ដោយ: សរិទ្ធ / ភ្នំពេញ: បុសម្នាក់ដែលចាប់បង្ខាំងនារីវ័យ១៦ឆ្នាំម្នាក់ រួចរំលោភសេពសន្ថវៈ ព្រមទាំងទូរស័ព្ទជំរិតទារប្រាក់ពីក្រុមគ្រួសារចំនួន១០លានរៀល ផងដែរ ត្រូវបានសមត្ថកិច្ចចាប់បញ្ជូនមកតុលាការនៅល្ងាចថ្ងៃទី២០ខែធ្នូឆ្នាំ២០២០ដើម្បីចាត់ការតាមច្បាប់។
យោងតាមរបាយការណ៍ពីអធិការដ្ឋាននគរបាលខណ្ឌកំបូល នៅថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ នេះដែលទើបទទួលបាន បង្ហាញថា កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ មានករណីបង្ខាំងមនុស្សជំរិតទារប្រាក់និងរំលោភសេពសន្ថវៈ នៅចំណុចតាមផ្លូវលំ ស្របផ្លូវរថភ្លើង ភូមិស្រែក្នុង សង្កាត់កន្ទោក ខណ្ឌកំបូល។
ក្រោយពីបានទទួលពាក្យបណ្ដឹងពីម្ដាយរបស់នារីរងគ្រោះ ថា មានគេតេជំរិតទារប្រាក់ចំនួន ១០លានរៀល ជាថ្នូរនឹងការដោះលែងកូនស្រីរួចមក កម្លាំងព្រហ្មទណ្ឌខណ្ឌកំបូល សហការជាមួយការិយាល័យព្រហ្មទណ្ឌធ្ងន់ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ និង កម្លាំងនគរបាលខណ្ឌដង្កោ ចុះស្រាវជ្រាវ រហូតដល់ម៉ោង១១:៣០នាទី ព្រឹកថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២០ ទើបធ្វើការឃាត់ខ្លួនជនសង្ស័យបាន នៅចំណុចតាមផ្លូវបេតុង ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ និង បានរំដោះនារីដែលជាជនរងគ្រោះចេញពីការបង្ខាំងបានដោយសុវត្ថិភាព។
សមត្ថកិច្ច អះអាងថា ជនសង្ស័យឈ្មោះ សៅ ប្រុស ហៅ បញ្ញា អាយុ៣៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ផ្លូវលំ ភូមិស្រែក្នុង សង្កាត់កន្ទោក ខណ្ឌកំបូល រាជធានីភ្នំពេញ គ្មានសារធាតុញៀនទេ។ ចំណែកនារីរងគ្រោះ អាយុ១៦ឆ្នាំ មុខរបរសិស្ស ស្នាក់នៅស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង៕