ដោយ:ដេប៉ូ/សៀមរាប:ដើម្បីថែរក្សានិងការពារប្រភេទកេសកូលរបស់កម្ពុជាឱ្យបានគង់វង្សនោះមន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថានបានព្រមាននឹងអនុវត្តតាមផ្លូវច្បាប់ចំពោះជនទាំងឡាយណាដែលនៅបន្តសកម្មភាពប្រមូលទិញ លក់ និងដឹកជញ្ជូនកេសរកូលព្រៃ ឬផ្កាអ័រគីដេព្រៃគ្រប់ប្រភេទ ពីតំបន់ការពារធម្មជាតិនៅកម្ពុជា។
ការព្រមានបែបនេះធ្វើឡើងដោយលោកនេត្រភក្ត្រាមន្ត្រីនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងបរិស្ថានក្នុងខណៈពេលដែលបានដឹកនាំ ក្រុមអ្នកសារព័ត៌មានក្នុងដំណើរទស្សនកិច្ចទៅកាន់មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូលសុខ អាន ភ្នំគូលេន ថ្ងៃទី១៩ ធ្នូកន្លងទៅ។
លោកនេត្រភក្ត្រាមន្ត្រីនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងបរិស្ថានក្នុងខណៈពេលដែលបានដឹកនាំ ក្រុមអ្នកសារព័ត៌មានក្នុងដំណើរទស្សនកិច្ចទៅកាន់មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូលសុខ អាន ភ្នំគូលេន ថ្ងៃទី១៩ ធ្នូកន្លងទៅ(រូបថតដេប៉ូ)
ប្រាប់ដល់បណ្តាញសារព័ត៌មាន លោក នេត្រ ភក្ត្រា បានឱ្យដឹងថាកេសរកូលព្រៃ គឺជាធនធានធម្មជាតិដ៏កម្រនិងជាកម្មសិទ្ធិរបស់ កម្ពុជាដែលចាំបាច់ត្រូវថែរក្សានិងអភិរក្ស។ការហាមឃាត់ឬការទប់ស្កាត់ការធ្វើអាជីវកម្មកេសរកូលនេះក៏ធ្វើឡើងស្របពេលដែលអ្នកជំនាញបាននិងកំពុងធ្វើការសិក្សារកចំនួនប្រភេទកេសរកូលព្រៃដែលមានវត្តមាននៅកម្ពុជាឱ្យបានច្បាស់លាស់។
លោកបានថ្លែងថា”សូមព្រមានទៅលើអ្នកធ្វើអាជីវកម្មធំ អ្នកដែលបំផ្លិចបំផ្លាញនៅករសរកូលព្រៃ យើងនឹងអនុវត្តទៅហ្នឹងវិធានការច្បាប់ព្រោះក្រសួងបរិស្ថានបានព្រមានរួចហើយចំពោះអ្នកដែលធ្វើអាជីវកម្មកេសរកូលព្រៃដែលហួសប្រមាណ ដែលឈានទៅដល់កម្រឹតបំផ្លិចបំផ្លាញនេះ យើងមិនយោគយល់ចំពោះពួកគាត់ទេ “។
ទាក់ទិនទៅនឹងកេសរកូលនៅកម្ពុជានេះដែរលោកមានប្រសាសន៍ថាប្រភេទកេសរកូលប្រមាណ៤០ភាគរយត្រូវបានគេរកឃើញនៅតាមតំបន់ជួរភ្នំក្រវាញនិងរួមទាំងតំបន់ភ្នំបូកគោ។ចំណែក៣៥ភាគរយត្រូវបានគេរកឃើញនៅតំបន់ឆ្នេរនិង១៣ភាគរយព្រៃរបោះស្ងួតហើយ១០ភាគរយទៀតត្រូវបានគេរកឃើញនៅតាមតំបន់ប្រសព្វគ្នានៃទន្លេមេគង្គ។ក្រៅពីនេះកេសរកូលព្រៃកម្ពុជាអាចមាននៅតំបន់ជួរភ្នំដងរែក និងតំបន់ខាងកើតបឹងទន្លេសាប។
