ដោយៈ ភ្នំខៀវ / បាត់ដំបងៈ ស្ពានថ្មថ្មី ១៣ មករា ដែលកសាងទន្ទឹមគ្នា ជាមួយស្ពានបុរាណ អាយុជាង ១០០ ឆ្នាំ ក្នុងក្រុងបាត់ដំបង កំពុងត្រៀមដាក់សម្ពោធឲ្យពលរដ្ឋ ធ្វើដំណើរឆ្លងកាត់។
សមិទ្ធផលស្ពានថ្មថ្មី ដែលតភ្ជាប់ដងស្ទឹងសង្កែ រវាងត្រើយខាងកើត និងខាងលិច កសាងទន្ទឹមគ្នាជាមួយ ស្ពានបុរាណ អាយុកាល ១០៣ ឆ្នាំ ដែលចាប់ផ្តើមដំណើរការ សាងសង់តាំងពីដើម ខែមករា ឆ្នាំ២០២០ មកទល់ពេលបច្ចុប្បន្ននេះ បានបញ្ចប់គម្រោង ស្ទើរតែទាំងស្រុងហើយ នៅសេសសល់ផ្នែកតូចៗ មួយចំនួនប៉ុណ្ណោះ ដូចជាការកែលម្អ ត្រង់ក្បាលស្ពាន ត្រើយខាងកើត និងខាងលិចខ្លះៗ ដោយចំពោះមុខនេះ ក្រុមជាងកំពុងពន្លឿន ការរៀបចំខឿនផ្លូវ ដាំស្មៅ ដាំផ្កា ក្នុងសួនកំណាត់ផ្លូវភ្លោះ និងបំពាក់អំពូលភ្លើង ជាដើម មុននឹងបើកសម្ពោធដាក់ឲ្យ ប្រជាពលរដ្ឋប្រើប្រាស់ ឆ្លងកាត់ទៅមក។
ស្ពានថ្ម ទើបសាងសង់ថ្មីនេះ ត្រូវបានសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដាក់ឈ្មោះថា “ស្ពាន ១៣ មករា” ឲ្យស្របទៅតាមអត្ថន័យ ជាថ្ងៃរំដោះទីក្រុងបាត់ដំបង ពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ឆ្នាំ១៩៧៩ ។
ស្ពាន ១៣ មករានេះ នៅពីក្រោយថ្ងៃ ដាក់ឲ្យដំណើរជាស្ថាពរ ហើយមិនត្រឹមតែ បានផ្តល់ជាប្រយោជន៍ សម្រាប់បងប្អូន ប្រជាពលរដ្ឋ បានឆ្លងកាត់ទៅមក ដឹកជញ្ជូនកសិផល ទំនិញផ្សេងៗ និងបញ្ចៀសចរាចរណ៍ កកស្ទះ នៅថ្ងៃបុណ្យទានម្តងៗ នោះទេ ក្រៅពីនេះ ស្ពានដ៏ស្រស់ស្អាតថ្មីនេះ ក៏បានផ្តល់ជាសារៈប្រយោជន៍ យ៉ាងសំខាន់ផងដែរ ក្នុងការទាក់ទាញភ្ញៀវជាតិ អន្តរជាតិ ឲ្យផ្តោតការចាប់អារម្មណ៍ ឡើងលេង គយគន់ទឹកស្ទឹងសង្កែ ថតរូបអនុស្សាវរីយ៍ និងជាផ្នែកមួយ ពង្រីកសក្តានុពល ទេសចរណ៍ ចម្រុះជាតិសាសន៍ ឲ្យចូលមកទស្សនា ក្នុងទឹកដីចំណាស់ ខេត្តបាត់ដំបង កាន់តែច្រើនទ្វេឡើង។
លោក ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានបញ្ជាក់ប្រាប់ ជុំវិញសមិទ្ធផលខាងលើនេះថាៈ សម្រាប់ពេលវេលា ដាក់សម្ភោធស្ពាន ១៣ មករា នៅចំណុចទល់មុខ សាលាខេត្ត ក្នុងភូមិកម្មករ សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង រដ្ឋបាលខេត្ត មិនទាន់បានសុំគោលការណ៍ ទៅថ្នាក់លើនោះទេ ដោយសារមានការងារកែលម្អ នៅសេសសល់ មួយចំនួនតូចទៀត រង់ចាំការរៀបចំកែលម្អ ត្រង់ផ្នែកក្បាលស្ពាន ត្រើយខាងលិច និងត្រើយខាងកើតសិន ទើបសម្រេច។
ស្ពានថ្មថ្មីនេះដែរ មានទីតាំងឋិតនៅប៉ែកខាងត្បូង នៃស្ពានបុរាណ មានចន្លោះពីគ្នា ចំនួន ៦ ម៉ែត្រ ប្រវែងបណ្តោយ ចំនួន ១០០ ម៉ែត្រ ទទឹង ៨ ម៉ែត្រ ប្រើប្រាស់ថវិកាចំនួន ជាងកន្លះលានដុល្លារអាមេរិក របស់សប្បុរសជនខ្មែរ នៅប្រទេសស្វីស មានស្រុកកំណើត នៅក្នុងស្រុកបាណន់ តាមរយៈការកៀរគរពី សម្តេចក្រឡាហោម ស ខេង៕/V
ចំណងដៃថ្មីស្ពានថ្ម ១៣ មករា ឋិតនៅមុខសាលាខេត្តបាត់ដំបង ( រូប:ភ្នំខៀវ )