ដោយៈមុនីរ័ត្ន/ភ្នំពេញៈ មនុស្សចំនួនជ ៩៦៤នាក់បានស្លាប់ និង២៨៦២នាក់បានរងរបួស(របួសធ្ងន់ចំនួន ១៧២៩នាក់ )នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ទូទាំងប្រទេស ដែលកើតឡើងចំនួន ១៩១៨លើកលើក ក្នុងរយៈពេល ២៣៤ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែឧសភា ដល់ថ្ងៃទី២០ ខែធ្នូ។ នេះបើតាមការបញ្ជាក់របស់លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ។
លោកឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន បានបន្តថា លទ្ធផលរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក តាមស្មារតីអនុក្រឹត្យលេខ៣៩ រយៈពេល ២៣៤ថ្ងៃ គិតចាប់ពីថ្ងៃទី១ ខែឧសភា ដល់ថ្ងៃទី២០ ខែធ្នូ យានយន្តដែលត្រូវបានត្រួតពិនិត្យ និងផាកពិន័យ សរុបចំនួន ២៣៩.០០២គ្រឿង ក្នុងនោះម៉ូតូមានចំនួន ១៧៥.៧៩៥គ្រឿង និងរថយន្តមានចំនួន ៦៣.២០៧គ្រឿង។
អ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិបានបញ្ជាក់ថា បទល្មើសភាគច្រើនសម្រាប់ម៉ូតូ និងរថយន្ត គឺអត់ពាក់មួកសុវត្ថិភាព ល្មើសសញ្ញា បត់ជែង លើសចំណុះ ស្រវឹង អត់ផ្លាកលេខ ល្មើសល្បឿន អត់ប័ណ្ណបើកបរ អត់ខ្សែក្រវាត់ គ្មានស្លាកលេខ និងនិយាយទូរស័ព្ទពេលបើកបរ៕សរន
ទិដ្ឋភាពគ្រោះថ្នាក់ចរាចរណ៍៍មួយថ្មីៗនេះ