ប្រែសម្រួលៈវាសនា/បាងកក៖ករណីឆ្លងកូវីដ១៩ថ្មីចេញពីផ្សារអាហារសមុទ្រស្រស់មួយនៅក្នុងខេត្តសាមុត សាខន កំពុងកើនឡើង ដោយអាជ្ញាធរបានបន្តធ្វើតេស្តិ៍រកវីរុសលើកម្មករពលករចំណាកស្រុកមកពីមីយ៉ាន់ម៉ា។
អភិបាលរងខេត្តលោក ស៊ូរ៉ាសាក់ ផូលយ៉ាងសង បាននិយាយកាលពីថ្ងៃអាទិត្យថា កម្មករ១៤៦នាក់ទៀតមកពីប្រទេសក្បែរខាងត្រូវបានពិនិត្យរកឃើញកូវីដ១៩កាលពីថ្ងៃអាទិត្យ ដែលនាំអោយចំនួនអ្នកឆ្លងជំងឺនេះនៅក្នុងខេត្តកើនដល់៦៩៤នាក់។
ចំនួននេះបានកើនឡើងខ្ពស់ជាងចំនួនឆ្លង៥១៦នាក់ដែលមជ្ឈមណ្ឌលគ្រប់គ្រងសភាពការណ៍កូវីដ១៩ថៃបានរាយការណ៍មុននោះ។
ក្នុងពេលជាមួយគ្នា លេខាអចិន្ត្រៃយ៍សំរាប់សុខាភិបាលសាធារណៈ រំពឹងថាចំនួនឆ្លងកូវីដ១៩នឹងកើនឡើងនៅប៉ុន្មានថ្ងៃខាងមុខ ដោយសារតែការធ្វើតេស្តិ៍លើកម្មករនៅផ្សារបោះដុំគ្រឿងសមុទ្រស្រស់ Central Shrimp Marketក្នុងខេត្តសាមុត សាខន។លោកបាននិយាយដា អាជ្ញាធរកំពុងធ្វើតេស្តិ៍លើកម្មករមីយ៉ាន់ម៉ា១០.០០០នាក់ និងបង្កើនដល់៤០.០០០នាក់ក្នុងបំណងទប់ស្កាត់ការផ្ទុះកូវីដ១៩កាន់តែរាលដាលនៅក្នុងខេត្ត។
Central Shrimp Marketត្រូវបានបិទក្រោយរកឃើញអ្នកឆ្លងកូវីដ១៩នៅទីនេះ
បើតាមក្រសួងសុខាភិបាល ផ្សារបោះដុំអាហារសមុទ្រនេះប្រើកម្មករមកពីមីយ៉ាន់ម៉ាភាគច្រើន ហើយមានជនជាតិថៃតែប្រមាណ១០ភាគរយទេ។វាជាផ្សារបោះដុំគ្រឿងសមុទ្រស្រស់ធំបំផុតនៅថៃ ហើយមានអតិថិជនមកពីច្រើនខេត្តតែងមកយកសាច់សត្វសមុទ្រទៅលក់បន្ត ដូច្នេះការឆ្លងនេះមិនកំណត់ត្រឹមតែខេត្តមួយនេះទេ។
បើតាមអ្នកជំនាញ វីរុសនៅផ្សារនេះបានរាលដាលទៅកាន់ខេត្តយ៉ាងតិច៥របស់ថៃតាំងពីមុនមក។
សូមបញ្ជាក់ថា ករណីរកឃើញកូវីដដំបូងគេកើតលើស្ត្រីថៃម្នាក់ ដែលមានតូបលក់ក្នុងផ្សារនេះ។គាត់បានធ្លាក់ខ្លួនឈឺនៅថ្ងៃ១៣ធ្នូ និងត្រូវបានធ្វើតេស្តិ៍ឃើញកូវីដ១នៅថ្ងៃ១៧ធ្នូ។
ពួកមន្ត្រីសុខាភិបាលថៃមានជំនឿថា ការផ្ទុះជំងឺឆ្លងនៅសាមុត សាខននេះកើតចេញពីសហគមន៍កម្មករមីយ៉ាន់ម៉ាដែលធ្វើការនៅក្នុងផ្សារនេះ ដូច្នេះក្រសួងសុខាភិបាលពង្រីកការធ្វើតេស្តិ៍រកវីរុសលើកម្មករមីយ៉ាន់ម៉ាទាំងអស់នៅសាមុត សាខន៕
ពលករមីយ៉ាន់ម៉ា រង់ចាំការធ្វើតេស្តិ៍រកវីរុសកូរ៉ូណា នៅសាមុត សាខន កាលពីថ្ងៃអាទិត្យ