ដោយ៖ដេប៉ូ / សៀមរាប៖ គិតរហូតមកដល់ពេលនេះ គម្រោងយកប្លាស្ទិកដូរយកអង្ករនិងរបស់បរិភោគផ្សេងទៀតរបស់ពលរដ្ឋ រស់នៅសហគមន៍តំបន់បឹងទន្លេសាប ត្រូវបានទទួលជោគជ័យ និងពលរដ្ឋបានសហការយ៉ាងល្អ។ ថ្លែងបញ្ជាក់នៅក្នុងពិធីសម្ពោធជង្រុកប្លាស្ទិកដែលបានធ្វើឡើងនៅឃុំកែវព័ណ៍ ស្រុកពួក ខេត្តសៀមរាប ក្នុងសហគមន៍មេជ្រៃ កាលពីថ្ងៃទី២០ខែធ្នូ ឆ្នាំ ២០២០ លោក នេត្រ ភក្ត្រា មន្ត្រីនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងបរិស្ថានបានឱ្យដឹងថា គម្រោងអង្ករដូរយកប្លាស្ទិកនេះ ជាគម្រោងដែលបានសហការរវាងក្រសួងបរិស្ថានជាមួយនឹងអង្គការមូលនិធិទំពាំងស្នងឫស្សី ដែលជាអង្គការមួយអនុវត្តគម្រោងក្នុងក្របខណ្ឌ នៃខេត្តសៀមរាប ជាមួយនឹងសហគមន៍ដែលកំពុងរស់នៅក្នុងតំបន់បឹងទន្លេសាប។
លោករដ្ឋលេខាធិការបានបញ្ជាក់ថា ការដែលបង្កើតជង្រុកប្លាស្ទិកនេះ គឺជាកន្លែងផ្ទុកប្លាស្ទិកមួយដែលប្រមូលបានពីតំបន់នានា ក្នុងសហគមន៍មេជ្រៃនេះ ដោយសារប្រជាពលរដ្ឋក្នុងសហគមន៍បានប្រើប្រាស់ ក៏ដូចជាការប្រមូលបានតាមតំបន់បឹងទន្លេសាបផងដែរ។
លោករដ្ឋលេខាធិការបានលើកឡើងថា គោលបំណងសំខាន់ក្នុងការបង្កើតជង្រុកបា្លស្ទិក ក៏ដូចជាការអនុវត្តនូវគម្រោងអង្ករដូរប្លាស្ទិកនេះ ក្នុងទិសដៅមួយកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក ឬក៏កាត់បន្ថយការបំពុលក្នុងបឹងទន្លេសាប ហើយនេះក៏ជាការចូលរួមជីវៈចម្រុះក្នុងបឹងទន្លេសាបជាពិសេសមច្ឆាជាតិ និងជីវចម្រុះផ្សេងៗទៀត។
ពាក់ព័ន្ធទៅនឹងប្លាស្ទិកដូរអង្ករនេះ គឺពលរដ្ឋដែលរើសប្រាស្ទិក៥គីឡូក្រាម ពួកគាត់អាចដូរអង្ករបាន១០គីឡូក្រាម។ ការអនុវត្តគម្រោងនេះ គឺជាការលើកទឹកចិត្តដល់ប្រជាពលរដ្ឋសហគមន៍ ក្នុងការចូលរួមទប់ស្កាត់ការប្រើប្រាស់ប្លាស្ទិក ក៏ដូចជាទប់ស្កាត់ការបោះចោលថង់ប្លាស្ទិកពាសវាលកាលផងដែរ។ គម្រោងនេះ បានទទួលជោគជ័យគួរកត់សម្គាល់ ដោយក្នុងនេះរួមមានសហគមន៍មេជ្រៃ។ ក្រៅពីនេះក៏មានអនុវត្តនៅឃុំកំពង់ភ្លុក កំពង់ឃ្លាំង និងចុងភ្នាសក្នុងទិសដៅមួយ គឺយើងអនុវត្តកាត់បន្ថយប្លាស្ទិកក្នុងខេត្តសៀមរាប។
លោកបានថ្លែងដែរថា “ចំពោះសំណល់ប្លាស្ទិក ដែលយើងប្រមូលបានតាមរយៈគម្រោងប្លាស្ទិកដូរអង្ករនេះ គឺមួយផ្នែកយើងនឹងយកទៅឱ្យគេផលិតឥដ្ឋសំណង់។ ព្រោះថា ការដុតសំណល់ប្លាស្ទិកផ្សេងវានឹងនាំឱ្យបំពុលបរិយាកាស”។
