ប្រែសម្រួលៈវាសនា/តែល អាវីវ៖នាយករដ្ឋមន្ត្រី អ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានចាក់វ៉ាក់សាំងកូវីដ១៩ របស់ក្រុមហ៊ុនPfizer/BioNTechដោយមានការចាក់ផ្សាយផ្ទាល់តាមទូរទស្សន៍ផងកាលពីថ្ងៃសៅរ៍។
លោកបានក្លាយជាមេដឹកនាំពិភពលោកដំបូងដែលចាក់វ៉ាក់សាំងប្រឆាំងនឹងវីរុសកូរ៉ូណាទោះជាវ៉ាក់សាំងនេះនៅមិនទាន់ត្រូវបានអនុញ្ញាតអោយប្រើប្រាស់ជាទូទៅនិងមិនទាន់បានការទទួលស្គាល់ពីអង្គការពិភពលោកក្តី។
លោកណេតាន់យ៉ាហ៊ូ បាននិយាយថា លោកចង់ធ្វើជាមនុស្សចាក់វ៉ាក់សាំងកូវីដ១៩មុនគេនៅប្រទេសអ៊ីស្រាអែលដើម្បីជាគំរូនិងលើកទឹកចិត្តអោយប្រជាជនអ៊ីស្រាអែលចាក់វា។លោកបានហៅវាថាជាព្រឹត្តិការណ៍គួរអោយរំភើបមួយ ដែលនឹងដាក់អ៊ីស្រាអែលនៅលើផ្លូវឆ្ពោះទៅកាន់ប្រក្រតីភាពឡើងវិញនិងបានតាំងចិត្តដឹកនាំប្រទេសអោយចេញពីវិបត្តិវីរុសកូរ៉ូណា។
ក្រោយការចាក់ លោកណេតាន់យ៉ាហ៊ូ ត្រូវបានតាមដានអង្កេតកន្លះម៉ោងដើម្បីអោយដឹងថាតើលោកមានប្រតិកម្មអាលែហ្ស៊ីនឹងវ៉ាក់សាំងនេះដែរឬអត់។
អនុប្រធានាធិបតីអាម៉េរិក លោកម៉ៃ ផេន៍ បានចាក់វ៉ាក់សាំងនេះនិងផ្សាយផ្ទាល់តាមទូរទស្សន៍ផងដែរកាលពីថ្ងៃសុក្រដើម្បីបង្ហាញជំនឿចិត្តដល់សាធារណជនអំពីសុវត្ថិភាពវ៉ាក់សាំង។
អ៊ីស្រាអែលកំពុងចាក់វ៉ាក់សាំងដល់បុគ្គលិកសុខាភិបាល និងមនុស្សនៅតាមផ្ទះថែទាំងមនុស្សចាស់ចាប់ពីថ្ងៃអាទិត្យនេះទៅ ហើយរដ្ឋាភិបាលបានធានាថាមានវ៉ាក់សាំងគ្រប់គ្រាន់មកពីក្រុមហ៊ុនPfizer និង Modernaសំរាប់ចាក់អោយប្រជាជនអ៊ីស្រាអែល៩លាននាក់របស់ខ្លួន។
ប្រទេសនៅមជ្ឈិមបូព៌ានេះបានរាយការណ៍ថាមានអ្នកកើតកូវីដ១៩ជាង៣៦៦.០០០នាក់ និងជាង៣.០០០នាក់ស្លាប់ដោយកូវីដ១៩ចាប់តាំងពីជំងឺនេះបានផ្ទុះមក។បច្ចុប្បន្ន ប្រទេសនេះមានអ្នកឆ្លងថ្មីប្រចាំថ្ងៃប្រមាណ៣.០០០នាក់៕
នាយករដ្ឋមន្ត្រី អ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ ចាក់វ៉ាក់សាំងកាលពីថ្ងៃសៅរ៍