Home ព័ត៌មានជាតិ នយោបាយ ព្រឹទ្ធសភា អន...

ព្រឹទ្ធសភា អនុម័ត​សេចក្តីព្រាងច្បាប់ ស្តីពី​ហិរញ្ញវត្ថុ សម្រាប់​ការគ្រប់គ្រង ឆ្នាំ​២០២១​និង​ច្បាប់ ៣ ផ្សេងទៀត​

ដោយៈ សុផល / ភ្នំពេញៈ សម័យប្រជុំ​លើក​ទី​៦ ព្រឹទ្ធសភា នីតិកាល​ទី​៤ នា​ព្រឹក​ថ្ងៃទី​២១ ខែធ្នូ ដែលមាន​វត្តមាន សមាជិក​ព្រឹទ្ធសភា ចំនួន ៥៧ រូប បាន​ពិនិត្យ និង​ឱ្យយោបល់ ឯកភាព​ទាំងស្រុង លើ​សេចក្តីព្រាង ច្បាប់ ចំនួន​៤​គឺ​៖ ១-​សេចក្តីព្រាងច្បាប់ ស្តីពី​ហិរញ្ញវត្ថុ សម្រាប់​ការគ្រប់គ្រង ឆ្នាំ​២០២១​។ ២-​សេចក្តីព្រាងច្បាប់ ស្តីពី​ការទូទាត់​ថវិកា​ទូទៅ របស់​រដ្ឋ សម្រាប់​ការគ្រប់គ្រង ឆ្នាំ​២០១៩​។ ៣-​សេចក្តីព្រាងច្បាប់ ស្តីពី​មូល​ប​ត្រ​រដ្ឋ និង​៤-​សេចក្តី ព្រាង​ច្បាប់ ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ នៃ​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ មិនមែន​ធនាគារ​។ សម័យប្រជុំ​លើក​ទី​៦ ព្រឹទ្ធសភា នីតិកាល​ទី​៤​នេះ ដឹកនាំ​ដោយ​សម្តេច វិបុល​សេនា​ភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា ។​

​សេចក្តីព្រាងច្បាប់ ស្តីពី​ហិរញ្ញវត្ថុ សម្រាប់​ការគ្រប់គ្រង ឆ្នាំ​២០២១ បាន​ត្រូវ​អង្គប្រជុំ ព្រឹទ្ធសភា បាន​ពិនិត្យ និង​ឱ្យយោបល់ ឯកភាព​ទាំងស្រុង លើ​សេចក្តីព្រាងច្បាប់ ទាំងមូល ដោយ​ឥត​កែប្រែ និង​ចាត់ទុកជា​ការប្រញាប់ ចំនួន ៥៧ សំឡេង នៃ​ចំនួន​សមាជិក​ព្រឹទ្ធសភា ទាំងមូល​។ អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ អមដោយ​ថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និង​មន្ត្រី​ជំនាញ បាន​អញ្ជើញ​មក​ការពារ សេចក្តីព្រាងច្បាប់​នេះ​។​

​សូមជម្រាបថា ថវិកា​ឆ្នាំ​២០២១ គឺជា​ថវិកា​ប្រយុទ្ធ ការពារ​អាយុជីវិត ជីវភាព​របស់​ប្រជាជន និង​រក្សា​លំនឹង​សង្គម​-​សេដ្ឋកិច្ច ព្រម​ជាមួយនឹង​ការតម្រង់​ធនធាន ឆ្ពោះទៅ​ស្តារ និង​ជំរុញ កំណើនសេដ្ឋកិច្ច​ឡើងវិញ ក្រោយ​ស្រាកស្រាន្ត ពី​វិបត្តិ​ជំងឺ​កូ​វីដ​-១៩ ទៅតាម​គន្លង​ប្រក្រតី​ថ្មី ដើម្បី​ធានាបាន​នូវ សុខសន្តិភាព ស្ថិរភាព​សង្គម និង​ចីរភាព​នៃ កំណើនសេដ្ឋកិច្ច​ព្រមទាំង ភាព​ប្រកួតប្រជែង​របស់​កម្ពុជា ជាមួយនឹង​ការបន្ត​លើកស្ទួយ សុខុមាលភាព​របស់​ប្រជាជន​។

​សេចក្តីព្រាងច្បាប់​នេះ តាក់តែងឡើង មាន​០៦​ជំពូក និង​១៥​មាត្រា ត្រូវបាន​រដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា អនុម័ត​យល់ព្រម ជា​លើកដំបូង ចំនួន​១១៦​សំឡេង នៃ​ចំនួន សមាជិក​រដ្ឋសភា​ទាំងមូល កាលពី​ថ្ងៃទី​២៥ វិច្ឆិកា ២០២០ នា​សម័យប្រជុំ​រដ្ឋសភា លើក​ទី​៥ នីតិកាល​ទី​៦​។​

