ដោយៈប.ខុន/ភ្នំពេញៈ ធាតុអាកាសមិនអំណោយផលធ្វើឱ្យការងារអ៊ុតកៅស៊ូបេទីមីន័រលើផ្លូវ ៣៤ខ្សែនៅខេត្តព្រះសីហនុរអាក់រអួលដោយគិតមកដល់ត្រឹមថ្ងៃទី១៩ខែធ្នូទើប អនុវត្តបាន១៣,៤៦ ភាគរយនៃគម្រោង។
លោកគួច ចំរើនអភិបាលខេត្តព្រះសីហនុ បានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃ ទី២០ខែធ្នូឆ្នាំ២០២០បន្ទាប់ពីត្រឡប់មកពីពិនិត្យមើលសកម្មភាពអ៊ុតកៅស៊ូបេទីមីន័រក្នុងក្រុងព្រះសីហនុថាគិតមកដល់ត្រឹមថ្ងៃទី១៩ ខែធ្នូការអ៊ុតកៅស៊ូលើផ្លូវ៣៤ខ្សែទើបអនុវត្តបាន ១៣,៤៦ ភាគរយនៃចំនួន១.២៧៩.៥៩២.៥០ ម៉ែត្រក្រឡា។
ការអ៊ុតកៅសូបេទីមីន័របានចាប់ផ្តើមជាផ្លូវការ កាលពីថ្ងៃទី២ខែធ្នូឆ្នាំ២០២០ បន្ទាប់ពីភ្លៀងរដូវវស្សាបានបញ្ចប់ តែនៅក្នុងខែធ្នូនេះភ្លៀងនៅតែមានបន្តធ្លាក់ធ្វើឱ្យរំខានដល់ការអ៊ុតផ្លូវនៅថ្ងៃខ្លះ។
តាមការគ្រោងផ្លូវទាំង៣៤ខ្សែដែល បានចាក់បេតុងរួច នៅក្រុងព្រះសីហនុ ត្រូវអ៊ុតកៅស៊ូបេទីមីន័របន្ថែមពីលើកម្រាស់០.០៧ ម៉ែត្រមានប្រវែងជាង៨០គី ឡូម៉ែត្រដែលមានផ្ទៃសរុប ១.២៧៩.៥៩២.៥០ម៉ែត្រក្រឡានិងដើម្បីឱ្យបានហើយ នៅថ្ងៃទី១៥ ខែមីនាឆ្នាំ២០២១ ក្នុងមួយថ្ងៃត្រូវអ៊ុតឱ្យបានរួចចំនួន ១២.៣៣៨.១៥ ម៉ែត្រក្រឡា។
ក្រុមហ៊ុនទទួលបានគម្រោងអ៊ុតកៅស៊ូបេទីមីន័រលើផ្លូវទាំង៣៤ខ្សែនៅក្រុង ព្រះ សីហនុមានចំនួន៣ គឺក្រុមហ៊ុនCCES Engineering Services Co., LTD ទទួល បានផ្លូវ ចំនួន ០៥ខ្សែ , ក្រុមហ៊ុនTCM Engineering Co., LTD ទទួលចំនួន១២ខ្សែ, ក្រុម ហ៊ុន LS Construction (Lee Service Cambodia) PTC., LTD ផ្លូវចំនួន១៧ខ្សែ៕