ដោយ: អង្គរតូច / សៀមរាប: នគរបាលព្រហ្មទណ្ឌកម្រិតស្រាល កាលពីថ្ងៃទី២០ខែធ្នូនេះ បានសហការជាមួយនគរបាលក្រុង និង នគរបាលស្រុកចំនួនពីរ បំបែកសំបុកក្រុមចោរលួចម៉ូតូដ៏សកម្ម ចាប់ឃាត់ខ្លួនជនសង្ស័យប្រុសស្រី៥នាក់ និងដកហូតម៉ូតូចំនួន ៦ គ្រឿង។
លោកឧត្តមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងទទួឡផែនព្រហ្មទណ្ឌ បានឲ្យដឹងនៅថ្ងៃទី២១ខែធ្នូនេះថា ការចុះបង្ក្រាបករណីខាងលើ គឺដឹកនាំដោយលោកវរសេនីយ៍ឯកហង្ស សូផាតភីរម្យ នាយការិ យា ល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល។ ដោយធ្វើឡើងនៅក្នុងស្រុក ក្រុង ចំនួន៣គឺសូទ្រនិគម ស្រុកវ៉ារិន និងក្រុងសៀមរាប។
លោកបន្តថា ក្នុងនោះដែរ គឺបានឃាត់ខ្លួនបានជនសង្ស័យចំនួន៥នាក់។ ទី១ឈ្មោះ ទេព សាភាព ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរជាងជួសជុលម៉ូតូនិងគោយន្ត។ទី២ឈ្មោះ ឈិត ស៊ីញ ភេទស្រី អាយុ៣៩ ឆ្នាំ មុខរបរមេផ្ទះទាំង២នាក់ជាប្តីប្រពន្ធ ខាងលើរស់ នៅភូមិដៃអាវ ឃុំស្រែណូយ.ស្រុកវ៉ារិន។ ទី៣ ឈ្មោះ វ៉ាន់ សឿម ហៅ វ៉ា ភេទប្រុសអាយុ១៨ឆ្នាំ មុខរបរជាងធ្វើសោរ បច្ចុប្បន្នស្នាក់នៅភូមិជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាប។ ជនសង្ស័យទាំង៣នាក់ខាង លើ ពាក់ ព័ន្ធករណីទទួលផលចោរកម្ម។.ទី៤ ឈ្មោះ វឿន លន ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ កសិករ មានទីលំនៅបច្ចុប្បន្ន នៅភូមិ ដូនហុង ឃុំដំដែក ស្រុកសូនិគម ខេត្តសៀមរាប ពាក់ព័ន្ធ បទអំពើលួច ម៉ូតូ ។ ទី៥.ឈ្មោះ ឆុន បារាំង ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរជាងសំណង់ ស្នាក់នៅបន្ទប់ជួលភូមិជ្រាវ សង្កាងត់ជ្រាវ ក្រុងសៀមរាប។ លោកបន្ថែមថា កាលពីថ្ងៃទី១៨ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង៩និង៣០នាទីព្រឹក ស្ថិតនៅភូមិជ្រាវ សង្កាត់ជ្រាវ ក្រុងសៀមរាប ដោយមានការសង្ស័យទៅលើជនសង្ស័យឈ្មោះ វ៉ាន់ សឿម ហៅវ៉ា ដែលប្រើប្រាស់ម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ២០១១ ពាក់ស្លាកលេខ សៀមរាប 1i ៧២០៩ លេខតួនិងលេខម៉ាស៊ីន 8545 792 គ្មានអាវទាំងសងខាង ដោយឃើញថាម៉ូតូមានការខុស ប្រក្រតី សមត្ថកិច្ចបាននាំខ្លួនមកធ្វើការសួរ ហើយជនសង្ស័យរូបនេះ បានឆ្លើយសារភាពថា រូបគេបានទិញម៉ូតូមួយគ្រឿងនេះ ពីឈ្មោះឈិត ស៊ីញ។
បន្ទាប់មក នៅថ្ងៃទី១៩ខែឆ្នាំដដែល កម្លាំងនគរបាល បានសហការណ៍គ្នា ចុះទៅដល់មូលដ្ឋានជនសង្ស័យឈ្មោះ ឈិត ស៊ិញ និងជនសង្ស័យឈ្មោះទេព សាភាព ដែលត្រូវជាប្ដី យកមកធ្វើការសាកសួរ ហើយជនសង្ស័យក៏បានសារភាពថាម៉ូតូមួយគ្រឿងខាងលើនេះ រូបគេពិតជាបានលក់ឲ្យឈ្មោះ វ៉ាន់.សឿម ហៅវ៉ា ពិតប្រាកដមែន។ ដោយម៉ូតូមួយគ្រឿងនេះគេបានទិញពីឈ្មោះ ទី ណាក់ (ទី ណាក់) ត្រូវបាននគរបាលខេត្តសៀមរាប ចាប់ខ្លួនកាលពីថ្ងៃ ២៥វិច្ឆិកា២០២០កន្លងទៅ ពីបទ អំពើលួចម៉ូតូ)ទីណាក់ ហៅឡូញ ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិសំរោង ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប។
លោកឧត្តសេនីយ៍ អោយដឹងទៀតថា ក្រោយស្រាវជ្រាវ ម៉ូតូខាងលើគឺ ឈ្មោះ វឿន លន ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិ ដូនហុង ឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ជាអ្នកយកមកលក់ឲ្យទី ណាក់ ដោយគ្មានឯកសារសម្គាល់យានយន្តទេ គឺទីណាក់ បានទិញក្នុងតម្លៃ២០០ដុល្លារ។ ចំណែកជន សង្ស័យពីរនាក់ប្ដីប្រពន្ធ ក៍បានឆ្លើយសារភាពបន្ថែមទៀតថា កន្លងមករូបខ្លួនធ្លាប់បានទិញម៉ូតូពីឈ្មោះទី ណាក់ ហៅឡូញ និងឈ្មោះ វឿន លន ចំនួន៦ គ្រឿងផ្សេងទៀត ដែលមានម៉ាកហុងដាឌ្រីមចំនួន ៥គ្រឿង និងម៉ាក់ស៊ុយស៊ូគីនិចចំនួន១គ្រឿង ហើយរូបខ្លួនបានលក់ម៉ូតូទាំងនោះឲ្យទៅប្រជាពលរដ្ឋនៅតំបន់នោះអស់ទៅហើយ។
ក្រោយស្តាប់ចម្លើយសារភាព សមត្ថកិច្ចបានស្រាវជ្រាវ និងដកហូតម៉ូតូទាំង៦គ្រឿងខាងលើបានមក វិញ។ ចំពោះម៉ូតូដែលបានដកហូតខាងលើ គឺមានម៉ូតូចំនួន៤គ្រឿង ដែលមានបណ្តឹងប្រជាពលរដ្ឋ។ ដោយឡែក ជនសង្ស័យឈ្មោះវឿន លន ក្រោយពីការសួរនាំ បានឆ្លើយសារភាពថា រូបគេពិតជាបានចូលរួម បើកម៉ូតូឌុបឈ្មោះ ទី ណាក់ ហៅឡូញ ធ្វើសកម្មភាព លួចម៉ូតូ របស់ប្រជាពលរដ្ឋពិតប្រាកដមែន។
ជនសង្ស័យទាំង៥នាក់ខាងលើ ត្រូវកម្លាំងជំនាញ កសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងនៅថ្ងៃទី២១ខែធ្នូនេះ៕