ដោយៈ តារារិទ្ធ / ភ្នំពេញៈ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅល្ងាចថ្ងៃទី ២០ ខែធ្នូនេះ តាមរយៈខ្សែអាត់សំឡេង មានរយៈពេល ២១ នាទី និង ៣៥ វិនាទី បានអំពាវនាវឲ្យបងប្អូន ប្រជាពលរដ្ឋខ្មែរ ដែល កំពុងតែរស់នៅ និងធ្វើការ នៅប្រទេសថៃ សូមទុកចិត្ដចំពោះ រាជរដ្ឋាភិបាលថៃ ក្នុងការគ្រប់គ្រងជំងឺកូវីដ ១៩ ហើយមិនត្រូវ រត់ចេញពីប្រទេសថៃ ក្នុងពេលដែលថៃ កំពុងជួបការលំបាក នាពេលនេះទេ ដែលមួយគឺជាការការពារខ្លួន ពីការឆ្លងជំងឺ និង មួយទៀត ចៀសវាងការបាត់បង់ការងារ និងមួយទៀត ចៀសវាងនាំចូលជំងឺ មកកម្ពុជា ក្នុងករណី ដែលអាចមាន ។ ជាមួយនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវដល់ ឪពុកម្ដាយ និងក្រុមគ្រួសារ ដែលមានសាច់ញាតិ ធ្វើការនៅប្រទេសថៃ សូមជួយ លើកទឹកចិត្ដឲ្យពួកគាត់ បន្ដនៅប្រទេសថៃ មួយរយៈសិន ។
ទន្ទឹមនឹងនេះ សម្ដេចតេជោ ក៏ស្នើដល់ពលរដ្ឋកម្ពុជា ដែលបម្រុងចូលទៅក្នុងប្រទេសថៃ សូមផ្អាកជាបណ្ដោះអាសន្នសិន ដើម្បីកុំ ឲ្យប្រឈម និងការឆ្លងជំងឺកូវីដ ១៩ ។ ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន កំពុងតែងពិភាក្សា ជាមួយរដ្ឋមន្ដ្រី ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ ដើម្បីរៀបចំការធ្វើចត្ដាឡីស័ក នៅព្រំដែនផ្ទាល់ និងបំព្រួញមាត់ច្រក់ព្រំដែន មកនៅត្រឹមតែ បីច្រក ដើម្បីងាយស្រួល ក្នុងការគ្រប់គ្រង ការចេញចូលរបស់ពលករខ្មែរ និងបញ្ចេញរថយន្ដកងទ័ព ចំនួន ៧០ គ្រឿង ដើម្បីត្រៀមដឹកពលករពីព្រំដែន ទៅកាន់ស្រុកកំណើត ករណីមណ្ឌលចត្តាឡីស័ក នៅតាមព្រំដែន មានចំនួនច្រើន ដោយ សម្តេច បញ្ជាក់ថាៈ ” យើងមិនអាចឲ្យពលករចំណាកស្រុក ធ្វើដំណើរតាមរថយន្តតាក់ស៊ីបានទេ ព្រោះវាជាហានិភ័យ ក្នុងការចម្លង ចូលទៅក្នុងសហគមន៍ “ ។
កាលពីយប់ថ្ងៃសៅរ៍ ទី១៩ ខែធ្នូ ថៃបានប្រកាស ពីការរកឃើញករណីឆ្លងកូចវីដ ១៩ ( COVID-19 ) ដល់ទៅជាង ៥០០ ករណី ក្នុងចំណោមពលករចំណាកស្រុក នៅឯខេត្តសាមុតសាខន (Samut Sakhon) ភាគនិរតីទីក្រុងបាងកក ខណៈវាជាចំនួន ករណីឆ្លង ដ៏ច្រើនបំផុត ដែលត្រូវបានរាយការណ៍ ក្នុងរយៈពេលត្រឹម ១ថ្ងៃ ។ ខេត្តសាមុតសាខន មានព្រំដែន ជាប់ខេត្តកោះកុង ពោធិសាត់ និង ប៉ែលិន ៕/V
សម្ដេចតេជោ ហ៊ុន សែន អំពាវនាវឲ្យពលរដ្ឋ កុំជ្រួលច្របល់ រត់ចេញ ពីប្រទេសថៃ ខណៈខេត្ដមួយរបស់ថៃ ផ្ទុះការឆ្លងកូវីដ-១៩ ក្នុងសហគមន៍