Home ព័ត៌មានសំខាន់ៗ ព្យុះ​ទី​២៣ ធ...

ព្យុះ​ទី​២៣ ធ្វើឱ្យ​អាកាសធាតុ ត្រជាក់​កាន់តែខ្លាំង​

ដោយៈ ប​.​ខុន / ភ្នំពេញៈ វិ​សម្ពាធ​ធី​ឌី (TD) នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ភាគ​អ​គ្នេ​យ៍ នៃ​ក្រុង​ហូជីមិញ បាន​វិ​វត្ត​ទៅជា កូន​ព្យុះ​ទី​២៣ ឈ្មោះ ក្រវាញ ( KROVANH ) កំពុង​រំកិល​មក​ទិស​ខាងលិច កាត់​ក្រោម​ប្រទេស​វៀតណាម បានធ្វើឱ្យ​ខ្យល់ មូសុង​ឦសាន បង្កើន​ឥទ្ធិពល ជាមួយនឹង​អាកាសធាតុ​ត្រជាក់​ខ្លាំង នៅ​យប់​ថ្ងៃទី២១-២២ ខែធ្នូ ជាពិសេស​នៅ​តំបន់ ទំនាប​កណ្តាល ភាគ​ពាយព្យ តំបន់​វាលវែង ក្នុង​ខេត្តពោធិសាត់។​

​លោក ចាន់ យុ​ត្ថា អ្នកនាំពាក្យ និង​ជា​រដ្ឋលេខាធិការ ក្រសួង​ធនធានទឹក និង​ឧតុនិយម បាន​ប្រាប់​ឱ្យ​រស្មី​កម្ពុជា​ដឹង នៅ​ថ្ងៃទី​២០ ខែធ្នូ ឆ្នាំ​២០២០ ថាៈ វិ​សម្ពាធ​ធី​ឌី (TD) នៅក្នុង​សមុទ្រ​ចិន​ខាងត្បូង ភាគ​គ្នេ​យ៍ នៃ​ក្រុង​ហូជីមិញ បាន​វិ​វត្ត​ទៅជា​កូន​ព្យុះ​ទី​២៣ ឈ្មោះ​ក្រវាញ ( KROVANH ) ដោយ​ដើរ​លើ​ផ្ទៃសមុទ្រ កាត់​ក្រោម​ប្រទេស​វៀតណាម មក​ទិស​ខាងលិច​។​

​ព្យុះ​ទី​២៣​នេះ លោក ចាន់ យុ​ត្ថា បាន​បញ្ជាក់ថា ធ្វើឱ្យមាន​ភ្លៀង​ធ្លាក់ លើ​ផ្ទៃសមុទ្រ និង​តំបន់​ដីសណ្តរ ក្នុងប្រទេស​វៀតណាម តែ​នៅ​ប្រទេស​កម្ពុជា មិនមាន​ភ្លៀង​ទេ ដោយសារ​ខ្យល់មូសុង​ឦសាន បាន​រុញ​ចុះមក​ខ្លាំង ជាមួយនឹង​ធាតុអាកាស​ត្រជាក់​ខ្លាំង គឺ​ត្រជាក់​ខ្លាំង ជាង​ការចុះ​ត្រជាក់​លើក​ទី​១ ដោយនៅ​តំបន់​ខ្លះ ដូចជា​វាលវែង ក្នុង​ខេត្តពោធិសាត់ សីតុណ្ហភាព អាច​ចុះ​ដល់ ១៥ អង្សា នៅពេល​រំលងអធ្រាត្រ ថ្ងៃទី​២១ ខែធ្នូ​។​

​លោក ចាន់ យុ​ត្ថា បាន​និយាយ​ឱ្យដឹង​ផងដែរ​ថាៈ តំបន់​ខ្នងភ្នំ និង​ទំនាប​កណ្តាល ភាគ​ពាយព្យ នៅ​យប់​ថ្ងៃទី​២១ និង ២២ ខែធ្នូ ត្រជាក់​ខ្លាំង សីតុណ្ហភាព អាច​នឹង​ចុះ​ដល់​រង្វង់ ១៦ ទៅ ១៧ អង្សា​សេ នៅ​រំលងអធ្រាត្រ ថ្ងៃទី​២១ ខែធ្នូ​។ នៅ​ភ្នំពេញ ធាតុអាកាស ត្រជាក់​ខ្លាំង អាច​អូសបន្លាយ រហូតដល់​ម៉ោង ៨ ព្រឹក ( ២១​ធ្នូ ) ទើប​ចាប់ផ្តើម​កើនឡើង​វិញ​។​

​ក្រសួង​ធនធានទឹក និង​ឧតុនិយម កាលពី​ថ្ងៃទី​១៥ ខែធ្នូ បាន​ជូនដំណឹង​ថាៈ សម្រាប់​ថ្ងៃទី ២១-២២ ខែធ្នូ សីតុណ្ហភាព អប្បបរមា មាន​ពី ១៨-២១ អង្សា​សេ និង​អតិបរមា មាន​ពី ២៥-២៨ អង្សា​សេ ៕/V​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular