ប្រែសម្រួលៈវាសនា/កាត់ម៉ាន់ឌូ៖ពួកប្រឆាំងនឹងនាយករដ្ឋមន្ត្រីនេប៉ាល់ បានងាកទៅរកតុលាការកំពូលកាលពីថ្ងៃចន្ទ ដើម្បីប្រឆាំងការរំលាយសភានិងកោះធ្វើការបោះឆ្នោតមួយ ដោយពួកគេហៅវាថាជា«រដ្ឋប្រហាររដ្ឋធម្មនុញ្ញ»មួយ។
នាយករដ្ឋមន្ត្រី ខេភី សាម៉ា អូលី
នាយករដ្ឋមន្ត្រី ខេភី សាម៉ា អូលី បានរំលាយសភាកាលពីថ្ងៃអាទិត្យ ជាហេតុនាំអោយមានការសង្ស័យអំពីការកើតចលាចលនយោបាយរាប់ខែនៅក្នុងប្រទេសនៅតំបន់ហេមពាន្តមួយនេះ នៅពេលខ្លួនកំពុងប្រឈមដោះស្រាយវិបត្តិវីរុសកូរ៉ូណា។
រដ្ឋមន្ត្រី៧រូបបានលាឈប់ភ្លាមក្រោយការរំលាយសភា ដោយពួកគេនិយាយថាវារំលោភ«អាណត្តិរបស់ប្រជាជន» ដែលផ្តល់អោយពួកគេនៅក្នុងការបោះឆ្នោតឆ្នាំ២០១៧។
ពួកអ្នកប្រឆាំងតវ៉ាបានដុតរូបនាយករដ្ឋមន្ត្រីនៅតាមដងវិថី។
ក្នុងពេលជាមួយគ្នាអ្នកនាំពាក្យតុលាការកំពូលបាននិយាយថា មានបណ្តឹង៣ប្រឆាំងនឹងការរំលាយសភាកំពុងទទួលយកមកដោះស្រាយ។
មេធាវី ឌីណេស ទ្រីផាធី ដែលជាដើមបណ្តឹងមួយបាននិយាយថា« នៅក្រោមរដ្ឋធម្មនុញ្ញ នាយករដ្ឋមន្ត្រីមិនមានសិទ្ធិរំលាយសភាទេ។វាជារដ្ឋប្រហាររដ្ឋធម្មនុញ្ញមួយ ។ខ្ញុំកំពុងស្នើអោយតុលាការចេញបញ្ជាអោយរក្សាស្ថានដូចមុន»។
ប្រធានាធិបតី កាលពីថ្ងៃអាទិត្យ បានកំណត់យកថ្ងៃ៣០មេសាឬ ១០ឧសភា សំរាប់ធ្វើការបោះឆ្នោតសកល គឺមុនកាលកំណត់១ឆ្នាំ ទៅតាមការចង់បានរបស់គណៈរដ្ឋមន្ត្រីលោក អូលី។
សូមបញ្ជាក់ថា លោកនាយករដ្ឋមន្ត្រីបានបាត់បង់ការគាំទ្រនៅក្នុងគណបក្សកុំម្មុយនីស្តនេប៉ាល់ផ្ទាល់របស់លោក ដោយសមាជិកខ្លះចោទប្រកាន់លោកថាផាត់ចោលបក្សក្នុងការសំរេចចិត្តរបស់រដ្ឋាភិបាលនិងផាត់ចោលសមាជិកបក្សចំពោះការតែងតាំងមុខតំណែងសំខាន់ៗ។
ពួកគេបានអំពាវនាវអោយលោកលាឈប់ពីនាយករដ្ឋមន្ត្រី តែអ្នកគាំទ្រលោកនិយាយថា នៅក្នុងប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យមួយ ការបោះឆ្នោតជាថ្មីជាវិធីល្អបំផុតដើម្បីចាកចេញពីវិបត្តិដូច្នេះ៕