ពាក់ព័ន្ធទៅនឹងសារជាតិប្លាស្ទិកនេះ លោក នេត្រ ភក្ត្រា បានធ្វើការដាស់តឿនដល់ប្រជាពលរដ្ឋមិនត្រូវបោះចោលប្លាស្ទិកពាសវាកាលឡើយ ពីព្រោះថា វាបានជះនូវផលអាក្រក់ដល់មនុស្សសត្វ ដោយសារប្លាស្ទិមិនងាយរលាយ និងបើរលាយវាក៏ក្លាយជាមីក្រូប្លាស្ទិក ដែលមានន័យថា វានៅតែមានសារជាតិប្លាស្ទិកដែលធ្វើឱ្យមានការបំពុលទឹក បំពុលទៅដល់ត្រីនាំឱ្យត្រីថមថយចុះ។
លោករដ្ឋលេខាធិការបានបញ្ជាក់ដែរថាក្នុងមួយឆ្នាំៗ មានថង់ប្លាស្ទិករាប់សិបថង់បានហូរពីបឹងសៀមរាបចាក់ចូលទៅបឹងទន្លេសាប។ ក្នុងឆ្នាំ២០១៩កន្លងមក មានថង់ចំនួនជាង៤ពាន់ការ៉ុង ត្រូវបានប្រមូលចេញពីបឹងទន្លេសាប និងក្នុងឆ្នាំ២០២០នេះ គេបានធ្វើចែកការ៉ុងជាង៥ពាន់ការ៉ុង។ នេះមានន័យថា ការប្រមូលបា្លស្ទិកពីបឹងទន្លេសាបមានចំនួនកើនឡើង។
ទាក់ទិនទៅនឹងការចោលសំរាមនេះដែរ លោករដ្ឋលេខាធិការ បានបញ្ជាក់ឱ្យពលរដ្ឋត្រូវចេះបែងចែកសំរាមឱ្យបានច្បាស់លាស់ ពិសេសសំរាមដែលគ្រោះថ្នាក់ដូចជាថ្មពិល និងឱសថមួយចំនួនចូលក្នុងទឹកដែលនឹងបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរដល់ជីវៈចម្រុះក្នុងទឹក។
ដោយឡែកលោក ស៊ា សុផល ប្រធានអង្គការមូលនិធិទំពាំងស្នងឫស្សី បានឱ្យដឹងថា ប្រជាពលរដ្ឋដែលចូលរួមជាមួយកម្មវិធីនេះ នឹងទទួលបានរង្វាន់លើកទឹកចិត្តជាអង្ករ ថវិកា និងគ្រឿងបរិ ភោគនានា។
លោកបានឱ្យដឹងផងថា៖« ប្រជាពលរដ្ឋភូមិពាមតាអួរ ដែលមានជាង៣០០គ្រួសា ររស់តាមផ្ទះបណ្តែតទឹកលើកផ្ទៃបឹងទន្លេរសាប បាន បញ្ឈប់ ការចោលប្លាស្ទិកទៅក្នុងទឹក និងឈប់ដុតប្លាស្ទិក ដោយពួកគាត់ចេះញែកសំណល់ ទុកដាក់ អេតចាយផ្សេងហើយប្រមូ លប្លាស្ទិក ដែលមានពីរប្រភេទ»។
លោកថា តាមរួមកម្មវិធីរបស់អង្កការគឺយើងបានបោះពុម្ពជាការ៉ុង ដែលយើងដា ក់ឈ្មោះថា«ប្លាស្ទិកអូលី» ជាការ៉ុងឱ្យទៅគាត់សម្រាប់ដាក់ប្លាស្ទិក ហើយយើ ងបង្កើតជា ជង្រុកមួយ ទៅតាមរដូវដល់អ៊ីចឹងនៅទន្លេសាបវាចល័តចុះឡើង តាមរបបទឹកទន្លេ ទឹក ស្រកសំរាមនៅសល់តាមដើមឈើ ចឹងយើងមានគំនិតថា បង្កើតជាជង្រុកប្លាស្ទិក ដូចជង្រុក ស្រូវអ៊ីចឹង យើងប្រមូលផលប្លាស្ទិកតាមរដូវ”។
គួរបញ្ជាក់ថាបើតាម លោក នេត្រ ភត្ត្រាអ្នកនាំពាក្យ ក្រសួងបរិស្ថានបានឲ្យដឹងថា ក្រសួងបរិស្ថានកំពុងតែយកចិត្តទុកដាក់ និងជំរុញការញែកសំរាមតាមប្រភេទ ដូចជា ញែកសំរាមសរីរាង្គ ដើម្បីយកវាទៅធ្វើជាជីកំប៉ុស និងញែកសំណល់ប្លាស្ទិក ដើម្បីយកទៅកែច្នៃបន្ត។ ក្រសួងក៏កំពុងជំរុញដល់ការអនុវត្តគោលការណ៍ ៤ R ផងដែរ គឺកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកកែច្នៃឡើងវិញ ការប្រើប្រាស់ឡើងវិញ និងការបដិសេធការប្រើប្លាស្ទិកតែម្ដង៕