ដោយៈ រ៉ាម៉ន / ភ្នំពេញៈ អនុវត្តតាមការណែនាំផ្ទាល់ ពីលោក ឃួង ស្រេង អភិបាលរាជធានី ភ្នំពេញ ក្រុមការងារ នៃមន្ទីរសុខាភិបាល រាជធានីភ្នំពេញ សហការជាមួយ អាជ្ញាធរមូលដ្ឋាន ខណ្ឌពោធិ៍សែនជ័យ បានអញ្ជើញបុរស និងស្ត្រីម្នាក់ ដែលជាប្តីប្រពន្ធនឹងគ្នា ទៅធ្វើចត្តា ឡីស័ក នៅមណ្ឌលចាក់អង្រែ ដើម្បីរកមេរោគកូវីដ-១៩ ជៀសវាងការចម្លង មកក្នុង សហគមន៍ ក្រោយពីប្តីប្រពន្ធ១គូនេះ បានត្រឡប់មកពីប្រទេសថៃ តាមច្រកស្រុកសំពៅលូន ខេត្តបាត់ដំបង ដោយមិនបានធ្វើតេស្តរកវីរុសកូវីដ-១៩ និងមិនអនុវត្តចត្តាឡីស័កត្រឹមត្រូវ បង្កការភ័យខ្លាច ដល់ប្រជាពលរដ្ឋ នៅក្នុងភូមិ។ ក្រុមការងារ បានចុះអនុវត្តការងារនេះ កាលពីល្ងាចថ្ងៃអាទិត្យ ទី២០ ខែធ្នូ ឆ្នាំ២០២០ នៅភូមិថ្មគោល២ ក្នុងសង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ។
ក្នុងឱកាសនោះ លោក ប៉ាង លីដា អភិបាលរង ខណ្ឌពោធិ៍សែនជ័យ បានមានប្រសាសន៍ ឲ្យដឹងថាៈ ក្រោយពេលទទួលបាន ព័ត៌មានថា មានបុរស ខាងលើនេះ បានត្រឡប់មកពី ប្រទេសថៃ មកដល់ផ្ទះ នៅក្នុងមូលដ្ឋាន ខណ្ឌពោធិ៍សែនជ័យ ដោយមិនបានអនុវត្ត តាមការណែនាំ របស់ប្រមុខរាជរដ្ឋាភិបាល ក្នុងការធ្វើតេស្ត រកវីរុសកូវីដ-១៩ និងអនុវត្ត ចត្តាឡីស័ក ឱ្យបានត្រឹមត្រូវនោះ ព្រមទាំងទទួលបាន ការណែនាំផ្ទាល់ពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្រុមការងារសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញបានសហការ ជាមួយ អាជ្ញាធរមូលដ្ឋានជាបន្ទាន់ ដើម្បីចុះមកអញ្ជើញលោក គង់ រ៉ៃយ៉ា និងភរិយា ទៅធ្វើចត្តាឡីស័ក នៅមណ្ឌលចាក់អង្រែ ឲ្យបានត្រឹមត្រូវ ដើម្បីរកមេរោគកូវីដ-១៩ ជៀសវាងការចម្លង មកក្នុងសហគមន៍។
លោកអភិបាលរង បានបន្តទៀតថាៈ មិនមែនតែពេលនេះទេ ជាទូទៅ ឲ្យតែទទួលបាន ព័ត៌មានថា មានប្រជាពលរដ្ឋ ដែលត្រឡប់មកពីក្រៅប្រទេស ដោយមិនបានធ្វើចត្តាឡីស័ក ត្រឹមត្រូវនោះ អាជ្ញាធរ និង មន្ត្រីជំនាញរបស់យើង តែងតែមកអញ្ជើញគាត់ ឲ្យទៅធ្វើចត្តា ឡីស័ក ជាច្រើនលើក តាមការណែនាំ របស់ប្រមុខរាជរដ្ឋាភិបាល ជាពិសេសក្រសួងសុខា ភិបាល និង អភិបាលរាជធានីភ្នំពេញ។
ជាមួយគ្នានោះ លោកក៏បានអំពាវនាវ ដល់ប្រជាពលរដ្ឋ ក្នុងមូលដ្ឋានខណ្ឌពោធិ៍សែនជ័យ ទាំងមូល ក៏ដូចជានៅរាជធានីភ្នំពេញ មេត្តាផ្តល់ព័ត៌មាន ទៅអាជ្ញាធរ សង្កាត់ ភូមិ បើឃើញ អ្នក ទើបត្រឡប់មកពីបរទេស ហើយមិនបានអនុវត្ត ចត្តាឡីស័កត្រឹមត្រូវ មកស្នាក់នៅក្នុង ភូមិរបស់យើង ឬ ហៅទៅកាន់លេខ ១១៥ ។ ធ្វើយ៉ាងនេះ យើងអាចចូលរួមទាំងអស់គ្នា ក្នុងការទប់ស្កាត់ការចម្លងវីរុស ដ៏កាចសាហាវនេះ មកក្នុងសហគមន៍របស់យើង តទៅទៀត។
គួរបញ្ជាក់ថា លោក គង់ រ៉ៃយ៉ា អាយុ ២៩ឆ្នាំ ស្នាក់នៅភូមិថ្មគោល សង្កាត់ចោមចៅ២ ខណ្ឌពោធិ៏សែនជ័យ រាជធានីភ្នំពេញ ទើបតែត្រឡប់មកពីប្រទេសថៃ តាមច្រកសំពៅលូន ខេត្តបាត់ដំបង ហើយបានមករាជធានីភ្នំពេញ កាលពីយប់ថ្ងៃទី១៩ ខែធ្នូ ដោយមិនបានធ្វើ តេស្តរកវីរុស្តកូវីដ-១៩ និងមិនបានធ្វើ ចត្តាឡីស័កត្រឹមត្រូវ ទើបក្រុមការងារ អញ្ជើញពួកគាត់ ទៅមណ្ឌលសុខភាពចាក់អង្រែ ដើម្បីធ្វើតេស្តរកវីរុសកូវីដ-១៩ និងអនុវត្តចត្តាឡីស័ក អោយបានត្រឹមត្រូវ ហើយក្រុមការងារសុខាភិបាល និងអាជ្ញាធរខណ្ឌ សង្កាត់ក៏បានបាញ់ ថ្នាំ សម្លាប់មេរោគ តាមខ្នងផ្ទះ ដល់ផ្ទះដែលនៅជំវិញ ផ្ទះលោករ៉ៃយ៉ានេះផងដែរ។
ក្នុងឱកាសនោះដែរ បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅភូមិថ្មគោល២ ក្នុងសង្កាត់ចោមចៅ ទី២ ខណ្ឌពោធិ៍សែនជ័យ បានសម្ដែងនូវក្តីត្រេកអរ ឥតឧបមា ចំពោះប្រមុខរាជរដ្ឋាភិបាល កម្ពុជា ក៏ដូចជាអភិបាលរាជធានីភ្នំពេញ និងអាជ្ញាធរខណ្ឌ សង្កាត់ដែលបានការយកចិត្ត ទុកដាក់ គិតគូរពីសុខទុក្ខ និងសុវត្ថិភាព របស់ពួកគាត់ លើការការពារទប់ស្កាត់ការរីក រាលដាល នៃជំងឺឆ្លងកូវីដ-១៩ ស្របពេលដែលជំងឺនេះ កំពុងតែរាតត្បាត លើពិភពលោក ក៏ដូចជាកម្ពុជា៕/V-PC