Home ព័ត៌មានសំខាន់ៗ ក្រសួងបរិស្ថា...

ក្រសួងបរិស្ថាន​អំពាវនាវ​ដល់​អ្នកប្រើប្រាស់​ទឺ​ក​លក្ខណៈ​អាជីវកម្ម​ផ្តល់​វិភាគទាន​ឬ​បង់ពន្ធ​សម្រាប់​យក​ថវិការ​ការពា​រ​ដល់​ប្រព័ន្ធ​អេកូឡូស៊ីនៅឧទ្យានជាតិភ្នំគូលែន

ដោយ​:​ដេប៉ូ​/​សៀមរាប​:​ក្រសួងបរិស្ថាន​បាន​អំពាវនាវ​និង​លើកទឹកចិត្ត​ចំពោះ​អ្នកប្រើប្រាស់​ទឹក​ក្នុង​បរិមាណ​ច្រើន (​អាជីវកម្ម​)​ផ្តល់​វិភាគទាន​ស្ម័គ្រចិត្ត ឬ​អាច​បង់ពន្ធ​លើ​ការប្រើប្រាស់​ទឹកជា​លក្ខណៈ​ពាណិជ្ជកម្ម​រួមទាំង​អ្នក​ផលិត និង​ចែកចាយ ដើម្បី​យក​ថវិកា​នេះ​មកប្រើប្រាស់​លើ​ការងារ​ការពារ​ប្រព័ន្ធ​អេកូឡូស៊ី នៅ​ឧទ្យាន​ជាតិ​ជ័យវរ្ម័ន នរោត្តម​ភ្នំ​គូលែន ដែលជា​អាងទឹក​ធម្មជាតិ​ដ៏​ធំ​សម្រាប់​អ្នក​ខេត្ត​សៀម​រាម​។​

រូបថតៈលោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​និង​ជា​មន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន​

