Home ព័ត៌មានសំខាន់ៗ គម្រោង​ស្តារ​...

គម្រោង​ស្តារ​បឹងបួរ​ធម្មជាតិ​ទៅដល់​កន្លែង​ណា​មានការ​តវ៉ា​នៅ​កន្លែង​នោះ​

 

ដោយៈ​ប​.​ខុន​/​ភ្នំពេញៈ​គម្រោង​ស្តារ​បឹងបួរ​ធម្មជាតិ​ចំនួន​២២​កន្លែង ដោយ​ក្រសួង​ធនធាន ទឹក និង​ឧតុនិយម​នៅ​ស្រុក​មុខកំពូល ខេត្តកណ្តាល ធ្វើ​ដល់​កន្លែង​ណា​មាន​ការតវ៉ា ពី​ពលរដ្ឋ​នៅ​កន្លែង​នោះ ដោយសារ​គម្រោង​នេះ​បាន​ប៉ះពាល់​ដល់​ការ​អាស្រ័យ​ផល​ជា​យូរ​មកហើយ​។​

​លោក​តុង ស៊ី​មី អភិបាលស្រុក​មុខកំពូល ខេត្តកណ្តាល បាន​ប្រាប់​ឱ្យ​រស្មីកម្ពុជា​នៅ​ថ្ងៃទី​២១ ខែធ្នូ ឆ្នាំ​២០២០​ថា ប្រជាពលរដ្ឋ​ដែល​បាននាំគ្នា​មក​ធ្វើ​ការតវ៉ា​សាលាស្រុក ទៅ​សាល​ខេត្ត និង​ទៅដល់​ក្រសួង​ធនធានទឹក គឺ​នៅពេល​បន្ទាប់ ពី​ក្រសួង​ធនធានទឹក និង​ឧតុនិយម​បាន​លើក​ប៉ាណូ​ស្តារ​ប្រឡាយ និង​មេទឹក ដោយ មិនមាន​ការកំណត់​ទំហំ​ការងារ​ច្បាស់លាស់ ធ្វើឱ្យ​ពលរដ្ឋ​ដែលជា​អ្នកកាន់កាប់​ដី នៅ​តំបន់​ក្បែរ​នោះ ព្រួយបារម្ភ​ខ្លាច​ប៉ះ​ដី​របស់​ពួកគេ ទើប​លើកគ្នា​មក​ធ្វើ​ការតវ៉ា​។​

​លោក​អភិបាលស្រុក​បញ្ជាក់ថា ដី​នៅក្នុង​ស្រុក​មុខកំពូល​នេះ គ្មាន​កន្លែង​ណាមួយ​នៅ​ទំនេរ គឺ​គេ​កាន់កាប់​អស់ហើយ​តាមរយៈ​ការលក់​ទិញ​ត​គ្នា​។ អ្នកខ្លះ មាន​ចំនួន​ដល់​រាប់រយ​ហិកតា តែ​រាល់​ការទិញ​លក់​នោះ​គ្មាន​ការបញ្ជាក់​ដឹងឮ​ពី​រដ្ឋបាល​ស្រុក​ទេ​។ អូរ​ព្រែក​បឹង​កន្លែង​ណា​ក៏មាន​ម្ចាស់​ដែរ​។