លោកនេត្រភក្ត្រាមន្ត្រីនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងបរិស្ថានក្នុងខណៈពេលដែលបានដឹកនាំ ក្រុមអ្នកសារព័ត៌មានក្នុងដំណើរទស្សនកិច្ចទៅកាន់មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូលសុខ អាន ភ្នំគូលេន ថ្ងៃទី១៩ ធ្នូកន្លងទៅ(រូបថតដេប៉ូ
ទោះបីយ៉ាងណាលោកនេត្រភក្ត្រាបានមានប្រសាសន៍ដែរថា“នាពេលនេះមន្ត្រីជំនាញយើងកំពុងសិក្សាអំពីកេសរកូលនៅកម្ពូជាប៉ុន្តែចំនួនពិតប្រាកដ យើងមិនទាន់មានចំនួនប្រភេទកេសរកូលឱ្យច្បាស់លាស់នៅឡើយ។ ដូច្នេះបើមានការប្រមូល ឬធ្វើអាជីវកម្មកេសរកូលព្រៃ វាអាចធ្វើឱ្យបាត់បង់នូវប្រភេទកេសរកូលរបស់យើង ដែលគេប្រទេសផ្សេងអាចយកទៅធ្វើជាអាជីវកម្ម ឬធ្វើជាកម្មសិទ្ធិរបស់គេ ដូច្នេះបានជាយើងចាំបាច់ត្រូវការពារ អភិរក្ស និងទប់ស្កាត់ការជួញដូរដោយខុសច្បាប់”។
លោក រដ្ឋេលខាធិការបានបន្ថែមថា”តាមរយៈមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន ក្រសួងបរិស្ថាន បាននិងកំពុងធ្វើការសិក្សាស្រាវជ្រាវ និងចងក្រងទិន្នន័យ ដោយរួមបញ្ចូលទាំងការកំណត់អត្តសញ្ញាណ ប្រភេទកេសរកូលព្រៃ។ បច្ចុប្បន្ន មជ្ឈមណ្ឌលបានអភិរក្ស និងរក្សាពូជកេសរកូលព្រៃចំនួនប្រមាណ១៥០ប្រភេទ ក្នុងនោះក៏មានបណ្ណង្គជាតិ(fern) ចំនួន១៥ ប្រភេទ និងHoya ៤ប្រភេទផងដែរ”។
ទន្ទឹមជាមួយការព្រមានខាងលើនេះ លោករដ្ឋលេខាធិការក្រសួងបរិស្ថានបានបង្ហាញពីច្បាប់ដែល ពាក់ព័ន្ធ នឹង ការអភិរក្ស កេសរកូលព្រៃ ផងដែរដូចជាច្បាប់ស្តីពីតំបន់ការពារធម្មជាតិ ឆ្នាំ២០០៨ ជំពូកទី១០ ស្តីពីបទល្មើសធនធានធម្មជាតិ និងទោសបញ្ញត្តិមាត្រា ៥៩ (ចំណុចទី៣៖ ដឹកជញ្ជូន និងប្រមូលអនុផលធនធានធម្មជាតិដោយគ្មានការអនុញ្ញាត និងចំណុចទី៤៖ ប្រមូលសន្និធិ ផល អនុផល ធនធានធម្មជាតិដោយគ្មានការអនុញ្ញាត) ត្រូវទទួលការពិន័យអន្តរការណ៍ ឬត្រូវធ្វើការជួសជុលស្តារការខូចខាត និងរឹបអូសវត្ថុតាងជាសម្បត្តិរដ្ឋ។មាត្រា៦១ (ចំណុចទី៤៖ កាប់ គ្រៀវ ចង រិត គាស់រម្លើង កាប់រំលំ ប្រមូល បំផ្លាញ រុករាន និង ធ្វើសន្និធិរុក្ខជាតិដែលកំពុងរងគ្រោះថ្នាក់ ឬមានដោយកម្រ និងជិតផុតពូជ ដែលបានកំណត់ ដោយប្រកាសក្រសួងបរិស្ថាន) ត្រូវផ្តន្ទាទោសជាបទល្មើសធនធានធម្មជាតិថ្នាក់ទី៣ (ទោស ដាក់ពន្ធនាគារពី ១ទៅ៥ឆ្នាំ និងពិន័យជាប្រាក់ពី១៥លានរៀល ទៅ១៥០លានរៀល។
លោកនេត្រភក្ត្រាមន្ត្រីនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងបរិស្ថានក្នុងខណៈពេលដែលបានដឹកនាំ ក្រុមអ្នកសារព័ត៌មានក្នុងដំណើរទស្សនកិច្ចទៅកាន់មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូលសុខ អាន ភ្នំគូលេន ថ្ងៃទី១៩ ធ្នូកន្លងទៅ(រូបថតដេប៉ូ
