Home ព័ត៌មានអន្តរជាតិ ប្រធានាធិបតី​...

ប្រធានាធិបតី​ប្រេ​ស៊ីល​ថា មនុស្ស​ចាក់​វ៉ាក់សាំង​កូវី​ដ​១៩​អាច​ក្លាយជា​”​ក្រពើ​”​ពីព្រោះ​…

​ប្រែ​សម្រួលៈ​វាសនា​៖​កាលពីមុន គាត់​បង្ហាញ​ការ​មិនសូវ​ជឿ​លើ​វត្ត​មាន​វីរុស​កូរ៉ូណា​និង​មិន​បាន​ជំរុញ​អោយ​ប្រជាជន​ពាក់​ម៉ាស់​ការពារ​ទេ ឥឡូវ​ប្រធានាធិបតី​ប្រេ​ស៊ីល​រូប​នេះ​បែរជា​និយាយថា វ៉ាក់សាំង​​កូវី​ដ​១៩​គួរ​អាច​រក​ចាក់​បាន​សំរាប់​ប្រជាជន​ប្រេ​ស៊ីល​ទាំងអស់ តែ​អ្នក​ដែល​ចាក់​ត្រូវ​ទទួលខុសត្រូវ នៅពេល​ក្រុម​ហ៊ុល​ផលិត​មិន​ទទួលខុសត្រូវ​ចំពោះ​ផលប៉ះពាល់​ណាមួយ​ឡើយ​។​

​ប្រធានាធិបតី ហ្ស៊ែ​រ បុល​សូ​ណារ៉ូ ពីដំបូង​បង្ហាញ​ការ​មិនសូវ​ជឿ​អំពី​ជំងឺ​ឆ្លងកូវី​ដ​១៩​និង​វិធានការ​ការពារ​វា ហើយ​បាន​ឆ្លង​ជំងឺ​នេះ​កាលពី​ខែកក្កដា​

​ទីភ្នាក់ងារ​សារព័ត៌មាន​បារាំង​បាន​រាយការណ៍​កាលពី​ថ្ងៃ​សុក្រ​ថា លោក​ប្រធានាធិបតី ហ្ស៊ែ​រ បុល​សូ​ណារ៉ូ បាន​រិះគន់​វ៉ាក់សាំង​កូវី​ដ​១៩​របស់​Pfizer-BioNTech​ចំពោះ​ការ​ដែល​ក្រុមហ៊ុន​ឳ​សថ​អាម៉េរិក​​និង​អាឡឺម៉ង់​នេះ​មិន​ទទួលខុសត្រូវ​ចំពោះ​ផលប៉ះពាល់​ដែល​មិន​រំពឹង​ទុក​ណាមួយ​។​លោក​បាន​សម្តែង​ការ​មិន​ទុកចិត្ត​លើ​ក្រុមហ៊ុន​ផលិត​វ៉ាក់សាំង​នេះ និង​បាន​លើកឡើង​ថា ការចាក់​វ៉ាក់សាំង​អាច​ប្រែ​​ក្លាយ​មនុស្ស​ទៅ​ជា​សត្វ​ក្រពើ​ក៏​ថា​បាន​។​

​លោក​បាន​និយាយ​ដូច្នេះ​ថា «​ក្នុង​កុងត្រា​របស់​Pfizer វា​ចែង​ច្បាស់​ណាស់​ថា “​យើង​មិន​ទទួលខុសត្រូវ​ចំពោះ​ផលប៉ះពាល់​ណាមួយ​ឡើយ​”​។ ដូច្នេះ​បើ​អ្នក​ក្លាយជា​ក្រពើ វា​ជា​បញ្ហា​របស់​អ្នកឯង​។​បើ​អ្នក​ក្លាយជា​​កំពូល​មនុស្ស​ស៊ូ​ពែរ​មែន បើ​នារី​ចាប់ផ្តើម​ដុះ​ពុក​ចង្ការ ឬ​បុរស​និយាយ​សម្លេង​ស្រី វា​អត់​មាន​ពាក់ព័ន្ធ​អី​នឹង​ក្រុមហ៊ុន​ទេ​»​។​

​លោក ហ្ស៊ែ​រ បុល​សូ​ណារ៉ូ បាន​និយាយថា ការចាក់​វ៉ាក់សាំង​មិនមែន​ជា​ការ​ត្រូវតែ​ធ្វើ​ដោយ​ខានមិនបាន​នោះ​ទេ តែ​វ៉ាក់សាំង​ត្រូវតែ​មាន​សំរាប់​អ្នក​ចង់​ចាក់​វា​។​

​កាលពី​សប្តាហ៍​មុន លោក​បុល​សូ​ណារ៉ូ បាន​ប្រកាស​ថា​លោក​នឹង​មិន​ចាក់​វ៉ាក់សាំង​នេះឡើយ​បន្ទាប់​ពី​ក្រសួង​សុខាភិបាល​ប្រេ​ស៊ីល​បាន​ប្រកាសផែនកា​រចា​ក់​វ៉ាក់សាំង​រយៈពេល​៥​ខែ​សំរាប់​មនុស្ស​៥១​លាន​​នាក់​ក្នុង​ក្រុម​អាទិភាព ដូច​ជា​បុគ្គលិក​ពេទ្យ និង​មនុស្ស​ចាស់​។​

​ប្រេ​ស៊ីល​បាន​លៃប្រាក់​ទុក​៣៩០​លាន​ដុល្លារ​សំរាប់​ទិញ​វ៉ាក់សាំង​១០០​លាន​ដូសពី​ក្រុមហ៊ុន​AstraZeneca​សហការ​ជាមួយ​សកល​វិទ្យាល័យ​Oxford​។​បន្ថែម​លើ​នេះ ប្រេ​ស៊ីល​រំពឹងថា​នឹង​ទទួល​វ៉ាក់សាំង​៤២៥​លាន​​ដូសតា​មរយៈ​កម្មវិធី​Covax និង​កំពុង​ចរចា​ទិញ​៧០​លាន​ដូ​សទៀត​ពី Pfizer​។​

​ប្រធានាធិបតី ហ្ស៊ែ​រ បុល​សូ​ណារ៉ូ ដែល​ពី​ដំបូង​បង្ហាញ​ការ​មិនសូវ​ជឿ​អំពី​ជំងឺ​ឆ្លងកូវី​ដ​១៩ និង​វិធានការ​ការពារ​វា បាន​ឆ្លង​ជំងឺ​នេះ​កាលពី​ខែ​កក្កដា​។​ប្រេ​ស៊ីល ជា​ប្រទេស​មាន​អ្នក​កើតកូ​វីដ​១៩​ខ្លាំង​បំផុត​​ទី​៣​លើ​លោក​បន្ទាប់ពី​អាម៉េរិក និង​ឥណ្ឌា តែ​ស្លាប់​ជាប់​ចំណាត់ថ្នាក់​ទី​២ ៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular