ដោយៈ សៅ វ៉ាន់ឌី/ព្រះវិហារៈ មន្ត្រីការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាប ការក្លែងបន្លំ បានឱ្យដឹងថាៈ កាលពីថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ មន្ត្រី សាខា ក. ប.ប. ខេត្ត ព្រះវិហារ ដោយមានកិច្ចសហការ ជាមួយមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យ និងផ្សព្វផ្សាយ អំពីគុណភាព សុវត្ថិភាព ម្ហូបអាហារ វេចខ្ចប់ស្រាប់ នៅតាមផ្ទះលក់ទំនិញនានា ក្នុងឃុំពោធិ៍ ស្រុកត្បែងមានជ័យ ហើយបានរកឃើញគ្រឿង បរិភោគមួយចំនួន ដែលខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់។
មន្ត្រីដដែល បានបញ្ជាក់ថាៈ ជាលទ្ធផលនៃការត្រួតពិន្យិទំនិញនោះ មន្ត្រីជំនាញ បានរក ឃើញអំបិល មានសារធាតុអ៊ីយ៉ូត តាមស្ដង់ដា ដែលបានកំណត់ ។ តែបានរកឃើញការ ដាក់តាំង លក់ទំនិញ ខូចគុណភាព និងហួសកាលបរិច្ឆទប្រើមួយចំនួន។ ទំនិញទាំងនោះ រួមមានៈ មីខគោ ៤៤ កញ្ចប់ ស្មើនឹង ២,៨ គីឡូក្រាម , ភេសជ្ជៈប៉ូវកម្លាំង ៦ កំប៉ុង ស្មើនឹង ១,៥ លីត្រ , ទឹកស៊ីរ៉ូ ៦ ដប ស្មើនឹង ៤,៥០ លីត្រ , ទឹកដោះគោ កញ្ចប់ ៣០ កញ្ចប់ ស្មើនឹង ៣,៧៥ លីត្រ , មីកំប៉ុង ៦៥ កំប៉ុង ស្មើនឹង ៣,៩០ គីឡូក្រាម សរុបទំនិញដកហូតបាន ចំនួន ៦,៧ គីឡូក្រាម និង ៩,៧៥ លីត្រ ។
មន្ត្រីដដែល បានបញ្ជាក់ទៀតថាៈបន្ទាប់មក មន្ត្រីជំនាញ បានធ្វើកំណត់ហេតុ ដកហូត ទំនិញទាំងនោះ យកមកកម្ទេចចោល តាមនីតិវិធី នាពេលក្រោយ។ ទន្ទឹមនឹងនោះ មន្ត្រីជំនាញ ក៏បានណែនាំដល់អាជីវករផ្សេងទៀត ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផលទំនិញ និងសេវា៕/V-PC