូ មានអ្នកពាក់ព័ន្ធព្រឹត្តិការណ៍សហគមន៍ ២៨វិច្ឆិកា បានជាសះស្បើយ ៣០នាក់ហើយ។
ស្របពេលដែលអាចគ្រប់គ្រងបានលើព្រឹត្តិការណ៍ឆ្លងសហគមន៍២៨វិច្ឆិកា គឺរាជរដ្ឋាភិបាល កាលពីថ្ងៃទី១៥ ខែធ្នូ ក៏បានប្រកាសពីគម្រោងទិញវ៉ាក់សាំងប្រឆាំងកូវីដ១៩ ដើម្បីចាក់ជូនប្រជាជនកម្ពុជា ដោយឥតគិតថ្លៃ ចំនួន ១៣លាននាក់។ តែក្នុងជំហ៊ានដំបូងនេះ កម្ពុជានឹងទិញ ១លានដូស ដើម្បីចាក់ជូនអ្នកធ្វើការនៅកន្លែងមានហានិភ័យ និងអ្នកមានហានិភ័យ ៥០ម៉ឺននាក់សិន។
ក៏ប៉ុន្តែយ៉ាងណាក៏ដោយ បើទោះបីជាកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន បានចាត់វិធានការទាន់ពេលវេលា ហើយទទួលបានជោគជ័យជាបន្តបន្ទាប់លើសមរភូមិកូវីដ យ៉ាងណាក៏ដោយ ក៏រាជរដ្ឋាភិបាល មិនបានបន្ធូរដៃឡើយ ហើយរឹតតែត្រូវយកចិត្តទុកដាក់ថែមទៀតនោះ គឺប្រជាពលរដ្ឋយើងគ្រប់រូប មិនថា ចាស់ មិនថាក្មេងឡើយ។
ការបន្តអនុវត្តន៍វិធានការសុខាភិបាល នៅតែជាការចាំបាច់ និងមិនអាចខ្វះបាន ដើម្បីការពារ កុំឲ្យឆ្លងកូវីដ១៩ នៅក្នុងប្រទេសកម្ពុជា ពិសេសការឆ្លងចូលសហគមន៍ទ្រង់ទ្រាយធំ។ នោះគឺវិធានការអនាម័យ ស្អាតជានិច្ច រួមទាំងការពាក់ម៉ាស់ លាងដៃ និងរក្សាគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គលឲ្យលើសពី ១ម៉ែត្រកន្លះ។
ក្រៅពីនោះ ប្រជាពលរដ្ឋយើងម្នាក់ៗ ក៏ត្រូវបន្តអនុវត្តវិធានការ ៣កុំ គឺទី១-កុំចូលទៅកន្លែងបិទជិត ដែលគ្មានខ្យល់ចេញចូល និងប្រើម៉ាស៊ីនត្រជាក់ច្រើនពេក ទី២-កុំទៅកន្លែងមនុស្សច្រើនកុះករ និងទី៣-កុំប៉ះពាល់គ្នា កុំចាប់ដៃគ្នា ជាដើម។
សូមចងចាំថា យើងអាចភ្លេចកូវីដ តែកូវីដ មិនភ្លេចយើងទេ ហើយកូវីដ អាចឆ្លងបានគ្រប់គ្នា គ្រប់ពេលវេលា គ្រប់កាលៈទេសៈ និងគ្រប់ទីកន្លែង៕srn