ដោយៈប.ខុន / ភ្នំពេញៈ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ បានប្រកាសព័ត៌មាន អំពីស្ថានភាពអាកាសធាតុ នៅក្នុងប្រទេសកម្ពុជា បន្ទាប់ព្យុះទី ២៣ ឈ្មោះ ក្រវាញ ( KROVANH ) បានកើតមានឡើង ស្របពេលខ្យល់មូសុងឦសាន កំពុងមានឥទ្ធិពលខ្លាំង ធ្វើឱ្យសីតុណ្ហភាព ធ្លាក់ចុះដល់កម្រិត ១៧ អង្សាសេ និងអាចមានភ្លៀងធ្លាក់ ក្នុងកម្រិត ពីតិចទៅបង្គួរ នៅតំបន់ខ្លះ។
សេចក្តីប្រកាសព័ត៌មាន បានសរសេរថាៈ តាមរយៈការតាមដាន និងការវិវត្តជាក់ស្តែង នៃស្ថានភាពអាកាសធាតុ បង្ហាញឲ្យឃើញថា វិសម្ពាធ (Tropical Depression) នៅក្នុងសមុទ្រចិនខាងត្បូង បានបង្កើនឥទ្ធិពល ទៅជាកូនព្យុះទី២៣ ឈ្មោះ ក្រវាញ ( KROVANH ) ។ តាមការព្យាករ ព្យុះនេះ នឹងធ្វើដំណើរឆ្ពោះ មកទិសខាងលិច ចូលកៀក ចុងជ្រោយឥណ្ឌូចិន ខាងត្បូងប្រទេសវៀតណាម នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០ ហើយ នឹងថមថយឥទ្ធិពល ទៅជាវិសម្ពាធ ( TD ) នៅពេលចូលមកដល់ ក្រុងកាន់ធើ និងខេត្តចូដុក ភាគខាងត្បូង ប្រទេសវៀតណាម នៅថ្ងៃទី ២៣ ខែធ្នូ ឆ្នាំ២០២០ រួចបន្តដំណើរចូលមកខេត្តកំពត និងខេត្តព្រះសីហនុ ប្រទេសកម្ពុជា។
ក្នុងសេចក្តីប្រកាសពត័ត៌មាន បានបញ្ជាក់ថាៈ នៅថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ វិសម្ពាធនេះ ថយឥទ្ធិពល ទៅជាសម្ពាធទាប (Low Pressure ) ដើរចូលទៅ សមុទ្រប្រទេសកម្ពុជា និងឈូងសមុទ្រថៃ រួចបន្តឆ្ពោះទៅខេត្តស៊ូរ៉ាត់ថានី ប្រទេសថៃ ។
លក្ខណៈបែបនេះ ធ្វើឲ្យធាតុអាកាស នៅព្រះរាជាណាចក្រកម្ពុជា ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២០ សម្រាប់បណ្តាខេត្ត នៅតំបន់ជួរភ្នំដងរែក និង ខ្ពង់រាបភាគឦសាន ផ្ទៃមេឃ មានពពកច្រើន សីតុណ្ហភាពអប្បបរមា នឹងធ្លាក់ចុះមកនៅ ក្នុងរង្វង់ពី ១៧ អង្សាសេ ទៅ ២០ អង្សាសេ។ ខេត្តនៅតំបន់វាលទំនាប ផ្ទៃមេឃមានពពកច្រើន សីតុណ្ហភាពអប្បបរមា ក្នុងរង្វង់ពី ១៨ អង្សាសេ ទៅ ២១ អង្សាសេ អាចមានភ្លៀងធ្លាក់កម្រិត ពីខ្សោយ ទៅមធ្យម ។ បណ្តាខេត្តនៅ តំបន់មាត់សមុទ្រ ពិសេសខេត្តកំពត និងខេត្តព្រះសីហនុ ផ្ទៃមេឃ មានពពកច្រើន មីដេរដាស សីតុណ្ហភាពអប្បបរមា ក្នុងរង្វង់ពី ២០ អង្សាសេ ទៅ ២៣ អង្សាសេ អាចមានភ្លៀងធ្លាក់កម្រិត ពីខ្សោយ ទៅបង្គួរ មានខ្យល់បក់ បោកខ្លាំង លាយឡំជាមួយនឹងរលកសមុទ្រ មានកម្ពស់ខ្ពស់ៗ ។
យោងលើស្ថានភាពអាកាសធាតុ ដូចបានជម្រាប ជូនខាងលើ សូមសាធារណជន ជ្រាបជាព័ត៌មានពិសេសបងប្អូនប្រជានេសាទ និងអ្នកធ្វើដំណើរ តាម សមុទ្រទាំងអស់ សូមបង្កើនការយកចិត្តទុកដាក់ ប្រុងប្រយ័ត្ន ដើម្បីចៀសវាង នូវគ្រោះថ្នាក់ផ្សេងៗ ដែលអាចកើតមានឡើង ជាយថាហេតុ។ ក្រសួងធនធានទឹក និងឧតុនិយម បាននិងកំពុងបន្តតាមដាន យ៉ាងយកចិត្តទុកដាក់ លើបាតុភូតធម្មជាតិនេះ ហើយនឹងជម្រាបជូនព័ត៌មាន ជាបន្តបន្ទាប់ទៀត ក្នុងករណីអាកាសធាតុ មានការប្រែប្រួល៕/V