​លោក​តុង ស៊ីវ​មី និយាយ​ឱ្យដឹងទៀតថា​គម្រោង​ខាងលើនេះ​បើ​អនុវត្តបាន គឺ​ការពារ​បាន​ដី​បឹងបួរ មេទឹក​ដែលជា​សម្បត្តិ​សាធារណៈ តែ​បញ្ហា​នៅត្រង់ថា​ធ្វើ​ដល់​កន្លែង​ណា​មានការ​តវ៉ា​នៅ​កន្លែង​នោះ​។​
​ថវិកា​សម្រាប់​ជីក​ស្តារ​អូរ​ព្រែក និង​បឹង​មេទឹក​នេះ ត្រូវបាន​គេ​និយាយ​ឱ្យដឹងថា មាន​មិន​ខ្វះ តាមរយៈ​កម្មវិធី​គម្រោង​សាច់ប្រាក់​ពលកម្ម​ដែល​កំពុង​អនុវត្ត​នៅ ក្នុង​ខេត្ត​ចំនួន​១៥​នោះ គឺ​ការជីក​ស្តារ​ប្រឡាយ​ជើង​ក្អែប ដែល​កន្លែង​ខ្លះ​ជីក​ត​ចេញពី​ប្រឡាយ​មេ ប្រឡាយ​រង និង កន្លែង​ខ្លះ​ជីក​ចេញពី​តំបន់​មាន​ប្រភពទឹក​ធម្មជាតិ និង​ប្រភព​ទឹកភ្លៀង​។​

​ពាក់ព័ន្ធ​ទៅនឹង​គម្រោង ដែល​បានលើកឡើង​ភ្លាមៗ​អនុវត្ត​ភ្លាមៗ​នេះ កាល ពីថ្ងៃ​ទី​១៨ ខែធ្នូ ឆ្នាំ​២០២០ មាន​ប្រជាពលរដ្ឋ​មួយក្រុម​បាននាំគ្នា មកដល់​ក្រសួង​ធនធានទឹក​ក្បាលថ្នល់ ដោយ​កាន់​មកជា​មួយ​នូវ​ពាក្យស្នើសុំ​អន្តរាគមន៍​បញ្ឈប់​ការ អភិវឌ្ឍ​ជីក​ស្តារ​មេទឹក​នៅក្នុង​ឃុំរ​ការ​កោង​២, ស្វាយ​អំពារ​,​និង​ឃុំ​ព្រែក​ដំបង ស្រុក​មុខកំពូល បន្ទាប់ពី​បាន​ទៅ​ដាក់ពាក្យ​នៅ​សាលាស្រុក​មុខកំពូល និង​សាលា​ខេត្តកណ្តាល​រួចមក​។​

​ពាក្យសុំ​អន្តរាគមន៍​របស់​ប្រជាពលរដ្ឋ​ខាងលើ​ត្រូវបាន​មន្ត្រី​ក្រសួង​ធនធានទឹក និង​ឧតុនិយម ទទួល តែ​មិនទាន់មាន​លទ្ធផល​តប​យ៉ាងម៉េច​ទេ ដោយ​ត្រូវ​រង់ ចាំ​មន្ត្រី​ជំនាញ​បច្ចេកទេស​ចុះទៅពិនិត្យ​ដល់​មូលដ្ឋាន​ជាក់ស្តែង​ដែល​ក្រុមការងារ​របស់​ក្រសួង​កំពុង​អនុវត្ត​គម្រោង​។​