លោករដ្ឋលេខាធិការក៏បានបញ្ជាក់ឱ្យដឹងដែរថាក្នុងករណីពិនិត្យឃើញមានបទល្មើសណាមួយ នាយកដ្ឋាន អធិការកិច្ច និង ពង្រឹង ការ អនុវត្ត ច្បាប់នឹងចុះទៅធ្វើអធិការកិច្ច ឬអញ្ជើញម្ចាស់អាជីវកម្មឬបុគ្គលប្រព្រឹត្តបទល្មើសមកធ្វើការណែនាំ និងចុះកិច្ចសន្យាបញ្ឈប់រាល់សកម្មភាពល្មើសជាបន្ទាន់។ ក្នុងករណីមិនរាងចាលនិងបន្តអនុវត្តសកម្មភាពល្មើស ត្រូវអនុវត្តតាមវិធានការច្បាប់ដែលមានចែងជាធរមាន។
សម្រាប់កិច្ចការពារកេសកូលនេះដែរ លោករដ្ឋលេខាធិការបានបញ្ជាក់ជុំវិញវិធានការរបស់ក្រសួងរួមមានដូចជា
អប់រំផ្សព្វផ្សាយបន្ថែមដល់ប្រជាពលរដ្ឋអំពីការជួញដូរកេសរកូលព្រៃជាអំពើខុសច្បាប់។ លើកទឹកចិត្តឱ្យប្រជាពលរដ្ឋកែប្រែឥរិយាបថ និងផ្លាស់ប្តូរមុខរបរថ្មីដែលមិនប៉ះពាល់ឬបំផ្លាញដល់កេសរកូលព្រៃ។
សូមបញ្ជាក់ថា កម្ពុជាបានសម្រេចបង្កើត «មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន» កាលនៅចុងឆ្នាំ២០១៨ ស្ថិតនៅជើងភ្នំគូលែន ក្នុងភូមិស្រះខ្វាវ ឃុំត្បែង ស្រុកបន្ទាយស្រី ខេត្តសៀមរាប។ មជ្ឈមណ្ឌលនេះបង្កើតដោយអគ្គលេខាធិកាដ្ឋានអភិវឌ្ឍន៍ដោយចីរភាព សហការជាមួយមន្ទីរបរិស្ថានខេត្តសៀមរាប និងម្ចាស់កសិដ្ឋាន The Bloom Garden Greenhouse។«មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន» នេះ គឺដើម្បីរំឭកពីគុណបំណាច់ដ៏ថ្លៃថ្លា របស់វិញ្ញាណក្ខន្ធសម្តេចវិបុលបញ្ញា សុខ អាន ក្នុងបុព្វហេតុកសាងជាតិមាតុភូមិ ការពារធនធានធម្មជាតិ អភិរក្សជីវៈចម្រុះ និងអភិរក្សបេតិកភណ្ឌវប្បធម៌មនុស្សជាតិ និងលើកតម្កើងវិស័យទេសចរណ៍កម្ពុជា។ការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវនេះនឹងផ្តល់អត្ថប្រយោជន៍ផ្សេងៗ ជាច្រើនដូចជា៖ រក្សា និងស្ដារពូជកេសរកូលព្រៃ ក្នុងស្រុកប្រមូលផ្ដុំសំណាកកេសរកូលរស់ កត់ត្រា និងធ្វើសារពើភ័ណ្ឌ សម្រាប់សិក្សាស្រាវជ្រាវ ផ្ដល់ចំណេះដឹង និងព័ត៌មានវិទ្យាសាស្ត្រ ពីកេសរកូលព្រៃ សម្រាប់មនុស្សជំនាន់ក្រោយ និងសួនកម្សាន្តជាដើម៕សរន
លោកនេត្រភក្ត្រាមន្ត្រីនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងបរិស្ថានក្នុងខណៈពេលដែលបានដឹកនាំ ក្រុមអ្នកសារព័ត៌មានក្នុងដំណើរទស្សនកិច្ចទៅកាន់មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូលសុខ អាន ភ្នំគូលេន ថ្ងៃទី១៩ ធ្នូកន្លងទៅ(រូបថតដេប៉ូ