​ចំពោះ​សេចក្តីព្រាងច្បាប់ ស្តីពី​ការទូទាត់​ថវិកា​ទូទៅ របស់​រដ្ឋ​សម្រាប់​ការគ្រប់គ្រង ឆ្នាំ​២០១៩ គឺជា​ថវិកា​យុទ្ធសាស្ត្រ នៃ​ការថែរក្សា​ការពារ​សមិទ្ធផល ដែល​សម្រេចបាន ដោយ​លំបាក ក្នុង​រយៈពេល​កន្លងមក និង​ការគាំទ្រ​ដល់ ការសម្រេចបាន​នូវ គោលដៅ​សំខាន់ៗ​នៃ​កម្ម វិធី​នយោបាយ​របស់ រាជរដ្ឋាភិបាល នីតិកាល​ទី​៦ និង​យុទ្ធសាស្ត្រ ចតុកោណ ដំណាក់ កាល​ទី​៤ របស់​រាជរដ្ឋាភិបាល ដើម្បី​បន្ត​ថែរក្សា​សន្តិភាព ស្ថិរភាព ក៏ដូចជា​ទ្រទ្រង់​ដល់ ដំណើរ​ការវិវឌ្ឍ ឈានឡើង​របស់​កម្ពុជា លើ​វិធី​នៃ​ការអភិវឌ្ឍ ឥតឈប់ឈរ​ប្រកបដោយ គុណភាព និង​ចីរភាព​។​

​សេចក្តីព្រាងច្បាប់​នេះ តាក់តែងឡើង​មាន ៣​ជំពូក និង​២២​មាត្រា ត្រូវបាន​រដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា អនុម័ត​យល់ព្រម ជា​លើកដំបូង ចំនួន​១១៦ សំឡេង នៃ​ចំនួន សមាជិក​រដ្ឋសភា​ទាំងមូល កាលពី​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០ នា​សម័យប្រជុំ​រដ្ឋសភា លើក​ទី​៥ នីតិកាល​ទី​៦​។ អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ អមដោយ​ថ្នាក់ដឹកនាំ​មន្ត្រីជាន់ខ្ពស់ និង​មន្ត្រី​ជំនាញ បាន​អញ្ជើញ​មក​ការពារ សេចក្តីព្រាងច្បាប់​នេះ​។​

​អង្គប្រជុំ​ព្រឹទ្ធសភា បាន​ពិនិត្យ និង​ឱ្យយោបល់​ឯកភាព​ទាំងស្រុង លើ​សេចក្តីព្រាងច្បាប់ ទាំងមូល ដោយ​ឥត​កែប្រែ និង​ចាត់ទុកជា​ការប្រញាប់ ចំនួន​៥៧​សំឡេង​នៃ​ចំនួន​សមាជិក ព្រឹទ្ធសភា​ទាំងមូល​។​

​ចំណែក​សេចក្តីព្រាងច្បាប់ ស្តីពី​មូល​ប​ត្រ​រដ្ឋ ជំនួស​ឱ្យ​ច្បាប់​ចាស់ ស្តីពី​មូល​ប​ត្រ​រដ្ឋ ឆ្នាំ​២០០៧ មាន​ភាព​គ្រប់​ជ្រុងជ្រោយ និង​ឆ្លើយតប​ខ្ពស់ ទៅនឹង​បរិបទ​បច្ចុប្បន្ន និង​និន្នាការ ការប្រែប្រួល នៃ​ការអភិវឌ្ឍ​របស់​កម្ពុ​ជា តាមរយៈ​ការកំណត់​នូវ​ក្របខ័ណ្ឌ​និង​គោលបំណង ជាក់លាក់​រួម សម្រាប់​ការគ្រប់គ្រង ការបោះ​ផ្សាយ ការជួញដូរ និង​ការគ្រប់គ្រង​មូល​ប​ត្រ​រដ្ឋ ប្រកបដោយ​តម្លាភាព គណនេយ្យភាព ប្រសិទ្ធភាព និង​ស័​ក្កិ​សិទ្ធិ​ភាព ព្រមទាំង​ធានាបាន​នូវ ចីរភាព​នៃ​ការគ្រប់គ្រង បំណុល​សាធារណៈ​សំដៅ​រួមចំណែក ការពង្រឹង ការគ្រប់គ្រង​តម្រូវ ការ​សាច់ប្រាក់​របស់ រាជរដ្ឋាភិបាល ការឆ្លើយតប​ទៅនឹង​តម្រូវ ការ​ហិរញ្ញប្បទាន​សម្រាប់ ការអភិវឌ្ឍ សេដ្ឋកិច្ច និង​សង្គម ការអភិវឌ្ឍ​វិស័យ​មូល​ប​ត្រ និង​ហិរញ្ញវត្ថុ និង​ការគាំទ្រ គម្រោង​អាទិភាព និង​ចាំបាច់​ផ្សេងទៀត ព្រមទាំង​អាច​ទទួលបាន អំណាច​គ្រប់គ្រង គោលនយោបាយ​រូបិយវត្ថុ និង​អតិផរណា​ក្នុងស្រុក តាមរយៈ​ការបោះ​ផ្សាយ​មូល​ប​ត្រ និង​ការដាក់​លក់​មូល​ប​ត្រ​រដ្ឋ ដល់​វិស័យ​ឯកជន​។​

