ដោយ: តាកែវ / តាកែវ: ខណៈពេលដែលខេត្តមួយរបស់ប្រទេសថៃ មានផ្ទុះជំងឺកូវីដ១៩ ចូលដល់សហគមន៍ អភិបាលខេត្តតាកែវ លោក អ៊ូច ភា បានធ្វើការណែនាំទៅដល់អាជ្ញាធរមូលដ្ឋានទាំងអស់ ត្រូវស្រាវជ្រាវស្វះសែ្វងរកពលករចំណាកស្រុក ដែលទើបតែវិលមកពីប្រទេសថៃ មកធ្វើចត្តាឡីស័ករយៈពេល១៤ថ្ងៃសិន និងរាយការណ៍ជាបន្ទាន់មកមន្ត្រីសុខាភិបាល។
ថ្លែងនៅក្នុងឱកាសអញ្ជើញចុះចែកអំណោយមនុស្សធម៌របស់អង្គការការីតាសកម្ពុជា ដល់ពលរដ្ឋខ្វះខាតនឹងរងគ្រោះដោយកូវីដ១៩ចំនួន ៨០គ្រួសារ នៅក្នុងឃុំកំពង់ក្រសាំង ស្រុកបូរីជល នាព្រឹកថ្ងៃច័ន្ទ ទី២១ ខែធ្នូ ឆ្នាំ២០២០នេះ លោក អ៊ូច ភា អភិបាលខេត្ត បានមានប្រសាសន៍បន្តថា ថ្មីៗនេះនៅខេត្តសាមុតសាខន ប្រទេសថៃបានផ្ទុះជំងឺកូវីដ១៩នេះ ដែលធ្វើអោយឆ្លងចូលដល់សហគមន៍នឹងចម្លងមនុស្សជាច្រើនរយនាក់ ហើយករណីនេះប្រជាពលរដ្ឋខ្មែររបស់យើង ក៏ធ្វើការនៅទីហ្នឹងដែរ ដែលអាចអោយពួកគាត់នាំគ្នាសម្រុក វិលត្រឡប់មកស្រុកកំណើតវិញ ដូច្នោះដើម្បីធានាបានពីការទប់ស្កាត់ការឆ្លងរីករាលដាលដល់សហគមន៍ របស់យើង អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវតាមដាន និងយកចិត្តទុកដាក់ជាទីបំផុត និងស្វែងរកពលករ ដែលទើបតែត្រឡប់មកពីប្រទេសថៃ ដោយធ្វើការណែនាំធ្វើចត្តាឡីស័ក ក៏ដូចជាអនុវត្តតាមការណែនាំរបស់ ក្រសួងសុខាភិបាលផងដែរ៕