នេះ​ជាការ​អំពាវនាវ​របស់​លោក នេត្រ ភក្ត្រា រដ្ឋលេខាធិការ​និង​ជា​មន្ត្រី​នាំពាក្យ​ក្រសួងបរិស្ថាន​កាលពី​ថ្ងៃទី​១៩ ខែធ្នូ ពីលើ​ខ្នងភ្នំ​គូលែន​ជាទី​ដែល​លោក​បាន​ដឹកនាំ​ប្រតិភូ​ក្រសួងបរិស្ថាន​និង​ក្រុម​អ្នកសារព័ត៌មាន​ស្វែងយល់​ពី​ការអនុវត្ត​សាកល្បង​គម្រោង​បង់ថ្លៃ​សេវាកម្ម​ប្រព័ន្ធ​អេកូឡូស៊ី​(PES)​និង​ដើម្បី​បញ្ជ្រាប​ការយល់ដឹង​ដល់​សាធារណជន​តាមរយៈ​អ្នកសារព័ត៌មាន​។
​គម្រោង​បង់ថ្លៃ​សេវាកម្ម​ប្រព័ន្ធ​អេកូឡូស៊ី (Payment for Ecosystem Services) ឬ​ហៅ​កាត់​ថា ភី អ៊ី អេស (PES) ដែលជា​យន្តការ ហិរញ្ញវត្ថុ​សំដៅ​ដល់​«​អ្នកប្រើប្រាស់​សេវាកម្ម​ប្រព័ន្ធ​អេកូឡូស៊ី​ត្រូវ​បង់ថ្លៃ​ជា​សាច់ប្រាក់ ដល់​អ្នក​ដែល​ការពារ​ប្រព័ន្ធ​អេកូឡូស៊ី​ដើម្បី​ធានា​ដល់​និរន្តរភាព​នៃ​សេវាកម្ម​ដែល​ផលិត​ដោយ​ប្រព័ន្ធ​អេកូឡូស៊ី​នៅ​តំបន់​ណាមួយ​។​
​លោក​រដ្ឋលេខាធិការ​ថ្លែងថា​រាជរដ្ឋាភិបាល​កម្ពុជា​បានប្រគល់​ភារកិច្ច​ដល់​ក្រសួងបរិស្ថាន​ពិនិត្យ​និង​សិក្សា​អនុវត្ត​សាកល្បង​ការបង់ថ្លៃ​សេវា​ប្រព័ន្ធ​អេកូឡូស៊ី​នេះ​ជាមួយ​អ្នកពាក់ព័ន្ធ​និង​រៀបចំ​គោលនយោបាយ​នៃ​ការបង់ថ្លៃ​សេវាកម្ម​ប្រព័ន្ធ​អេកូឡូស៊ី​នេះ​ដើម្បី​រាជរដ្ឋាភិបាល​ពិនិត្យ​និង​សម្រេច​។
​បើតាម​លោក នេត្រ ភក្ត្រា ក្រសួងបរិស្ថាន និង​អ្នក​ពាក់​ពន្ធ​ជាពិសេស​ថា្នក់​ក្រោម​ជាតិ​ដែលជា​អ្នកអនុវត្ត PES ថ្នាក់​ខេត្ត បានសម្រេច​លើ​យន្តការ​នៃ​ការ​អនុត្ត និង​កៀរគរ​ថវិកា​ដោយ​ជ្រើស​យក​ជម្រើស​សមស្រប​ដែល​បានសម្រេច​ឱ្យ​អនុវត្ត PES នៅ​ភ្នំ​គូលែន​គឺ​៖ ១. ការរួមវិភាគទាន​ដោយ​ស្ម័គ្រចិត្ត​ពី​អ្នកប្រើប្រាស់​ទឹក​ក្នុង​បរិមាណ​ច្រើន​(​អាជីវកម្ម​) ២.​ការបង់​ព័ន្ធ​លើ​ការប្រើប្រាស់​ទឹកជា​លក្ខណៈ​ពាណិជ្ជកម្ម​រួមទាំង​អ្នក​ផលិត និង​ចែកចាយ​។ ថវិកា​ដែល​ទទួលបាន​ពី​ការអនុវត្ត​នេះ​នឹងត្រូវ​ចូលទៅក្នុង​មូលនិធិ​បរិស្ថាន​និង​សង្គម​ដែល​គ្រប់គ្រង​ដោយ ក្រសួងបរិស្ថាន​ដើម្បី​អាច​ប្រើប្រាស់​ដើម្បី​ការពារ​ប្រព័ន្ធ​អេកូឡូស៊ី​ន​នៅ​ភ្នំ​គូលែន​។ ឧទ្យាន​ជាតិ​ភ្នំ​គូលែន​នៅ ខេត្តសៀមរាប និង​តំបន់​ប្រើប្រាស់​ច្រើនយ៉ាង​ក្បាលឆាយ​ក្នុង​ខេត្ត​ព្រះសីហនុ​គឺជា​ទីតាំង ២ ដែល​រាជ​រដ្ឋា​ភិ បាល​សម្រេចយក​ដើម្បី​អនុវត្ត​សាកល្បង​គម្រោង​បង់ថ្លៃ​សេវាកម្ម​ប្រព័ន្ធ​អេកូឡូស៊ី​។