​ក្នុង​ពាក្យសុំ​ខាងលើ បាន​យោង​លិខិត​ប្រកា​សលេខ​១៤៧៧ ធ​ទ​ឧ និង​១៤ ៧៨​ធ​ទ​ឧ ចុះ​ថ្ងៃទី​១១ ខែ កញ្ញា ឆ្នាំ​២០២០ របស់​ក្រសួង​ធនធានទឹក​និង​ឧតុនិយម និង​បាន​រៀបរាប់ថា “​ពួកយើងខ្ញុំ ជា​ប្រជាពលរដ្ឋ​ដែល​កំពុង​កាន់កាប់​ដី កសិកម្ម និង លំនៅដ្ឋាន​(​ដី​ផ្លូវឆ្ការ​)​ដែល​ដី​ផ្លូវ ឆ្ការ​នេះ​មាន​ប្រវត្តិ ជា​ដី​កាន់កាប់​ដោយ​ពួកយើង តាំង ពី​ឆ្នាំ​១៩៨៨​មក​។ ដី​នេះ ជា​ដី​កសិកម្ម​ធម្មតា​ហើយ​ពួកយើងខ្ញុំ​បាន​លក់ អាចម៍ដី ឱ្យទៅ​ឈ្មួញ​ធ្វើ​ឡឥដ្ឋ​ដើម្បី​យក​ធ្វើជា​ស្រះ​ទឹក ដើម្បី​ប្រើប្រាស់​ទើប​មាន​ជម្រៅ​ជ្រៅ​ជាង​ដី​ធម្មតា មើលទៅ​ដូចជា​មេទឹក តែ​ដី​ទាំងអស់នេះ​ជា​ដីឯកជន​របស់​ពួកយើងខ្ញុំ​ទេ មិនមែន ជា​ដី​រួម​ឡើយ​។ ដី​នោះ​ស្ថិតនៅ​ឃុំ​រការ​កោង​២, ស្វាយ​អំពារ និង ឃុំ​ព្រែក​ដំបង ស្រុក​មុខកំពូល ដែល​បច្ចុប្បន្ន​ពួកយើងខ្ញុំ​កំពុង​ធ្វើ​កសិកម្ម និង​តាំង​លំនៅដ្ឋាន​នៅលើ​ដី​នោះ ដោយ​ពួកយើង​កំពុង​ធ្វើ​កសិកម្ម ដូចជា​ធ្វើ​ចម្ការ ចិញ្ចឹម ត្រី និង​តាំង​លំនៅដ្ឋាន ជាដើម ដោយមាន​ព័ត៌មាន​ថា​ខាង​ក្រសួង​ធនធានទឹក និង ឧតុនិយម នឹងធ្វើ​ការស្តារ​មេទឹក​លើដី​ដែល​ពួកយើង​បាន និង​កំពុង​កាន់កាប់​ជា​យូរយារ​ណាស់​មកហើយ​នេះ ដែល អាច​នឹង​ប៉ះពាល់​ដល់​ការ​អាស្រ័យ​ផល​លើដី​នេះ ដូចនេះ​ពួកយើងខ្ញុំ​ស្នើសុំ​ឱ្យ​លោក​រដ្ឋមន្ត្រី ជួយ​អន្តរាគមន៍​ដល់​អាជ្ញាធរ​ពាក់ព័ន្ធ មេត្តា​ពិនិត្យ និង​បញ្ឈប់​លើ​ការអភិវឌ្ឍ​ក្នុងការ​ស្តារ​ធ្វើ​មេទឹក​នេះ ដោយហេតុថា ដី​នេះ​មិនមែនជា​ដី ដែល​បម្រើ​ផលប្រយោជន៍​សាធារណៈ​សម្រាប់​សហគម​ន៍​យើងខ្ញុំ​នោះទេ​ហើយ​នៅ​ជិត​ដី​ផ្លូវឆ្ការ​នេះ​ក៏មាន​បឹង​ព្រែក​សម្រាប់​ស្តុក​ទឹក​ផងដែរ ពួកយើង​ដែលជា​ប្រជាពលរដ្ឋ​នៅ​សហគមន៍​នេះ​ក៏​មិនមាន​តម្រូវការ លើ​ការស្តារ​ធ្វើ ជា​មេទឹក​នោះទេ និង​ស្នើសុំ​លោក​រដ្ឋមន្ត្រី​មេត្តា​អនុញ្ញាតឱ្យ​ពួកយើងខ្ញុំ​បាន​បន្ត កាន់កាប់ និង​អាស្រ័យ​ផល​លើដី​ដែល​ក្រសួង​ធនធានទឹក​និង​ឧតុនិយម ចង់​ស្តារ ធ្វើ​មេទឹក​នោះ​ដោយ​អនុគ្រោះ​”​។​

​លិខិត​សុំ​អន្តរាគមន៍​ចុះ​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០២០ ដោយ​ពុំមាន​ការបញ្ជាក់​ពី មូលដ្ឋាន​នេះ មានឈ្មោះ និង​ស្នាម​មេដៃ​ប្រជាពលរដ្ឋ​ដែល​បាន​អះអាងថា​ជា​អ្នក​កាន់ កាប់​ដី​ខាងលើ​ចំនួន​៤៦​នាក់​។​

