Home ព័ត៌មានសំខាន់ៗ ត្រី​បបែល​យក្...

ត្រី​បបែល​យក្ស បង្ហាញ​វត្តមាន នៅក្នុង​ទន្លេមេគង្គ​កម្ពុជា

ដោយៈ ទេព មង្គល / ភ្នំពេញៈ ក្នុងចំណោម​ប្រភេទ ត្រី​ទឹកសាប ទំហំ​ធំៗ​បំផុត នៅតាម​ដង​ទន្លេមេគង្គ និង​ទន្លេសាប ក៏មាន​ត្រី​បបែល​យក្ស ដែល​កំពុងមាន​វត្តមាន នៅតាម​ដង​ទន្លេមេគង្គ​កម្ពុជា ចាប់ពី​ខេត្តក្រចេះ រហូតដល់​ព្រំដែន ប្រទេស​ឡាវ ។ នេះ​បើតាម​ព័ត៌មាន ដែល​ដកស្រង់​ផ្សាយ នូវ​សំដី​របស់​ជីវ​វិទូ ជនជាតិ​អាមេរិកាំង ដ៏​ល្បីល្បាញ​មួយរូប ដោយ​ទីភ្នាក់ងារ ព័ត៌មាន​កម្ពុជា (AKP) នៅ​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០២០ នេះ ។​

​ប្រភព​ដដែល បានឱ្យដឹងថា លោក​បណ្ឌិត Zeb Hogan ជា​ជីវ​វិទូ​ជនជាតិ​អាមេរិកាំង ដ៏​ល្បីល្បាញ​មួយរូប បាន​ចំណាយពេល ចុះ​សិក្សា​ស្រាវជ្រាវ​អំពី ត្រី​បបែល​យក្ស​ទឹកសាប នៅតាម​ដង​ទន្លេមេគង្គ នៅក្នុង​ប្រទេស​កម្ពុជា​។​

​ជីវ​វិទូ​ជនជាតិ​អាមេរិកាំង​រូបនេះ បានឱ្យដឹងថាៈ ” ត្រី​បបែល​យក្ស​ទឹកសាប ត្រូវបាន​រកឃើញថា មាន​វត្តមាន​តាម​ដង ទន្លេមេគង្គ​កម្ពុជា គឺ​ចាប់ពី​ខេត្តស្ទឹងត្រែង ចុះ​មកដល់​ខេត្តក្រចេះ ពេលខ្លះ ដល់​ខេត្តព្រៃវែង ហើយ​ត្រី​បបែល ទឹកសាប​យក្ស​នេះ គឺជា​ត្រី​មួយ ក្នុងចំណោម​ត្រី​ធំ​បំផុត នៅលើ​ផែនដី វា​អាច​លូតលាស់ និង​អាចមាន​ទម្ងន់ រហូតដល់ ៦០០ គីឡូក្រាម និង​មាន​ប្រវែង រហូតដល់​ជាង ៥​ម៉ែត្រ គិត​ទាំង​កន្ទុយ ។ ដោយឡែក ឆ្អឹងខ្នង ដែល​គេ​ហៅថា Spine ឬ Barb បន្ត​រហូតដល់​កន្ទុយ របស់​ត្រី​បបែល​នេះ គឺ​មុត​ស្រួច​ណាស់ ហើយ​មាន​ពិស​ផងដែរ ហើយ​ការរង​របួសស្នាម ពី​កន្ទុយ​នេះ នឹង​ធ្វើឱ្យ​ចុកចាប់​ណាស់ ប៉ុន្តែ​ខ្ញុំ​សូមបញ្ជាក់ថា ត្រី​បបែល ពុំមែន​ជា​ត្រី ដែល​កាច​សាហាវ និង​បង្ក​គ្រោះថ្នាក់​នោះទេ បើសិនជា​យើង ពុំ​រំខាន​វា ” ។​

​ជាមួយគ្នានេះដែរ លោក​បណ្ឌិត Zeb Hogan ក៏បាន​សម្តែង​ក្តីបារម្ភ​ផងដែរ ព្រោះថា តាម​ការសិក្សា​ស្រាវជ្រាវ របស់លោក ជាច្រើន​ឆ្នាំ នៅតាម​ប្រទេស ដង​ទន្លេមេគង្គ គឺ​ចំនួន​ត្រី​បបែល មានការ​ថយចុះ ជា​លំដាប់​។ ប៉ុន្តែ​លោក​បាន​សន្និដ្ឋានថា កម្ពុជា គឺ​ជាទី​សុខសាន្ត​ជាងគេ របស់​ត្រី​បបែល ដែល​កំពុងមាន​វត្តមាន ជាពិសេស​គឺ នៅ​តំបន់​កាំ​ពី ក្នុង​ខេត្តក្រចេះ​។
​លោក​បាន​អះអាងថាៈ ” ត្រី​បបែល​យក្ស គឺជា​ប្រភេទ​ត្រី ដែល​មិន​ចូលចិត្ត​រស់នៅ តំបន់​ដែល​ទឹកទន្លេ​មិន​ស្អាត ឬ​បំពុល​នោះទេ ហើយ​ដោយសារតែ រូបរាង​របស់​ត្រី​បបែល ពិបាក​ក្នុង​ការចាប់ របស់​អ្នកនេសាទ ទើប​ធ្វើឱ្យ​ប្រភេទ ត្រី​បបែល ពុំ​សូវ​រងគ្រោះថ្នាក់ ដោយ​ការនេសាទ ប៉ុន្តែ​ទោះជា​យ៉ាងនេះ​ក៏ដោយ ក៏​ខ្ញុំ​សូម​អំពាវនាវ ដល់​ប្រជាជន​ទាំងអស់ សូមកុំ​បរិភោគ ឬ​ទិញ ត្រី​បបែល ហើយ​ការធ្វើ​នេះ គឺ​ដើម្បី​អភិរក្ស​ប្រភេទ ត្រី​ទឹកសាប ប្រភេទ​ធំ​បំផុត​មួយ​នេះ​ផងដែរ ” ៕/V

ត្រី​បបែល​យក្ស បង្ហាញ​វត្តមាន នៅក្នុង​ទន្លេមេគង្គ​កម្ពុជា

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular