ដោយៈ ភ្នំស្វាយ/ឧត្តរមានជ័យៈ បន្ទាប់ពីទទួលបទបញ្ជាបន្ទាន់ ពីសម្តេចតេជោ ហ៊ុន សែន នាយឧត្តមសេនីយ៍ផ្កាយមាស៥ ផុតលេខ នាយករដ្ឋមន្ត្រីនៃកម្ពុជា កងពលតូចដឹកជញ្ជូន លេខ៩៩ ដែលចេញពីបន្ទាយ កាលពីយប់ថ្ងៃទី២០ ធ្នូ នោះ មកទល់ព្រឹក ថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ បានទៅដល់គោលដៅ ព្រំដែនពីរច្រក គឺនៅច្រកព្រំដែនអន្តរជាតិ អូរស្មាច់ ខេត្តឧត្តរមានជ័យ (ខាងថៃគឺឆងចម) មានចំនួន ៣០ គ្រឿង និងនៅច្រកអន្តរជាតិដូង ខេត្តបាត់ដំបង (ខាងថៃបានឡែម) ចំនួន១៥គ្រឿង ដើម្បីត្រៀមដឹកបងប្អូនពលករខ្មែរ ដែលធ្វើការនៅប្រទេសថៃ ដែលអាចសម្រុក ធ្វើមាតុភូមិនិវត្តន៍ ឆ្លងកាត់ព្រំដែនមកកម្ពុជា វិញ។ នេះបើយោងតាមមន្ត្រី និងអ្នកឆ្លើយឆ្លងព័ត័មាន កាសែតរស្មីកម្ពុជា បានអោយដឹង នៅព្រឹកថ្ងៃទី២១ ខែធ្នូ នេះ ។
ការបញ្ជូនរថយន្តកងទ័ព ទៅត្រៀមដឹកនេះ គឺដើម្បីការពារសុវត្ថិភាព នៃជំងឺកូវីត ១៩ បន្ទាប់ពីផ្ទុះការរីករាលដាល នូវមេរោគកូវីដ ១៩ ក្នុងតែ ១ ថ្ងៃ ចំនួនជាង ៥០០ នាក់ នៅខេត្ត សមុតសាខន ប្រទេសថៃ កាលពីយប់ថ្ងៃទី១៩ និងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ ពោលគឺ ប្រមុខរាជរដ្ឋាភិបាល មិនអោយពលករខ្មែរ ជិះតាក់ស៊ី ឬរថយន្តក្រុងឡើយដែលជួយកាត់ បន្ថយចំណាយ និងងាយស្រួលគ្រប់គ្រង។
ដោយឡែក នៅច្រកព្រំដែនអូរបីជាន់ ខេត្តបន្ទាយមានជ័យ ដែលមានពលករខ្មែរ វិលត្រឡប៉ពីប្រទេសថៃ ក្នុងចំនួនពី ១៥០ ទៅ ២០០ នាក់ ក្នុង១ថ្ងៃៗនោះ ក៏អាចនឹងត្រូវ បញ្ជូនរថយន្តកងទ័ព ផលិតនៅប្រទេសចិន ដូចខាងលើ ទៅទទួលដឹកជញ្ជូនដែរ ៕/V-PC