ប្រែសម្រួលៈវាសនា/ប៉េកាំង៖ក្រុមនាវាផ្ទុកយន្តហោះចិន ដឹកនាំដោយនាវាផ្ទុកយន្តហោះ សានទុង បានបើកកាត់ច្រកសមុទ្រតៃវ៉ាន់ក្នុងដំណើរឆ្ពោះទៅធ្វើសមយុទ្ធតាមទម្លាប់នៅក្នុងសមុទ្រចិនខាងត្បូងនេះបើតាមការបញ្ជាក់ពីកងនាវារបស់ចិនកាលពីថ្ងៃចន្ទ ក្រោយពីតៃវ៉ាន់បានកេណ្ឌកម្លាំងតាមដានដំណើររបស់នា។
វាមិនមែនជាលើកដំបូងទេដែលនាវាដឹកយន្តហោះចិនបើកទៅកៀកនឹងកោះតៃវ៉ាន់ តែដំណើរនៅពេលនេះបានកើតឡើងចំពេលភាពតានតឹងកើនឡើងខ្ពស់រវាងរដ្ឋាភិបាលក្រុងប៉េកាំងនឹងអាជ្ញាធរក្រុងតៃប៉ិះ ។
នាវាសានទុង បានបើកកាត់ច្រកសមុទ្រតៃវ៉ាន់ នៅមួយថ្ងៃក្រោយពីនាវាចម្បាំងអាម៉េរិកមួយបានបើកកាត់ទីនេះផងដែរ ហើយយោធាចិនបាននិយាយថាខ្លួនបានតាមពីក្រោយនាវាអាម៉េរិកនេះ។
កងទ័ពជើងទឹកចិនបាននិយាយថា នាវាសានទុងនិងនាវាក្រុមអមដំណើរបានឆ្លងកាត់ច្រកសមុទ្រតៃវ៉ាន់ដោយរលូនកាលពីថ្ងៃអាទិត្យ ដោយបើកសំដៅទៅធ្វើសមយុទ្ធយោធានៅសមុទ្រចិនខាងត្បូងកន្លែងដែលអាម៉េរិកជំទាស់ការអះអាងកម្មសិទ្ធិធំធេងរបស់ចិន។
វាបាននិយាយថា សមយុទ្ធនេះជាផ្នែកនៃការហ្វឹកហាត់តាមទម្លាប់ធម្មតាស្របតាមផែនការប្រចាំឆ្នាំ ហើយនៅអនាគត«យើងនឹងបន្តរៀបចំធ្វើប្រតិបត្តិការស្រដៀងៗគ្នាផ្អែកលើតំរូវការហ្វឹកហាត់»។
បើតាមក្រសួងយោធាតៃវ៉ាន់ នាវាសានទុង ត្រូវបានអមដំណើរដោយនាវាចម្បាំង៤ និងបានចេញដំណើរពីទីក្រុងកំពង់ផែ ដាលៀនកាលពីថ្ងៃព្រហស្បតិ៍។តៃវ៉ាន់បានបញ្ជូននាវាចម្បាំង៦គ្រឿងនិងយន្តហោះ៨គ្រឿងទៅ«ការពារ»និងតាមដាន ចលនានៃក្រុមនាវារបស់ចិន៕
នាវាសានទុង ត្រូវបានដាក់អោយដំណើរការកាលពីមួយឆ្នាំមុន និងបានចូលរួមហ្វឹកហាត់បានច្រើនដូចជាប្រើសព្វាវុធនិងការចុះឡើងរបស់យន្តហោះ