​គួរ​រំលឹក​ឱ្យដឹងថា​ក្រសួង​ធន​ថា​ន​ទឹក និង​ឧតុនិយម​កាលពី​ថ្ងៃទី​១១ ខែកញ្ញា ឆ្នាំ​២០២០ បាន ជម្រាប​ទៅ​ប្រធាន​មន្ទីរ​ធនធានទឹក និង​ឧតុនិយម ខេត្តកណ្តាល អំពី​ការស្តារ​បឹងបួរ អូរ​ធម្មជាតិ​ចំនួន​២២​កន្លែង ក្នុង​លិខិត​លេខ​១៤៧៨​ធ​ទ​ឧ បានសរសេរថា ដើម្បីឱ្យ​ក្រសួង​ធនធានទឹក និង​ឧតុនិយម ធ្វើការ​អនុវត្ត​ផែនការ ការងារ​រយៈពេល​វែង លើ​វិស័យ​ធា​រាស្ត្រ​ទទួលបាន​ជោគជ័យ ប្រកបដោយ​ប្រសិទ្ធភាព​ខ្ពស់ និង​មាន​និរន្តរភាព​នោះ ក្រសួង​ធនធានទឹក និង​ឧតុនិយម​នឹងធ្វើ​ការស្តារ​បឹងបួរ អូរ​ធម្មជាតិ​ចំនួន​២២​កន្លែង ក្រោម​ក្របខណ្ឌ​គម្រោង សាច់ប្រាក់​ពលកម្ម​សម្រាប់​អភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ​ជនបទ និង​ការគាំទ្រ​កសិករ សម្រាប់​ការកំណត់​ព្រំប្រទល់​បឹងបួរ អូរ​ធម្មជាតិ ដើម្បី​រក្សាទុក ជា​ទ្រព្យសម្បត្តិ​របស់​រដ្ឋ ដែល​ស្ថិតនៅ​ស្រុក​មុខកំពូល​ខេត្តកណ្តាល​។ ដូចនេះ ដើម្បីឱ្យ​ការងារ​ស្តារឡើងវិញ នូវ​បណ្តា​អនុ​គម្រោង​ខាងលើ​ប្រព្រឹត្តទៅ​បានល្អ និង​ទទួលបាន​ជោគជ័យ សូម​លោក​ប្រធាន​ចាត់វិធានការ​ជាមួយនឹង​អាជ្ញាធរ​ដែនដី ដែល​ពាក់ព័ន្ធ​គ្រប់លំដាប់​ថ្នាក់​ក្នុងការ​អនុវត្ត​គម្រោង​ខាងលើ​រួមមាន​លោក​អភិបាលស្រុក​មេឃុំ ប្រធានភូមិ ដើម្បី​ធ្វើការ​សហការ​ជាមួយនឹង​ផ្នែក​គ្រប់គ្រង​គម្រោង​របស់​ក្រសួង​ក្នុងការ​អនុវត្ត សកម្មភាព​ការងារ​ស្តារ​បឹងបួរ អូរ​ធម្មជាតិ​ឱ្យ​សម្រេច បានល្អ​ប្រសើរ​ប្រកបដោយ ប្រសិទ្ធភាព​ខ្ពស់ និង​មាន​និរន្តរភាព​។​

​គម្រោង​ខាងលើនេះ​អនុវត្តបាន​កន្លែង​មួយចំនួន​ហើយដោយ​ប្រើប្រាស់ គ្រឿងចក្រ មិនឃើញ​មានប្រើ​ប្រាស់​កម្លាំង​ពលកម្ម ដូច​ក្នុង​កម្មវិធី​គម្រោង​សាច់ ប្រាក់​ពល កម្ម​នោះទេ​កន្លែង​ដែល​បាន​អនុវត្ត​តវ៉ា គឺមាន​ការតវ៉ា​៕​សរន

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular