ប្រែសម្រួលៈវាសនា/ហូជីមីញ៖ការនាំចេញអង្ករនៅវៀតណាម បានហក់ឡើងខ្ពស់បំផុតធៀបនឹងបរិមាណនាំចេញចាប់តាំងពីខែធ្នូឆ្នាំ២០១១ នៅពេលកង្វះទូរកុងតេនឺនាំអោយថ្លៃដឹកជញ្ជូនកើនឡើង។
អង្ករបាក់៥ភាគរយថ្លៃ ៥០០ដុល្លារក្នុង១តោន ដោយកាលពីសប្តាហ៍មុនថ្លៃតែ៤៧០ទៅ៤៩០ដុល្លារក្នុងមួយតោន។
ការខ្វះទូរកុងតេនឺទំនិញបានធ្វើអោយពួកឈ្មួញពិបាកដឹកអង្ករទៅអោយអតិថិជនរបស់គេ នេះបើតាមពាណិជ្ជករម្នាក់នៅខេត្តអាង យ៉ាង។ឈ្មួញដដែលបានបន្ថែមថា «ឧទាហរណ៍ កុងតេនឺ២០ហ្វីត ធ្លាប់តែថ្លៃ១.៥០០ដុល្លារកាលពីប៉ុន្មានខែមុនបានឡើងដល់៥.០០០ដុល្លារសំរាប់ដឹកទៅកាន់អាហ្វ្រិក»។
ក្នុងពេលជាមួយគ្នា ពួកឈ្មួញបាននិយាយថា វៀតណាមទំនងជាមិនអាចបំពេញតាមគោលដៅនាំចេញអង្ករ៦,៥លានតោនបានទេនៅឆ្នាំនេះ។
ទិន្នន័យគយបានបង្ហាញថា ក្នុងអំឡុងពេលពីខែមករាដល់វិច្ឆិកា ការនាំចេញធ្លាក់ចុះ២,៩ភាគរយ បានត្រឹម៥,៧លានតោន។
ក្នុងពេលជាមួយគ្នា អង្ករបាក់៥ភាគរយថៃមានតំលៃ៥០០ទៅ៥១៩ដុល្លារក្នុងមួយតោន ដោយកើនពី៤៨៥-៥១៦ដុល្លារកាលពីសប្តាហ៍មុន ដោយសារតែមានការបារម្ភអំពីការផ្គត់ផ្គង់ និងឡូជីស្ទិក។ថៃក៏មានបញ្ហាខ្វះកុងតេនឺផងដែរ ជាហេតុនាំអោយការផ្គត់ផ្គង់ថ្មីនៅមិនទាន់មកដល់ ហើយការបញ្ជាទិញមានស្រាប់ក៏មិនទាន់ដឹកចេញ។
ការនាំចេញអង្ករថៃបានធ្លាក់ចុះដល់៤,៤៩លានតោនចាប់ពីខែមករាដល់តុលា ដោយចុះ៣១ភាគរយពីការនាំចេញរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ចំណែកប្រទេសនាំចេញលេខ១ គឺឥណ្ឌា ក៏មានតំរូវការអង្ករខ្ពស់ដោយអង្ករបាក់៥ភាគរយកើនដល់៣៨០-៣៨៥ដុល្លាតក្នុងមួយតោន ៕
កសិករលីបាវអង្ករនៅទីក្រុងកាន់ថឺ កាលពីខែមីនាឆ្នាំ២០២០