ប្រែសម្រួល : កញ្ញាដាលីស ៖បណ្តាប្រទេសសហភាពអឺរ៉ុបច្រើនឡើងបានរារាំងការធ្វើដំណើរពីចក្រភពអង់គ្លេសកាលពីថ្ងៃអាទិត្យនិងប្រទេសផ្សេងទៀតកំពុងពិចារណាលើសកម្មភាពស្រដៀងគ្នានេះក្នុងគោលបំណងទប់ស្កាត់ដានវីរុសកូរ៉ូណាទើប្រែរូបរាងថ្មីដែលកំពុងឆ្លងរាលដាលពាសពេញភាគខាងត្បូងប្រទេសអង់គ្លេសកុំឱ្យរីករាលដាលពេញទ្វីបអឺរ៉ុប។
បារាំង អាឡឺម៉ង់ អ៊ីតាលី ហូឡង់ បែលហ្ស៊ិក អូទ្រីស អៀរឡង់និងប៊ុលហ្គារីសុទ្ធតែបានប្រកាសពីការរឹតត្បិតលើការធ្វើដំណើរពីចក្រភពអង់គ្លេស ពោលគឺប៉ុន្មានម៉ោងបន្ទាប់ពីនាយករដ្ឋមន្ត្រីអង់គ្លេសលោក បូរីស ចនសុន បានប្រកាសថា ការទិញទំនិញបុណ្យណូអែលនិងការជួបជុំនៅភាគខាងត្បូងប្រទេសអង់គ្លេសត្រូវតែលុបចោលដោយសារតែការឆ្លងរាលដាលយ៉ាងឆាប់រហ័សនៃវីរុសត្រូវបានស្តីបន្ទោសទៅលើវ៉ារ្យ៉ង់វីរុសកូរ៉ូណាថ្មី។
ភ្លាមៗនោះលោកចនសុនបានដាក់តំបន់ទាំងនោះនៅក្រោមការព្រមានកាំទី៤ថ្មីយ៉ាងតឹងរ៉ឹងដោយឃាត់ឃាំងរាល់ការចំណាយពេលសប្បាយបុណ្យណូអែលនៅតាមទីសាធារណៈសម្រាប់មនុស្សរាប់លាននាក់។
បារាំងបានហាមឃាត់រាល់ការធ្វើដំណើរពីចក្រភពអង់គ្លេសក្នុងរយៈពេល ៤៨ម៉ោងចាប់ពីពាក់កណ្តាលអធ្រាត្រថ្ងៃអាទិត្យរួមទាំងរថយន្តដឹកទំនិញឆ្លងកាត់ផ្លូវរូងក្រោមដីនៅចក្រសមុទ្រអង់គ្លេសឬពីកំពង់ផែក្រុងដូវើនៅឆ្នេរសមុទ្រភាគខាងត្បូងអង់គ្លេស។ ក្រុមមន្ត្រីបារាំងនិយាយថា ការផ្អាកនេះនឹងជួយផ្តល់ពេលវេលាដើម្បីស្វែងរក “គោលការណ៍ណែនាំរួម” ស្តីពីវិធីដោះស្រាយការគំរាមកំហែង ប៉ុន្តែវាបានធ្វើឱ្យផ្លូវឆ្លងកាត់ដ៏មមាញឹក ដែលប្រើដោយរថយន្តដឹកទំនិញរាប់ពាន់គ្រឿងក្នុងមួយថ្ងៃ មានភាពច្របូកច្របល់។
អាជ្ញាធរកំពង់ផែក្រុងដូវើបានសរសេរលើ Twitter កាលពីយប់ថ្ងៃអាទិត្យថា កំពង់ផែសាឡាងរបស់ខ្លួនត្រូវបាន”បិទចរាចរណ៍ទាំងអស់ដែលចាកចេញពីចក្រភពអង់គ្លេសរហូតដល់មានការជូនដំណឹងបន្ថែមទៀតដោយសារតែការរឹតត្បិតព្រំដែននៅបារាំង”។
រថភ្លើងដឹកអ្នកដំណើររបស់ក្រុមហ៊ុន Eurostar ពីទីក្រុងឡុងដ៍ទៅទីក្រុងប៉ារីស ទីក្រុងព្រុចសែល និង ទីក្រុងអាំស្ទែដាំ ក៏ត្រូវបានបញ្ឈប់ផងដែរ។
លោកផាទ្រីក វ៉ាឡង់ ប្រធានទីប្រឹក្សាវិទ្យាសាស្ត្ររបស់រដ្ឋាភិបាលអង់គ្លេស និយាយថា ក្រុមមន្ត្រីបារម្ភអំពីវ៉ារ្យ៉ង់ថ្មីនេះ ព្រោះវាផ្ទុកនូវការប្រែប្រួលចំនួន ២៣ “ដែលជាវ៉ារ្យ៉ង់ធំបំផុតខុសពីធម្មតា”ដោយប៉ះពាល់របៀបដែលវីរុសភ្ជាប់និងចូលមកកោសិកាក្នុងរាងកាយ។
លោកវ៉ាឡង់បានបន្ថែមថា ក្រុមមន្ត្រីមិនប្រាកដថាតើវាមានដើមកំណើតពីចក្រភពអង់គ្លេសឬយ៉ាងណាទេ ប៉ុន្តែត្រឹមខែធ្នូនេះ វាមានអត្រាឆ្លងលឿនជាងមុនជិត៧០ភាគរយនៅទីក្រុងឡុងដ៍៕
ប្រទេសជាច្រើនហាមឃាត់ជើងហោះហើរពីចក្រភពអង់គ្លេស ព្រោះដានវីរុសកូរ៉ូណាថ្មីប្រែប្រួលរូបរាងឆ្លងខ្លាំងជាងមុន៧០ភាគរយ