​គួរ​បញ្ជាក់ថា​ឧទ្យាន​ជាតិ​ព្រះ​ជ័យវរ្ម័ន​-​នរោត្តម “​ភ្នំ​គូលែន​” ជាទី​តាំង​ប្រវត្តិសាស្ត្រ​ដ៏​មាន​សារសំខាន់​មួយ ដែល​បាន​រក្សាទុក​នូវ​សំណង់​ប្រវត្តិសាស្ត្រ​ច្រើន​ប្រភេទ​មានដូចជា សំណង់​ប្រាសាទបុរាណ វត្ថុ​សិល្បៈ សិលាចារឹក ព្រៃឈើ ប្រព័ន្ធ​ទឹកធម្មជាតិ និង​សហគមន៍​។ ឧទ្យាន​ជាតិ​ព្រះ​ជ័យវរ្ម័ន​-​នរោត្តម ”​ភ្នំ​គូលែន​” មាន​សក្តានុពល​ក្នុងការ​ផ្គត់ផ្គង់​ទឹកសាប និង​ទឹ​ក្រោម​ដី​សម្រាប់​ក្រុង​សៀមរាប ជាពិសេស​ផ្តល់​ជា​ប្រភពទឹក​ក្រោម​ដី សម្រាប់​រក្សា​លំនឹង​ប្រាសាទបុរាណ​ដែល​ភាគច្រើន​សាងសង់​លើ​ទម្រ​ដីខ្សាច់​។ នៅ​ឧទ្យាន​ជាតិ ជ័យវរ្ម័ន នរោត្តម​ភ្នំ​គូលែន​មាន​ផ្ទៃដី​ទំហំ ៣៧ ៣៧៣ ហិកតា​មាន​ប្រភព​ទឹកធំៗ​ប្រមាណ ៥០ កន្លែង និង​មាន​អាង​ស្តុក​ទឹកធំៗ​ជាង ១០​ដែលមាន​ទីតាំងនៅ​ចំ​កណ្តាល​ខេត្តសៀមរាប និង​មាន​តួនាទី​ជា​អ្នកផ្គត់ផ្គង់ ទឹក​ប្រើប្រាស់​ដល់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ត​។
​ជាមួយគ្នានេះ លោក រដ្ឋលេខាធិការ​ក្រសួងបរិស្ថាន បានបញ្ជាក់​ឱ្យដឹងថា តាម​ការសិក្សា ជាក់ស្តែង​ទាំង​ម្ចាស់​អាជីវកម្ម ក៏ដូចជា​ប្រជាពលរដ្ឋ​ធម្មតា​រស់នៅក្នុង​ក្រុង​សៀមរាប​ត្រូវ​ពឹងផ្អែក​លើទឹក​ក្រោម​ដី​ប្រមាណ ៨០​ភាគរយ ហើយ ២០​ភាគរយ ទៀត​ផ្គត់ផ្គង់​ដោយ​រដ្ឋាករទឹក​ខេត្ត ហើយ​ការប្រើប្រាស់​ទឹក​ក្រោម​ដី​យ៉ាង​ខ្លាំងក្លា​បែបនេះ​បានធ្វើឱ្យ​បរិមាណ​ទឹក​ក្រោម​ដី មានការ​ថយចុះ ដែល​ធ្វើឱ្យ​ការជីក​អណ្តូង​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​កាន់តែ​ជ្រៅ​ទៅៗ​។

​តាម​ជំនឿ ទឹក​ពី​ភ្នំ​គូលែន គឺជា​ទឹកអម្រឹត ហើយ​ការសិក្សា​បែប​វិទ្យាសាស្ត្រ​មួយចំនួន​ក៏បាន​បង្ហាញថា ទឹក​ពី​ភ្នំ​គូលែន​គឺជា​ទឹក​ដែល​មានគុណ​ភាពល្អ​សម្រាប់​ប្រើប្រាស់​របស់​មនុស្ស​ផងដែរ​។​
លោក នេត្រ​ភក្ត្រា​បាន​សង្កត់ធ្ងន់ថា​ដើម្បី​ឱ្យមាន​និរន្តរភាព​សេវាកម្ម​ប្រព័ន្ធ​អេកូឡូស៊ី​នៅ​ឧទ្យាន​ជាតិ​ភ្នំ​គូលែន ជាពិសេស​ទឹក​ដែលមាន​ប្រភពពី​ភ្នំ​គូលែន ចាំបាច់​ត្រូវការពារ និង​អភិរក្ស​ប្រព័ន្ធ​អេកូឡូស៊ី​ភ្នំ​គូលែន ដូចជា​ការទប់ស្កាត់​ការបាត់បង់​ព្រៃឈើ ការស្តារ​ឡើងវិញ​នូវ​ព្រៃឈើ និង​ប្រព័ន្ធ​ទឹកធម្មជាតិ​ដែល​បាត់បង់​និង​ខូច​មុខងារ ទប់ស្កាត់​ការបំពុល​ទឹក​ក្នុង​ស្ទឹង និង​ទឹក​ក្រោម​ដី​៕srn


ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular