ប្រែសម្រួល : កញ្ញាដាលីស/វ៉ាស៊ីនតោន ៖ សមាជិកសភាអាម៉េរិកបានឈានដល់កិច្ចព្រមព្រៀងមួយកាលពីថ្ងៃអាទិត្យទី២០ធ្នូលើកញ្ចប់ថវិកាសង្គ្រោះកូវីដ១៩ ជិត ៩០០ពាន់លានដុល្លារសម្រាប់ជនជាតិអាម៉េរិករាប់លាននាក់ ខណៈដែលប្រទេសនេះកំពុងព្យាយាមទប់ទល់នឹងការផ្ទុះឡើងនូវវីរុសកូរ៉ូណាដ៏ធំបំផុតរបស់ពិភពលោក។
កញ្ចប់ថវិកានេះត្រូវគេរំពឹងថានឹងរួមបញ្ចូលជំនួយសម្រាប់ការចែកចាយវ៉ាក់សាំងនិងភស្តុភារ អត្ថប្រយោជន៍បន្ថែមសម្រាប់អ្នកគ្មានការងារធ្វើចំនួន ៣០០ ដុល្លារក្នុងមួយសប្តាហ៍និងការចែកមូលប្បទានប័ត្រសំរាប់ជំរុញសេដ្ឋកិច្ចជុំថ្មីក្នុងមួយមូលប្បទានប័ត្រ៦០០ដុល្លារ ។
មេដឹកនាំព្រឹទ្ធសភាមកពីគណបក្សសាធារណរដ្ឋលោកមីត ម៉ាកខូននែល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “យើងបានព្រមព្រៀងលើកញ្ចប់ថវិកាជិត ៩០០ ពាន់លានដុល្លារ។វាត្រូវបានរៀបចំឡើងជាមួយគោលនយោបាយគោលដៅដើម្បីជួយប្រជាជនអាម៉េរិក ដែលបានរង់ចាំជាយូរមកហើយ”។
ប្រធានសភាប្រជាធិបតេយ្យលោកស្រី ណាន់ស៊ី ប៉េឡូស៊ី និងមេដឹកនាំសំឡេងភាគតិចព្រឹទ្ធសភាលោក ឆាក់ ស៊ូមឺ បានបញ្ជាក់ថាការព្រមព្រៀងត្រូវបានសម្រេចជាមួយបក្សសាធារណរដ្ឋនិងសេតវិមានលើកិច្ចព្រមព្រៀងមួយ ដែលផ្តល់ថវិកាចាំបាច់បន្ទាន់ដើម្បីជួយសង្គ្រោះអាយុជីវិតនិងជីវភាពរបស់ប្រជាជនអាម៉េរិក ខណៈវីរុសកូរ៉ូណាបង្កើនល្បឿនឆ្លង។
សភាបានធ្វើការក្រោមឱសានវាទមួយនៅពាក់កណ្តាលអធ្រាត្រថ្ងៃអាទិត្យដោយត្រូវព្រមព្រៀងគ្នាទាំងលើជំនួយដល់ក្រុមគ្រួសារនិងក្រុមហ៊ុនអាម៉េរិក ដែលកំពុងមានបញ្ហានិងលើថវិកាសហព័ន្ធឆ្នាំ ២០២១ ដើម្បីបញ្ចៀសការបិទរដ្ឋាភិបាល។
អនុប្រធានសភាមកពីបក្សប្រជាធិបតេយ្យលោក ស្តេនី ហូយើ បាននិយាយថា លោករំពឹងកិច្ចព្រមព្រៀងនេះនឹងត្រូវអនុម័តនៅថ្ងៃចន្ទហើយបន្ទាប់មកនឹងបញ្ជូនទៅព្រឹទ្ធសភា៕
សមាជិកសភាអាម៉េរិកព្រមព្រៀងលើកញ្ចប់ថវិកាសង្គ្រោះកូវីដ១៩ ជិត ៩០០ ពាន់លានដុល្លារ