​សេចក្តីព្រាងច្បាប់​នេះ តាក់តែងឡើង មាន ៥​ជំពូក និង​១៦​មាត្រា ត្រូវបាន​រដ្ឋសភា នៃ​ព្រះរាជាណាចក្រ​កម្ពុជា អនុម័ត​យល់ព្រម ជា​លើកដំបូង ចំនួន​១១៣ សំឡេង នៃ​ចំនួន សមាជិក​រដ្ឋសភា​ទាំងមូល កាលពី​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០ នា​សម័យប្រជុំ​រដ្ឋសភា លើក​ទី​៥ នីតិកាល​ទី​៦​។ អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ អមដោយ​ថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និង​មន្ត្រី​ជំនាញ​បាន អញ្ជើញ​មក​ការពារ សេចក្តីព្រាង ច្បាប់​នេះ​។ អង្គប្រជុំ​ព្រឹទ្ធសភា បាន​ពិនិត្យ និង​ឱ្យយោបល់ ឯកភាព​ទាំងស្រុង លើ​សេចក្តីព្រាងច្បាប់​ទាំងមូល ដោយ​ឥត​កែប្រែ​ចំនួន ៥៧​សំឡេង នៃ​ចំនួន​សមាជិក ព្រឹទ្ធសភា​ទាំងមូល​។​

​រីឯ​សេចក្តីព្រាងច្បាប់ ស្តីពី​ការរៀបចំ និង​ការប្រព្រឹត្តទៅ នៃ​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ មិនមែន​ធនាគារ មាន​សារសំខាន់ សម្រាប់​ប្រសិទ្ធភាព នៃ​ការគ្រប់គ្រង និង​ការត្រួតពិនិត្យ ដើម្បី​ធានាបាន​នូវ​ស្ថិរភាព និង​ចីរភាព​នៃ​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ទាំងមូល​។ បន្ទាប់ពី​សេចក្តី ព្រាង​ច្បាប់​នេះ ចូល​ជា​ធរមាន រាជរដ្ឋាភិបាល នឹងមាន​លទ្ធភាព​គ្រប់គ្រាន់ ដើម្បី​ពង្រឹង និង​ធានាបាន​នូវ ប្រសិទ្ធភាព ការគ្រប់គ្រង ត្រួតពិនិត្យ និង​អភិវឌ្ឍន៍​វិស័យ​ហិរញ្ញវត្ថុ មិនមែន​ធនាគារ រួមទាំង​លើកកម្ពស់ ការអភិវឌ្ឍ និង​ការប្រើប្រាស់ បច្ចេកវិទ្យា​ហិរញ្ញវត្ថុ លើ​វិស័យ​ហិរញ្ញវត្ថុ មិនមែន​ធនាគារ ផងដែរ​។​

​សេចក្តីព្រាងច្បាប់​នេះ តាក់តែងឡើង មាន ២៤​មាត្រា ត្រូវបាន​រដ្ឋសភា នៃ​ព្រះរាជាណាចក្រ កម្ពុជា អនុម័ត​យល់ព្រម ជា​លើកដំបូង​ចំនួន ១១៣ សំឡេង នៃ​ចំនួន​សមាជិក​រដ្ឋ​សភា ទាំងមូល កាលពី​ថ្ងៃទី​២៥ ខែវិច្ឆិកា ឆ្នាំ​២០២០ នា​សម័យប្រជុំ​រដ្ឋសភា លើក​ទី​៥ នីតិកាល ទី​៦​។ អគ្គបណ្ឌិត​សភាចា​រ្យ អូន ព័ន្ធមុន្នីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ អមដោយ​ថ្នាក់ដឹកនាំ មន្ត្រីជាន់ខ្ពស់ និង​មន្ត្រី​ជំនាញ បាន​អញ្ជើញ​មក ការពារ​សេចក្តីព្រាងច្បាប់​នេះ​។ អង្គប្រជុំ​ព្រឹទ្ធសភា បាន​ពិនិត្យ​និង​ឱ្យយោបល់​ឯកភាព ទាំងស្រុង លើ​សេចក្តីព្រាងច្បាប់​ទាំងមូល ដោយ​ឥត​កែប្រែ​ចំនួន ៥៧​សំឡេង​នៃ​ចំនួន សមាជិក ព្រឹទ្ធសភា​ទាំងមូល​។​

​សូម​ជម្រាប​ផងដែរ ព្រឹទ្ធសភា នឹង​បន្ត​សម័យប្រជុំ​លើក​ទី​៦ នីតិកាល​ទី​៤ វេលា​ម៉ោង ៨:០០​នាទី​ព្រឹក ថ្ងៃទី​២២​ខែធ្នូ ឆ្នាំ​២០២០៕/V​-PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular